Ad Code

អាជ្ញាកណ្ដាល​បាល់ទាត់​កម្ពុជា លោក លឹម ប៊ុនធឿន កំពុង​ដឹកនាំ​ក្នុង​ប្រកួត​ពានរង្វាន់​2018 Alpine Cup នៅ​មី​យ៉ាន់​ម៉ា



លោក លឹម ប៊ុនធឿន អាជ្ញាកណ្ដាល​បាល់ទាត់​មកពី​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តកំពង់ធំ ដែលជា​សមាជិក​អាជ្ញាកណ្ដាល​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក (FIFA) ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​មី​យ៉ាន់​ម៉ា អញ្ជើញ​ឲ្យ​ចូលរួម​ដឹកនាំ​ប្រកួត​ក្នុង​ពានរង្វាន់​បាល់ទាត់​អន្តរជាតិ 2018 Alpine Cup ដែល​រៀបចំ​នៅ​ទីក្រុង​Mandalay ប្រទេស​មី​យ៉ាន់​ម៉ា​។

យោង​តាម​ទិន្នន័យ​របស់​គណៈកម្មការ​ប្រកួត​បាន​ឲ្យ​ដឹង​ថា ​លោក លឹម ប៊ុនធឿន បាន​ដឹកនាំ​ការប្រកួត​ចំនួន​២​លើក​មក​ហើយ​ គឺ​ពេល​ក្រុម​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា ចាញ់​ក្រុម​កូរ៉េខាងត្បូង ៤​ទល់​៣ កាលពី​ថ្ងៃទី​១ ខែសីហា និង​ពេល​ក្រុម​មី​យ៉ាន់​ម៉ា ប្រកួត​ស្មើគ្នា​ជាមួយ​ក្រុម​បា​រ៉ែ​ន ១​ទល់​១ នៅ​ល្ងាច​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៨ ថ្មីៗ​នេះ​។



ពានរង្វាន់ Alpine Cup 2018 មាន​ក្រុម​ចូលរួម​៤​ប្រកួតប្រជែង​រួមមាន U23 មី​យ៉ាន់​ម៉ា U23 បារ៉ែន U23 ថៃ និង U19 កូរ៉េខាងត្បូង ដោយ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​០៥ ខែសីហា​។ ការប្រកួត​នេះ​ប្រើ​តាម​រូបមន្ត​វិល​ជុំ​សន្សំ​ពិន្ទុ ហើយ​ក្រុម​មាន​ពិន្ទុ​ច្រើន​ជាង​គេ ក្រោយ​លេង​បាន​៣​ប្រកួត នឹង​ក្លាយជា​ជើងឯក​។ គិត​ត្រឹម​ពេលនេះ​ក្រុម​កូរ៉េខាងត្បូង កំពុង​ឈរ​កំពូល​តារាង​មាន​៦​ពិន្ទុ ហើយ​ក្រុម​បា​រ៉ែ​ន ឈរ​លេខ​២​មាន​៤​ពិន្ទុ ហើយ​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា ឈរ​លេខ​៣​មាន​១​ពិន្ទុ និង​ក្រុម​ថៃ នៅ​បាត​តារាង​មិនទាន់មាន​ពិន្ទុ​នោះទេ​។

សម្រាប់​ប្រកួត​ចុងក្រោយ​ក្រុម​កូរ៉េខាងត្បូង ប៉ះ​ក្រុម​បា​រ៉ែ​ន នៅវេលា​ម៉ោង​៣​រសៀល លើ​ទីលាន​កីឡដ្ឋាន Mandalarthiri Stadium ខណៈ​១​គូ​ទៀត​ក្រុម​មី​យ៉ាន់​ម៉ា បើកទ្វារ​ទទួល​ក្រុម​ថៃ នៅ​វេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​ជាមួយគ្នា​។ សហព័ន្ធ​កីឡាបាល់ទាត់​មី​យ៉ាន់​ម៉ា បាន​បង្កើត​ពានរង្វាន់​នេះ​ឡើង​ដើម្បី​ឲ្យ​ក្រុម​ជម្រើសជាតិ​ក្រោម​អាយុ​២៣​ឆ្នាំ​របស់​ខ្លួន​ប្រកួត​វាស់​ស្ទង់​សមត្ថភាព មុន​ចេញទៅ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍ Asian Games នៅ​ពាក់​កណ្ដាលខែ​នេះ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។



​សូម​រំលឹក​ថា ​គិត​ត្រឹម​ឆ្នាំ​២០១៨ នេះ​លោក លឹម ប៊ុនធឿន គឺ​អាជ្ញា​មន្ត្រី​អាជ្ញាកណ្ដាល​បាល់ទាត់​ទី​៣ របស់​កម្ពុជា ដែល​មាន​ឱកាស​បង្ហាញ​ខ្លួន​ក្នុង​ការប្រកួត​ពានរង្វាន់​កម្រិត​កំពូល​ប្រចាំ​ទ្វីបអាស៊ី AFC Champion League និង​ពានរង្វាន់​លំដាប់​ទី​២ ប្រចាំ​ទ្វីប AFC Cup ផងដែរ​។ លោក​ធ្លាប់​មានឱកាស​ចេញទៅ​ដឹកនាំ​ការប្រកួត​នៅក្រៅ​ប្រទេស​ក្នុង​ដែន​សមត្ថកិច្ច​របស់​ស​ហ​ព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) ដោយ​ទទួល​បាន​កម្រៃ​ខ្ពស់​ផងដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu