បាត់ដំបង ៖ យុវជនម្នាក់ ដែលប្រជាពលរដ្ឋជាច្រើនបានដឹងថា គឺជាមនុស្សធ្លាប់ប្រើប្រាស់ថ្នាំញៀន រហូតត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅកាន់មណ្ឌលកែប្រែផងនោះ បានដាច់ចិត្តធ្វើអត្តឃាតខ្លួនឯង ដោយគេបានប្រើប្រាស់រណាសម្រាប់អារឈើ យកមកអារ កខ្លួនឯងទៅវិញ បណ្តាលអោយស្លាប់យ៉ាងវេទនាជាទីបំផុត។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុច អូរតាចាន់ ក្នុងភូមិសាស្ត្រ ភូមិអូរល្មូន ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដោយជនរងគ្រោះមានឈ្មោះ វ៉ាត អ៊ុត ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅ នៅនឹង កន្លែងកើតហេតុតែម្តង។
បើតាមក្រុមគ្រួសារ សាច់ញាតិ បានលើកឡើងថា កន្លងមកជនរងគ្រោះធ្លាប់បានទៅធ្វើការនៅខេត្តសៀមរាប ហើយក៏ជាមនុស្សធ្លាប់ប្រើប្រាស់ គ្រឿងញៀនរហូតបែកថ្នាំអត់លែងបានផង ទើបត្រូវសមត្ថកិច្ចចាប់បញ្ជូនទៅមណ្ឌលកែប្រែនៅខេត្តសៀមរាប ម្តងរួចមកហើយ ដោយម្នាក់ៗគិតថា គេអាចក្លាយខ្លួនជាមនុស្សធម្មតាឡើងវិញ។
ប្រភពដដែលបានបន្តថា ផ្ទុយទៅវិញ ក្រោយចេញពីមណ្ឌលកែប្រែមកលំនៅឋានវិញ បានរយៈពេលតែ ៤ ថ្ងៃប៉ុណ្ណោះ ស្រាប់តែជនរងគ្រោះបានធ្វើអត្តឃាតខ្លួនឯង ដោយគេបានយករណាសម្រាប់កាត់ឈើ មកកាត់ កខ្លួនឯងបណ្តាលអោយដាច់បំពង់ ក ស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មជាទីបំផុត។
ក្រោយពេលសមត្ថកិច្ចបានធ្វើការចុះត្រួតពិនិត្យទៅលើភិនភាគសពរួចមក ទើបធ្វើការប្រគល់សព ទៅអោយក្រុមគ្រួសារ និងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments