ភ្នំពេញ ៖ បុរសកំណាច ដែលប្រើហិង្សាវាយទាត់ធាក់កូនប្រុសតូច រួចបង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យអ្នកលេងហ្វេសប៊ុកខឹងសម្បា រួចសំណូមពរឲ្យសមត្ថកិច្ចចាត់វិធានការណ៍តាមផ្លូវច្បាប់នោះ ឥឡូវត្រូវបានចាប់ខ្លួននាថ្ងៃទី១៥ ខែមិថុនា នេះហើយ។
តាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានខណ្ឌមានជ័យបានឲ្យដឹងថា នាថ្ងៃទី១៥ ខែមិថុនានេះ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃអគ្គស្នងការនគរបាលជាតិដឹកនាំដោយលោកវរសេនីយ៍ឯក លៅ លីន នាយការិយាល័យការពារអនីតិជន ដោយមានការសម្របសម្រួលពីលោកសៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះចាប់ខ្លួនឈ្មោះ ហ៊ិន សុផាន់ណា ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅផ្ទះលេខ៧៣ផ្លូវព្រះមុនីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការធ្វើទារុណកម្មលើកូនប្រុសបង្កើត អាយុទើប៥ឆ្នាំ រួចបង្ហោះតាមសង្គមហ្វេសប៊ុក ចែកចាយតគ្នាពេញទូទាំងប្រទេស ដែលការធ្វើទារុណកម្ម បង្កឲ្យអ្នកលេងហ្វេសប៊ុកសឹងទប់កំហឹងពុំបាន និងអំពាវនាវឲ្យមានការចាប់ខ្លួន ព្រោះវាធ្វើឲ្យភាពសាហាវនេះ អាចបង្រៀនដល់មនុស្សដទៃទៀត។
សមត្ថកិច្ចនិយាយថា ក្មេងប្រុសដែលបុរសរូបនេះវាយធ្វើបាបគឺជាកូនបង្កើតរបស់ជននេះ ហើយក្មេងប្រុសឈ្មោះហេង ឡិថុន អាយុ៥ឆ្នាំ។ សមត្ថកិច្ចបន្តថា មកដល់ពេលនេះជនសង្ស័យកំពុងធ្វើការសួរនាំដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដោយពុំលើកលែងឡើយ។ ព្រោះសូម្បីតែនៅពេលសមត្ថកិច្ចចាប់បានភ្លាមៗ គឺមានបងប្អូនអ្នកលេងសង្គមហ្វេសប៊ុកចង់សុំជួបមុខជនជាឪពុកនេះខ្លាំងណាស់ តែរារាំងដោយសមត្ថកិច្ច៕
Source: Kampuchea Thmey Daily
0 Comments