ភ្នំពេញ ៖ រថយន្ត ឡិចស៊ីស 400H មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AA-4333 បើកបរដោយបុរសម្នាក់ ទៅព្រលះរបាំងថ្មទ្រូងផ្លូវបណ្ដាលឲ្យខូចអស់២កង់ និងខូចខាតរថយន្តផ្នែកខាងមុខ បន្ទាប់មក គេបានឃើញបុរសម្នាក់ ស្លៀកពាក់ស៊ីវិល ដែលគេស្គាល់ថា ជាអធិការរងនគរបាលខណ្ឌទទួលគោក បានចេញមកអះអាង និងហាមឃាត់អ្នកកាសែត មិនឲ្យផ្ដិតយករូបភាពមកធ្វើការផ្សាយឡើយ។
គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ត ឡិចស៊ីស 400h ដែលបុករះបំផ្លាញទ្រព្យសម្បត្តិសាធារណៈនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម ចំណុចជិតស្តុបដេអិន ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្ត ឡិចស៊ីស 400h ខាងលើ ដែលបើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីកើតទៅលិច។ លុះពេលរថយន្តនេះ បើកដល់ចំណុចកើតហេតុ ត្រង់ស្តុបដេអិន ក៏បានរេចង្កូតជ្រុលទៅបុករបាំងថ្មកណ្ដាលទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យខូច ខ្ទាតចេញពីជួរអស់ចំនួន២កង់ ខណៈរថយន្តរងការខូចខាតផ្នែកខាងមុខ ប៉ុន្តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ។
ក្រោយការបុករះរបាំងថ្មបានប៉ុន្មាននាទី អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋក៏បានចោមរោម ហើយគេក៏បានឃើញសមត្ថកិច្ចស្លៀកពាក់ស៊ីវិលម្នាក់ ដែលគេស្គាល់ថា ជាអធិការរងនគរបាលខណ្ឌទួលគោក ទទួលបន្ទុកចរាចរណ៍ ព្រះនាម សកល១១ បានចុះដល់កន្លែងកើតហេតុដូចគ្នា និងហាមអ្នកកាសែតមិនឲ្យធ្វើការថតផ្ដិតយករូបភាព ឬវីដេអូមកផ្សព្វផ្សាយជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះឡើយ។ ករណីនេះ បានកើតជាចម្ងល់ដល់មហាជន ជាពិសេសក្រុមអ្នកកាសែតតែម្ដង ហេតុអ្វីអធិការរងរូបនេះ ហាមឃាត់អ្នកកាសែតមិនឲ្យថត?។
ទោះជាបែបណា ក្រោយពេលកើតហេតុ ដោយមានការសម្របសម្រួលពីសមត្ថកិច្ច ព្រមទាំងរបាំងថ្មដែលខ្ទាតចេញពីផ្លូវ ត្រូវបានរៀបដាក់កន្លែងដូចដើមវិញ សមត្ថកិច្ចក៏បានអនុញ្ញាតឲ្យម្ចាស់រថយន្ត ទាក់ទងហៅរថយន្តស្ទូចរថយន្តបង្កនោះ ចេញពីកន្លែងកើតហេតុ ដើម្បីបញ្ចប់រឿងតែម្ដង៕
Source: Kampuchea Thmey Daily
0 Comments