បន្ទាយមានជ័យ ៖ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ស្លាប់២នាក់ក្នុងស្រុក២ផ្សេងពីគ្នា។
ករណីទី១ នៅវេលា៩យប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នៅលើផ្លូវលំក្រាលបេតុង បរិវេណកាស៊ីណូ ត្រង់ចំណុចខាងមុខកាស៊ីណូវីនសួរ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យមានករណីគ្រោះថ្នាក់ចរាចរណី១ បានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1F-5364 បើកដោយឈ្មោះ សាំង គឹមលាង ភេទប្រុស អាយុ៧៣ឆ្នាំ រស់នៅក្នុងភូមិ ក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើកពីជើងទៅត្បូងបើកមកដល់ត្រង់លើផ្លូវលំក្រាលបេតុង បរិវេណកាស៊ីណូ ស្រាប់តែមានម៉ូតូ១គ្រឿងបើកពីជើងទៅត្បូងស្របទិសគ្នាបានកៀរម៉ូតូខាងលើបណ្តាលឲ្យដួលបោកទៅលើថ្នល់ជាតិធ្វើឲ្យឈ្មោះ សាំង គឹមលាង ស្លាប់នៅកន្លែងកើតហេតុ ចំណែកម៉ូតូបង្កបើករត់គេចខ្លួនបាត់។
សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះសព ចំណែកម៉ូតូសមត្ថកិច្ចបានយកទៅរក្សាទុកនៅអធិការដ្ឋានក្រុងប៉ោយប៉ែត ដើម្បីប្រគល់ទៅឲ្យក្រុមគ្រួសារនៅពេលក្រោយ។
ចំណែកករណីទី២កើតឡើងនៅវេលាម៉ោង៦ព្រឹកថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅចំណុចខាងកើតមណ្ឌលសុខភាព ឃុំស្ពានស្រែង ចម្ងាយ១៣០ម៉ែត្រស្ថិតក្នុងភូមិកណ្តោល ឃុំស្ពានស្រែង ស្រុកភ្នំស្រុក។
លោកវរសេនីយ៍ត្រី ស៊ិន ដៀប មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រុកភ្នំស្រុកបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុមានម៉ូតូ១គ្រឿងម៉ាកហុងដាវ៉េវ ពណ៌ខៀវ ស៊េរីឆ្នាំ២០០៣គ្មានស្លាកលេខ បើកដោយឈ្មោះហៃជោគជ័យ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិបាក់ផ្កា ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ជិះពីកើតមកលិចទំនងស្រវឹងខ្លាំងបានជិះទៅបុកដើមឈើដែលដុះតាមដងផ្លូវលំបណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ក្រោយពីកើតហេតុរួចសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
Source: Kampuchea Thmey Daily
0 Comments