Ad Code

កូន​ត្រី ​និង​ត្រី​មេ​ពូជ​ចម្រុះ​ ប្រមាណ​ជាង ​១​លាន​ក្បាល ត្រូវ​បាន​លែង​ចូលក្នុង​កសិណ​អង្គរ



សៀមរាប ​៖ ​​លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ​បាន​លើក​ឡើង​​​ក្នុង​ពិធី​ប្រារព្ធ​ទិវា​មច្ឆជាតិ ​កាលពី​ព្រឹក​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៨ នៅ​កសិណ​អង្គរវត្ត រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌​-​ប្រវត្តិសាស្ត្រ​នៃ​កម្ពុ​ជានា​ខេត្តសៀមរាប ​ថា ឆ្នាំនេះ គឺជា​ឆ្នាំ​ទី​១៦ នៃ​ការ​ប្រារព្ធ​ទិវា​មច្ឆជាតិ កូន​ត្រី និង ត្រី​មេ​ពូជ​ចម្រុះ​ក្នុងស្រុក​ប្រមាណ​ជាង​១​លាន​ក្បាល ​ត្រូវ​បាន​លែង​ចូលក្នុង​កសិណ ឬ គូ​ទឹក​អង្គរវត្ត។ កូន​ត្រី​និង ត្រី​មេ​ពូជ​ក្នុងស្រុក​ទាំងនោះ រួមមាន​ប្រភេទ​ត្រី​ឆ្ពិន ត្រី​ព្រលូង ត្រី​ក្រ​ហែ ត្រី​ប្រា និង ត្រី​កន្ធរ។​ល​។ ជាមួយ​នោះ​រួមមាន​ប្រភេទ​វា​រី​សត្វ ដែល​កំពុង​រងគ្រោះ​ផុត​ពូជ ដូចជា​ត្រី​គល់រាំង អណ្តើក កន្ធាយ និង​កង្កែប ក៏​ត្រូវ​បាន​លែង​ចូលក្នុង​កសិណ​អង្គរ ផងដែរ។

ការលែង​ត្រី និង វា​រី​សត្វ​ទាំងនេះ​ចូលក្នុង​កសិណ ឬ គូ​ទឹក​អង្គរវត្ត ដោយ​ស្ថិត​ក្នុងការ​ប្រមើល​ មើល​ឃើញថា ទៅ​ថ្ងៃ​អនាគត ក្នុង​តំបន់​អង្គរ នឹង​សម្បូរ​ទៅដោយ​ពូជ​មច្ឆជាតិ​ចម្រុះ ព្រមជាមួយ​នឹង​ការ​រីកសាយ​ទៅកាន់​តំបន់​ផ្សេងៗ​ទៀត​តាម​ប្រព័ន្ធ​បារាយណ៍​ក្នុង​តំបន់​អង្គរ និង អាច​ចរាចរណ៍​ចូលទៅ​ដល់​ដែន​នេសាទ​ដទៃទៀត​ដែរ ដែល​អាច​បំពេញ​ត្រូវការ​របស់​ប្រជាពលរដ្ឋ ក្នុង​ទឹកដី​អង្គរ​នេះ។​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មានប្រសាសន៍ថា​ ៖ ​ទិវា​មច្ឆជាតិ ( ០១​កក្កដា ) មាន​អត្ថន័យ​ដល់​ការ​បំផុស​ចលនា​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប ឲ្យ​បាន​ជ្រាប អំពី​សារៈសំខាន់​នៃ​ធនធាន​ជលផល ដើម្បី​ចូលរួម​ថែរក្សា​ និង​អភិរក្ស​ពូជ​ត្រី​ក្នុងស្រុក ជាពិសេស​ប្រភេទ​ត្រី​កំពុង​រងគ្រោះ។ ជាមួយនេះ វា​ក៏​មានន័យ​សំខាន់​ទៀត​ដែរ នោះ​គឺ​បំផុស​ឲ្យ​មានការ​ចូលរួម​ទាំងអស់​គ្នា លើ​ការងារ​អភិរក្ស​ជីវៈ​ចម្រុះ​ផ្សេងៗ​ទៀត​ឲ្យ​បាន​គង់វង្ស ដើម្បី​ធានា​និរន្តរភាព​ធនធាន​ជលផល សម្រាប់​ការ​ផ្តត់ផ្គង់​ជីវភាព ធានា​សន្តិសុខ​ស្បៀង និង​កាត់បន្ថយ​ភាព​ក្រីក្រ របស់​ប្រជាជន។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បញ្ជាក់​ថា​ ៖ ​ក្នុង​ស្ថានភាព​នៃ​កំណើន​តម្រូវការ​ស្បៀងអាហារ ដោយ​រត់​តាម​កំណើនសេដ្ឋកិច្ច​៧% ក្នុង​១​ឆ្នាំ និង កំណើនប្រជាជន​នា​ពេល​បច្ចុប្បន្ន រាជរដ្ឋាភិបាល​បាន​ចាត់ទុក​វិស័យ​កសិកម្ម​ជា​វិស័យ​អាទិភាព​មួយ ក្នុង​នោះ​អនុ​វិស័យ​ជលផល នៅតែ​ដើរ​តួនាទី​យ៉ាង​សំខាន់​ផង​ដែរ ក្នុង​ការ​ចូលរួម​ចំណែក រក្សា​និរន្តរភាព​នៃ​កំណើនសេដ្ឋកិច្ច ធានា​សមធម៌ ធានា​សុវត្ថិភាព សន្តិសុខ​ស្បៀង និង ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ ហើយក៏​ជា​បណ្តាញ​មួយ​នៃ​សុវត្ថិភាព​សង្គម ដែល​មាន​ប្រជាជន​ជាច្រើន មាន​មុខរបរ​ពាក់ព័ន្ធ​ទៅ​នឹង​អនុ​វិស័យនេះ។

ដោយ​ពិតណាស់ថា នៅក្នុង​ដំណាក់កាល​ ដែល​សេដ្ឋកិច្ច​កម្ពុជា​កំពុង​អភិវឌ្ឍ​ឈានឡើង តែ​ត្រី និង វា​រី​ជាតិ​ផ្សេងៗ​ទៀត ស្ថិត​តែ​នៅ​ជា​អាហារ​យ៉ាងសំខាន់​មិនអាច​ខ្វះ​បាន​របស់​ប្រជាជន​ខ្មែរ​យើង បន្ទាប់ពី​ស្រូវ​-​អង្ករ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu