Ad Code

សិស្ស​កម្ពុជា ៤​រូប ទទួល​បាន​មេដាយ​៩​គ្រឿង​ ពី​កម្មវិធី​ប្រកួតប្រជែង​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង អាស៊ាន​បូក​បី​នៅ ប្រទេស​ម៉ាឡេស៊ី



​ភ្នំពេញ ​៖ ​សិស្ស​កម្ពុជា​ចំនួន ៤​រូប​ទទួល​បាន​មេដាយ​សរុប​ចំនួន​៩​គ្រឿង​ក្នុងនោះ​មេដាយមាស​១​គ្រឿង មេដាយ​ប្រាក់​១​គ្រឿង និង​មេដាយ​សំរឹទ្ធ​៧​គ្រឿង​ពី​កម្មវិធី​ប្រកួតប្រជែង​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង អាស៊ាន​បូក​បី​លើក​ទី​៧ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​។

ការប្រកួតប្រជែង​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង អាស៊ាន​បូក​៣ លើក​ទី​៧ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​នេះ​ធ្វើឡើង​ក្រោម ប្រធានបទ "​វិទ្យាសាស្ត្រ និង​ការបង្កើត​ថ្មី​ដើម្បី​សុខភាព និង​សុខុមាលភាព​សង្គម​" ដែលមាន​បេ ក្ខ​ជន​ចូលរួម ចំនួន​៥៧​នាក់ មកពី​បណ្ដា​ប្រទេស​អាស៊ាន រួមជាមួយ​ប្រទេស​កូរ៉េ ដែល​បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៩ ខែកក្កដា ដល់​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ២០១៨។



សិស្ស​កម្ពុជា​ដែល​ទទួលបាន​មេដាយ​រួមមាន​១. យុវ​សិស្ស អៀង ហ៊ុយ​ឃាង ភេទ​ប្រុស វិទ្យាល័យ​ព្រះមុនីវង្ស ខេត្តបាត់ដំបង មេដាយមាស ១​គ្រឿង​។​២.​យុវ​សិស្ស ឡី ឡាយ​អាន ភេទ​ប្រុស សាលា​អន្តរជាតិ​ឌូ​វី ខេត្តបាត់ដំបង មេដាយប្រាក់ ១​គ្រឿង និង​មេដាយ​សំរឹទ្ធ​២​គ្រឿង​។​ ៣.​យុវសិស្ស ស្រ៊ុន រដ្ឋា ភេទ​ប្រុស វិទ្យាល័យ​ហ៊ុន​សែន​១​មិថុនា ខេត្តតាកែវ មេដាយ​សំរឹទ្ធ​៣​គ្រឿង​។​៤.​យុវ​សិស្ស ពេ​ជ្ច ពុធ​ស្រីនាថ ភេទ​ស្រី វិទ្យាល័យ​ព្រះបាទ​សុរាម្រិត ខេត្តកំពង់ឆ្នាំង មេដាយ​សំរឹទ្ធ​២​គ្រឿង​។

​ក្រៅ​ពី​នេះ​ សិស្ស​កម្ពុជា​ក៏​ទទួល​បាន​ពាន​ពិសេស​មួយ ​ដែល​មាន​ភាព​រាក់ទាក់​ជាង​គេ​នៅក្នុង​តំបន់​អាស៊ាន​និង​ជាប់​លេខ​១​ជា​កញ្ញាឯក​អ្នក​វិទ្យា​សស្ត្រ​វ័យក្មេង​ប្រចាំ​អាស៊ាន​បូក​បី​ឆ្នាំ​២០១៨​ផងដែរ​។

