អ្នកប្រដាល់ម៉ន ព្រហ្មម៉ាញ ក្លិបការិយាល័យទី៥ កងទ័ពជើងគោក បានវាយឈ្នះអ្នកប្រដាល់លីន វិរៈ ក្លិបបូរីរាជសីហ៍មានរិទ្ធដោយពិន្ទុ ក្នុងការប្រកួតជម្រុះជុំដំបូងនៃការប្រកួតជម្រុះពានរង្វាន់Knock Out series by K.cement ទម្ងន់៦០គីឡូក្រាម កាលពីយប់ថ្ងៃសោរិ៍ទី០៩ ខែមិថុនា ឆ្នាំ២០១៨ លើសង្វៀន TV5 ព្រែកកំពឹស។
លីន វិរៈ គេវាយចាញ់ម៉ន ព្រហ្មម៉ាញ ដាច់តែម្តង ។ នៅក្នុងទឹកទី១ លីន វិរៈ ត្រូវម៉នព្រហ្មម៉ាញ វាយត្រូវឡើងចង់វង្វេងទិស តែយ៉ាងណាដោយសារ វិរៈ គេមានស្មារតីរឹងមាំ គឺខំប្រឹងតស៊ូទប់ការវាយប្រហារ ព្រមទាំងវាយសងទៅលើម៉នព្រហ្មម៉ាញ ខ្លះៗវិញដែរ ។លីន វិរៈ គេប្រកួតរហូតដល់ចប់ទឹកទី៣ និងចាញ់ម៉ន ព្រហ្មម៉ាញ ត្រឹមពិន្ទុប៉ុណ្ណោះ ។
គួរបញ្ជាក់ថា ការប្រកួតជម្រុះក្នុងដំណាក់ទី១នេះ គឺប្រកួតបីទឹក ក្នុងមួយទឹកមាន៣នាទី សំរាក២នាទី អ្នកដែលចាញ់គឺត្រូវជ្រុះធ្លាក់ហាលអាវហើយ ។
ដូច្នេះ លីន វិរៈ គេត្រូវជ្រុះធ្លាក់ចេញពីការប្រកួតជម្រុះពានរង្វាន់Knock Out series by K.cement ទម្ងន់៦០គីឡូក្រាម ត្រឹមដំណាក់កាលទី១នេះ ។ ឯ ម៉ន ព្រហ្មម៉ាញ គេនឹងត្រូវនៅបន្តការប្រកួតក្នុងដំណាក់កាលទី២ទៀត ។
ចំណែក លាភ រដ្ឋា អ្នកប្រដាល់ក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យ គេក៏បានវាយឈ្នះ ចាន់ រក្សា អ្នកប្រដាល់ក្លិបអេភូថងកីឡា ដោយពិន្ទុដែរ ក្នុងការប្រកួតជម្រុះដំណាក់កាលទី១នេះ ។ចាន់ រក្សា ត្រូវលាភ រដ្ឋា ដាល់ដួលក្នុងទឹកទី២ ត្រូវអាជ្ញាកណ្តាលរាប់៨ ។តមកទៀត ក្នុងទឹកទី៣ ត្រូវរដ្ឋាទាត់អោយខូចជើងឆ្វេង ត្រូវអាជ្ញាកណ្តាលរាប់៨ម្តងទៀត។ប៉ុន្តែយ៉ាងណា ចាន់ រក្សា គេនៅបន្តការប្រកួតរហូតដល់ចប់ទឹក និងចាញ់ត្រឹមពិន្ទុប៉ុណ្ណោះ ។
ជាមួយនឹងជ័យជម្នះនេះ លាភ រដ្ឋា គេនៅបន្តការប្រកួតទៀតនៅក្នុងដំណាក់កាលទី២បន្តទៀត ឯ ចាន់ រក្សា ត្រូវជ្រុះធ្លាក់ត្រឹមនេះ ។
ការប្រកួតដណ្តើមពានរង្វាន់Knock Out series by K.cement ទម្ងន់៦០គីឡូក្រាមនេះ មានអ្នកប្រដាល់ចំនួន៣២នាក់ មកពីតាមបណ្តាក្លិប អង្គភាពស្ទើរតែពេញប្រទេសចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ ។ការប្រកួតជម្រុះចម្រាញ់រកកីឡាករដែលខ្លាំងនោះ នឹងធ្វើជា៣ដំណាក់កាល ដោយក្នុងចំណោម៣២នាក់ ក្នុងដំណាក់ទី១ចម្រាញ់ទុក១៦នាក់ ដំណាក់កាលទី២ ទុក៨នាក់ ដែលជាអ្នកឈ្នះសម្រាប់បន្តការប្រកួតក្នុងដំណាក់កាលទី៣ ដែលជាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង ផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមខ្សែក្រវាត់ជើងឯក ។
ដោយឡែក ការប្រកួតជាលក្ខណះមិត្តភាពអន្តរជាតិវិញ ង៉ែត្រ រដ្ឋា អ្នកប្រដាល់កម្ពុជា ក្លិបតាព្រហ្មមានជ័យ បានវាយចាញ់អ្នកប្រដាល់ថៃPic Ka ដោយពិន្ទុ បន្ទាប់ពីប្រកួតគ្នាប្រាំទឹកនោះ ។
ង៉ែត្រ រដ្ឋា ចាញ់Pic Ka ដាច់តែម្តង៥ទល់០ ដោយចៅក្រមទាំង៥រូប បានផ្តល់ពិន្ទុឲ្យPic Kaឈ្នះទាំងអស់ ។ រដ្ឋា ត្រូវអាជ្ញាកណ្តាលរាប់៨ក្នុងទឹកទី៤ ក្រោយពីPic Ka ដាល់ត្រូវមុខមួយដៃ ដួលអុកគូទនោះ ។
ចំណែក មាជ សុខរ៉ា អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យ គេបានផ្តួលខាំ ផាន់នី អ្នកប្រដាល់ក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យអោយសន្លប់ក្នុងទឹកទី៤ ដោយការដាល់ចំមុខមួយដៃពេញទំហ៊ឹង ។ ខាំ ផាន់នី ក្នុងទឹកទី៣ ក៏រាប់៨ម្តងដែរ ដោយត្រូវនឹងជង្គង់របស់មាជ សុខរ៉ា៕
Source: Kampuchea Thmey Daily
0 Comments