ស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ជាបេក្ខជនឈរឈ្មោះអ្នកតំណាងរាស្ត្រពេញសិទ្ធិមណ្ឌលស្វាយរៀងអាណត្តិទី៦ បានជំរុញអោយសមាជិកសមាជិកាបក្សទូទាំងខេត្តស្វាយរៀង បន្តចុះផ្ទាល់ដល់មូលដ្ឋានប្រជាពលរដ្ឋដើម្បីបម្រើផលប្រយោជន៍ពិតៗជូនពួកគាត់។
លោកជំទាវកិត្តិសង្គហបណ្ឌិតថ្លែងបែបនេះ ខណៈអញ្ជើញចុះជួបសំណេះសំណាល ជាមួយសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀងចំនួន៨៣២នាក់ នាព្រឹកថ្ងៃអាទិត្យ ទី១២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធី ទាំងមូលផងដែរ។ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានថ្លែងបន្តថា ក្នុងរយៈពេល ៣៩ឆ្នាំ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានដឹកនាំប្រទេស បានការពារប្រទេស ស្តារកសាងប្រទេសជាតិឡើងវិញពីលេខ សូន្យ មកជាប្រទេសដែលមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ បានធ្វើឲ្យអង្គការចាត់តាំងរបស់ ខ្មែរក្រហម ត្រូវរលំរលាយទាំងស្រុង។ លោកជំទាវក៏បានលើកឡើងផងដែរ នូវ មនុស្ស ផ្លូវ ទឹក ភ្លើង ដែលជាកត្តាដ៏សំខាន់បំផុត ដែលត្រូវបានរាជរដ្ឋាភិបាលបាយកយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងន័យជួយសម្រួលដល់ការអភិវឌ្ឍន៍ដល់មូលដ្ឋាន។
លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានផ្តាំផ្ញើរជូនដល់សមាជិកសមាជិការបក្សទាំងអស់ត្រូវអនុវត្តន៍ខ្លឹមសារដូចជា
១. មិនត្រូវឲ្យមានបងតូច បងធំ ការធ្វើកូដកម្ម និងបាតុកម្មផងនៅក្នុងរោងចក្រ ដើម្បីរក្សានូវតម្លៃនៃការវិនិយោគនៅក្នុងមូលដ្ឋាន។
២. ត្រូវរួមគ្នា ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ ថែរក្សាស្ថិរភាពនយោបាយ ថែរក្សាការពារនូវសមិទ្ធផល ដែលបាន ពីការខិតខំរបស់រាជរដ្ឋាភិបាល ហើយនិងត្រូវខិតខំដោះស្រាយនូវការលំបាក និងបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
៣. ត្រូវចលនាដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនក៏ដូចជាបងប្អូននៅក្នុងក្រុមគ្រួសារឲ្យទៅចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខឲ្យបានគ្រប់គ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៅអាណត្តិទី៦ និងអាណត្តិបន្តបន្ទាប់ទៀត ដើម្បីសុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសជាតិ៕
Source: Kampuchea Thmey Daily
0 Comments