​លោកគ្រូ​ដឹកនាំ​សិស្ស​ទោ​ចូលរួម​ប្រឡង​លើក​នេះ​បាន​មានប្រសាសន៍ថា ​ការ​ប្រឡង​នេះ​ចែកចេញជា​៣​ប្រទេស​គឺ​ទី​១​ផ្តោត​ទៅ​លើ​ការ​ដោះស្រាយ​បញ្ហា​សុខភាព​នៅ​លើ​ប្រជាជន​នៅលើ​ពិភពលោក​ដែល​សិស្ស​ត្រូវ​ស្រាវជ្រាវ​ពី​៣​ទៅ​៦​ខែ​បន្ទាប់​ធ្វើ​បទ​បង្ហាញ​។​ទី​២ វិញ្ញាសា​ពិសោធន៍​រួមមាន​រូបវិទ្យា ជីវវិទ្យា​និង​គីមីវិទ្យា​ដោយ​ធ្វើ​សកម្មភាព​ទាំង​ក្នុង​និង​ក្រៅ​មន្ទីរពិសោធន៍​និង​ទី​៣​ការដោះស្រាយ​បញ្ហា​ភ្លាមៗ​ហើយ​បេក្ខជន​ប្រទេស​នីមួយៗ​ត្រូវ​រក​ដំណោះស្រាយ គំនិត​ច្នៃប្រឌិត​បង្កើត​នូវ​អ្វី​ដែល​ថ្មីៗ​ដោយ​ធ្វើការ​ជា​ក្រុម​ជាមួយ​បេក្ខជន​មកពី​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​។

យុវ​សិស្ស អៀង ហ៊ុយ​ឃាង​ដែល​ទទួលបាន​មេដាយមាស​ចំនួន​១​គ្រឿង​បាន​និយាយ​ថា​សមត្ថភាព​របស់​សិ​ស្ស​ខ្មែរ​យើង​គឺ​មិន​ចាញ់​នឹង​សិស្ស​បរទេស​ទេ​ទាំង​ទ្រឹស្តី​និង​ការអនុវត្ត​ជាក់ស្តែង​ប៉ុន្តែ​អ្វីដែល​សិស្ស​ខ្មែរ​យើង​នៅមាន​ការខ្វះខាត​នោះ​ គឺ​ភាសា​អង់គ្លេស​នៅ​មាន​កម្រិត​នៅឡើយ​បើសិនជា​ខ្លាំង​ទៅលើ​ភាសា​នេះនោះ​នឹង​ទទួលបាន​មេដាយ​ច្រើនជាង​នេះ​។



យុវ​សិស្ស​បាន​សំណូមពរ​ឲ្យ​សិស្ស​ប្អូនៗ​ដែល​ត្រៀម​ទៅ​ចូលរួម​ប្រ​ឡើង​នៅ​ឆ្នាំក្រោយៗ​ទៀត​ត្រូវ​ព្យាយាម​រៀន​ភាសា​អង់គ្លេស​ឲ្យ​បាន​ខ្លាំង​ដើម្បី​ឲ្យ​ពួកគាត់​ងាយស្រួល​ដោះស្រាយ​វិញ្ញាសា​បាន​ស្រួល​ដោយសារ​វិញ្ញាសា​ប្រឡង​ប្រើប្រាស់​ពាក្យ​បច្ចេកទេស​ខ្ពស់​។

សម្រាប់​យុវ​សិស្ស អៀង ហ៊ុយ​ឃាង​ការ​ចេញទៅ​ចូលរួម​ប្រឡង​លើក​នេះ​ទទួល​បាន​នូវ​បទពិសោធន៍​ជា​ច្រើ​ពី​សិស្ស​ពី​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ទាំង​វិ​សាស្ត្រា ការអនុវត្ត​និង​ការធ្វើការ​ជា​ក្រុម​ជាដើម។

