Ad Code

ជួសជុល​ម៉ូ​ទ័​រ​បូមទឹក​មិន​ប្រុងប្រយ័ត្ន ​ត្រូវ​ចរន្ដ​ភ្លើងឆក់​ស្លាប់



ភ្នំពេញ ​៖ ​ដោយសារ​តែ​ម៉ូទ័រ​​បូម​ទឹក​លាង​រថយន្ត​ ​​ ​ចេញ​តិចៗ​ពេក​ ជនរងគ្រោះ​បាន​ជួសជុល​ម៉ូទ័រ​នោះ ​តែ​មិនបាន​ដក​ឌុយ​ចេញ​ ឬ​ បិទ​កុងតាក់​ភ្លើង​ទេ​ នៅ​ពេល​កំពុងតែ​ដោះ​ជួសជុល​ក៏​ឆ្លង​ចរន្ត​ឆក់​ដេក​ដួល ​ហើយ​​​ដាច់​ខ្យល់​ស្លាប់​ ​​ តាម​ផ្លូវ​ទៅ​មន្ទីរពេទ្យ​ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៨ ​នៅ​ក្នុង​ហ្គា​រ៉ា​ស់​ជួសជុល​រថយន្ត​ស្ថិតនៅ​ក្នុង​ភូមិ​សំរោង ​សង្កាត់​សំរោងក្រោម​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។



បុរស​ដែល​ស្លាប់​មានឈ្មោះ អ៊ុង សុខឿន អាយុ​៣៥​ឆ្នាំ​មុខរបរ បើកបរ​រថយន្ត មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ប្រស់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​ សព្វថ្ងៃ​ស្នាក់​កន្លែង​កើតហេតុ​ខាងលើ ​ចំណែក​បុរស​ម្នាក់ទៀត​មិន​ស្គាល់ឈ្មោះ​ត្រូវ​ចរន្ត​អគ្គិសនី​ឆក់​ដែរ​ ប៉ុន្តែ​មិន​ស្លាប់​គ្រាន់តែ​រង​របួស​ស្រាល​ប៉ុណ្ណោះ។



តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុនពេល​កើតហេតុ​បុរស​ខាងលើ​បាន​ជួសជុល​ម៉ូ​ទ័​រ​សម្រាប់​បូមទឹក​បាញ់​លាង​រថយន្ត​ ព្រោះតែ​ម៉ូ​ទ័​រ​នោះ​ចេញ​ទឹក​តិច​ពេក ប៉ុន្តែ​ពេល​ជួសជុល​មិនបាន​ដក​ឌុយ​ចេញពី​ព្រី​ឬ​បិទ​កុងតាក់​ជា​មុន​សិន​ទេ ​ហើយក៏​មិនបាន​ដឹងថា​ ម៉ូ​ទ័​រ​នោះ​ឆ្លងភ្លើង​ដែរ ខណៈ​ដែល​គាត់​យកដៃ​ទៅកាន់​ម៉ូ​ទ័​រ​នោះ​ក៏​ស្រាប់តែ​ត្រូវបាន​ចរន្ត​អគ្គិសនី​ឆក់​បណ្ដាល​ឲ្យ​ដួល​ដេក​នៅ​នឹង​កន្លែង។



ចំណែក​បុរស​ដែល​ជា​អ្នក​រួម​ការងារ​ម្នាក់ទៀត​របួសស្រាល​ផង​ដែរ បន្ទាប់មក​មិត្តភក្ដិ​រួម​ការងារ​បាន​រត់​ទៅ​ដក​ឌុយ​ចេញ​ព្រមទាំង​ដឹក​យក​បុរស​នោះ​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ ​ប៉ុន្តែ​ជា​អកុសល​នៅពេល​ដឹក​ចេញ​បាន​ចម្ងាយ​ប្រមាណ​៣​គីឡូម៉ែត្រ​ពី​កន្លែង​កើតហេតុ​ក៏បាន​ស្លាប់​តែម្ដង​ ទើប​ដឹក​សព​ត្រឡប់​ក្រោយ​វិញ​ ហើយ​រាយការណ៍​ជូន​នគរបាល​ឲ្យ​ចុះ​ទៅ​ពិនិត្យ​ដើម្បី​ធ្វើ​កំណត់ហេតុ​យក​សព​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu