អាជ្ញាធរម៉ាឡេស៊ី ដែលស៊ើបអង្កេតមូលនិធិរដ្ឋ 1Malaysia Development Berhad (1MDB) កំពុងតែពិចារណាលើការចោទប្រកាន់អតីតនាយករដ្ឋមន្ត្រីលោក Najib Razak ពីបទលាងលុយកខ្វក់ និងកេងយកទ្រព្យសម្បត្តិ។ នេះបើតាមការឲ្យដឹងពីប្រភពដែលជិតស្និទ្ធនឹងបញ្ហានេះ។
លោក Najib ដែលបានបង្កើតមូលនិធិ 1MDB ក្នុងឆ្នាំ២០០៩គឺជាប្រធានបទនៃការស៊ើបអង្កេតអំពីការលាងលុយកខ្វក់ និងអំពើពុករលួយ បន្ទាប់ពីមានរបាយការណ៍ថា ទឹកប្រាក់រាប់លានដុល្លារចេញពីមូលនិធិនេះនិងអតីតក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនឈ្មោះ SRC International គឺបានចូលទៅក្នុងគណនីធនាគារផ្ទាល់ខ្លួនរបស់គាត់។
អគ្គមេធាវីថ្មីរបស់ប្រទេសម៉ាឡេស៊ីលោក Tommy Thomas បាននិយាយកាលពីថ្ងៃអង្គារថា ការិយាល័យរបស់គាត់កំពុងសិក្សាសកម្មភាពព្រហ្មទណ្ឌនិងរដ្ឋប្បវេណីដែលអាចធ្វើទៅបានបន្ទាប់ពីបានទទួលឯកសារស៊ើបអង្កេតលើ 1MDB ពីគណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) ។
ប្រភពមួយដែលជិតស្និទ្ធនឹងការស៊ើបអង្កេតបានប្រាប់រ៉យទ័រថា លោក Najib អាចត្រូវបានចោទប្រកាន់ពីបទកេងប្រវ័ញ្ចមិនត្រឹមត្រូវលើទ្រព្យសម្បត្តិក្រោមក្រមព្រហ្មទណ្ឌរបស់ម៉ាឡេស៊ី។
បទល្មើសនេះត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារអតិបរមា៥ឆ្នាំហើយពិន័យជាប្រាក់និងវាយនឹងរំពាត់។ ប៉ុន្តែច្បាប់នេះហាមឃាត់បុរសដែលមានអាយុលើសពី៥០ឆ្នាំពីការវាយនឹងរំពាត់។
ការផាកពិន័យជាប្រាក់ណាមួយនឹងត្រូវសម្រេចដោយតុលាការអាស្រ័យលើបទល្មើសនិងចំនួនប្រាក់ដែលបានកេងប្រវ័ញ្ច។
យោងតាមប្រភពដដែលបានឲ្យដឹងថា លោក Najib ក៏អាចប្រឈមនឹងការចោទប្រកាន់ពីបទលាងលុយកខ្វក់ផងដែរដែលនឹងត្រូវជាប់ពន្ធនាគារអតិបរមា១៥ឆ្នាំនិងពិន័យជាប្រាក់មិនតិចជាងប្រាំដងនៃតម្លៃនៃការលាងលុយកខ្វក់នោះទេ។
ឥឡូវនេះវាអាស្រ័យទៅលើអគ្គរដ្ឋអាជ្ញាដើម្បីសម្រេចថាតើត្រូវទទួលយកអនុសាសន៏នេះដែរឬក៏អត់ឬដាក់ការចោទប្រកាន់ផ្សេងឬអំពាវនាវឲ្យមានការស៊ើបអង្កេតបន្ថែមទៀត៕ REUTERS
Source: Kampuchea Thmey Daily
0 Comments