ប្អូន​បាន​បញ្ជាក់​ថា ​ប្អូន​បានធ្វើការ​ជា​ក្រុម​ជាមួយ​សិស្ស​៥​នាក់​ទៀត​មកពី​តាម​បណ្តា​ប្រទេស​ផ្សេងៗ​គ្នា​ដោយ​គេ​ឲ្យ​វិញ្ញាសា​ដាច់ដោយឡែក​ពីគ្នា​។ ​សម្រាប់​ប្អូនគេ​បានដាក់​វិញ្ញាសា​ទាក់ទង​នឹង​ដំណោះស្រាយ​ទាក់ទង​ជំងឺគ្រុនចាញ់​ដោយ​ប្អូន​បាន​បង្កើត​ឧបករណ៍​ថ្មី​មួយ​ដែល​អាច​ការពារ​មូស​មិន​ឲ្យ​ចូល​ជិត​បាន​ដោយ​ចំណាយ​ថវិកា​តិច​ហើយ​អាច​កាត់បន្ថយ​ការចំលង​ជំងឺគ្រុនចាញ់​បាន​ទៀតផង​។

ប្អូន​បាន​បន្ត​ទៀត​ថា ​តាមរយៈ​ឧបករណ៍​នេះហើយ ​ទើប​ប្អូន​ទទួល​បាន​មេដាយមាស​ពី​កម្មវិធី​ការប្រកួតប្រជែង​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង អាស៊ាន​បូក​៣ លើក​ទី​៧ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​នេះ​ធ្វើឡើង​ក្រោម ប្រធានបទ "​វិទ្យាសាស្ត្រ និង​ការបង្កើត​ថ្មី​ដើម្បី​សុខភាព និង​សុខុមាលភាព​សង្គម​"​។

លោក​អ៊ឹង ង៉ោ​ហុក ប្រធាន​នាយកដ្ឋាន​មធ្យមសិក្សា​ចំណេះ​ទូទៅ​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​មានប្រសាសន៍ថា ​នេះ​គឺជា​កិត្តិយស​មួយ​ដ៏​ធំធេង​ណាស់​ដែល​សិស្ស​កម្ពុជា​ចំនួន​៤​រូប​បាន​នាំយក​មេដាយមាស​ប្រាក់​និង​សំរឹទ្ធ​សរុប​ចំនួន​៩​គ្រឿង​មក​ជួន​ជាតិ​មាតុភូមិ​ហើយ​លទ្ធផល​នេះ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​អាច​ស្មើមុខស្មើមាត់​ជាមួយ​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់​អាស៊ាន​ក៏ដូចជា​នៅលើ​ឆាក​អន្តរជាតិ​។

លោក​បាន​បន្តថា​ លទ្ធផល​គួរ​ឲ្យ​មោទនៈ​នេះ​ដោយសារតែ​ក្រសួង​អប់រំ​បាន​យកចិត្តទុកដាក់​បំប៉ន​ដល់​សិស្ស​ពូកែ​ទូទាំង​ប្រទេស​ផ្នែក​រូបវិទ្យា​រយៈពេល​៦​ខែ​ដែល​បណ្តុះបណ្តាល​ដោយ​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ដែលមាន​សមត្ថភាព​និង​បទពិសោធន៍​ជាច្រើន​មុននឹង​បញ្ជូន​ទៅ​ប្រឡង​។

ជាមួយ​គ្នា​នេះ​ដែរ ​លោក​បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដែល​បាន​ជួយ​គាំទ្រ​និង​ផ្តល់​ថវិកា​សម្រាប់​បំប៉ន​ដល់​សិស្ស​យើង​ធ្វើ​ឲ្យ​សិស្ស​មាន​សមត្ថភាព​ពេញលេញ​ទើប​សិស្ស​ទទួលបាន​មេដាយ​ជា​បន្តបន្ទាប់​។​

​លោក​អ៊ឹង ង៉ោ​ហុក បាន​ណែនាំ​ដល់​សិស្ស​ខិតខំ​សិក្សា​រៀនសូត្រ​និង​ពង្រឹងសមត្ថភាព​បន្ថែមទៀត​ដើម្បី​ដណ្តើមយក​មេដាយ​ឲ្យ​បាន​កាន់​តែច្រើន​ជួន​ជាតិ​មាតុភូមិ​នៅពេល​ទៅ​ចូលរួម​ប្រឡង​ថ្នាក់​អន្តរជាតិ​នៅ​លើក​ក្រោយៗ​ទៀត​៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu