Ad Code

លី​គ​កំពូល​កម្ពុជា ​៖ ​អគ្គីសនី​កម្ពុជា ទទួល​អង្គ​រថា​យ​ហ្គឺ​រ ខណៈ​អាស៊ី​អឺរ៉ុប​ប៉ះ​ណាហ្គា​វើ​ល



ក្រុមបាល់ទាត់​អគ្គីសនី​កម្ពុជា ត្រូវ​ទទួល​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ខណៈ​ក្រុម​អាស៊ី​អឺរ៉ុប​ប៉ះ​ក្រុម​ណាហ្គា​វើ​ល ប្រចាំ​សប្ដាហ៍​ទី​១៦​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) នៅ​ល្ងាច​ថ្ងៃអាទិត្យ ទី​៥ ខែកក្កដា ឆ្នាំ​២០១៨​។

*​អគ្គីសនី​កម្ពុជា ប៉ះ​អង្គ​រថា​យ​ហ្គឺ​រ
ក្រុមបាល់ទាត់​អគ្គីសនី​កម្ពុជា ប៉ះ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ នៅ​វេលា​ម៉ោង​៣​រសៀល​លើ​ទីលាន​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា​។ ប្រកួត​នេះ​មាន​ផ្សាយ​ផ្ទាល់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) ផងដែរ​។ ក្រុម​អគ្គីសនី​កម្ពុជា មិនទាន់​គេចផុត​ពី​តំបន់​បាត​តារាង​នៅឡើយ​នោះទេ ក្រោយ​ប្រកួត​ឈ្នះ​បាន​១​លើក ស្មើគ្នា​២​លើក និង​ចាញ់​១២​លើក​ក្នុង​ប្រកួត​កន្លងមក​។ លោក ប្រាក់ វុទ្ធី គ្រូបង្វឹក​របស់​ក្រុម​នេះ​បានដាក់​គោលដៅ​រក្សាខ្លួន​ឲ្យ​ល្អ និង ប្រឹង​ដើម្បី​បាន​ចំណាត់​ល្អ​ជាង​រដូវ​កាល​ចាស់ នៅក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ខណៈ​ក្រុម​នេះ​ទើបតែ​ខកចិត្ត​ក្រោយ​ធ្លាក់​ចេញពី​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ​។



ចំណែក​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ឆ្លងកាត់​ប្រកួត​១៥​លើក​មកនេះ​ឈ្នះ​បាន​៣ លើក​ស្មើគ្នា​បាន​៤​លើក និង​ចាញ់​៨​លើក​មាន​១៣​ពិន្ទុ​។ ក្រុម​នេះ​កំពុងតែ​ដឹកនាំ​ដោយ​លោក Oriol Mahedano ដែលជា​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ កាន់​អាជ្ញាប័ណ្ណ​គ្រូបង្វឹក​កម្រិត UEFA A licence ដែលមាន​សមាជិក​២៥​នាក់​។ លោក Akihiro Kato ដែលជា​ប្រធាន​ក្លិប​បានដាក់​គោលដៅ​យក​កៅអី​នៅ​តំបន់​ក្រុម​ខ្លាំង​ទាំង​៤​ប្រចាំ​រដូវ​កាល (Top4) នៅ​ឆ្នាំនេះ ខណៈ​នៅ​ឆ្នាំ​២០២០ ក្លិប​ចង់​ប្រជែង​យក​ជើងឯក​។

*​អាស៊ី​អឺរ៉ុប ប៉ះ​ណាហ្គា​វើ​ល
ក្រុមបាល់ទាត់​អាស៊ី​អឺរ៉ុប ត្រូវ​បើកទ្វារ​កីឡដ្ឋាន AEU Sport Park របស់​ខ្លួន​ទទួល​ក្រុម​ណាហ្គា​វើ​ល នៅវេលា​ម៉ោង​៣​រសៀល ព្រមទាំង​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍ BTV News ផងដែរ​។ ក្រុម​អាស៊ី​អឺរ៉ុប កំពុង​ដឹកនាំ​ដោយ​លោក សុក វាសនា ពេលនេះ​កំពុង​ឈរ​ចំណាត់ថ្នាក់​លេខ​៨​បណ្តោះអាសន្ន​ក្នុង​តារាង​រួម​ដែល​មាន​ក្រុម​ចំនួន​១២ ក្រោយ​ប្រកួត​បាន​១៥​លើក ឈ្នះ​បាន​៥​លើក ស្មើគ្នា​៣​លើក និង​ចាញ់​៧​លើក មាន​១៨​ពិន្ទុ​ក្នុង​ដៃ​។ ខ្សែប្រយុទ្ធ​កា​ម៉េ​រូ​ន Befolo Mbarga Privat ជា​កីឡាករ​ឆ្នើម​ម្នាក់​ក្នុង​ក្រុម​ក្រោយ​រក​គ្រាប់​បាន​១៨​គ្រាប់​ម្នាក់ឯង​កន្លងមក​នេះ​។

សម្រាប់​ក្រុម​ណាហ្គា​វើ​ល វិញ​កំពុង​ឈរ​លេខ​២ ក្នុង​តារាង​រួម ក្រោយ​ប្រកួត​ឈ្នះ​បាន​១១​លើក ស្មើគ្នា​២​លើក និង​ចាញ់​២​លើក មាន​៣៥​ពិន្ទុ​ក្នុង​ដៃ​។ លោក មាស ចាន់ណា គ្រូបង្វឹក​កាន់​អាជ្ញា​ប័​ណ្ណ AFC A License បាន​អះអាង​ថា ​លោក នឹង​ព្យាយាម​ប្រមូលផ្ដុំ​អារម្មណ៍​កីឡាករ​ឲ្យ​បាន​ល្អ​ឡើងវិញ និង កែប្រែ​ចំណុច​ខ្វះខាត​ដើម្បី​បន្ត​រក​កៅអី​កំពូល​តារាង​រហូតដល់​ចប់​រដូវ​កាល​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu