Ad Code

ក្រុមការងារ​ជំនាញ​របស់ គ​.​ជ​.​ប ផ្ទៀងផ្ទាត់​តួលេខ ដើម្បី​ត្រៀម​ចេញ​លទ្ធផល​បណ្តោះអាសន្ន​នៅ​ថ្ងៃទី​១១ កញ្ញា ខាងមុខ



ភ្នំពេញ​ ៖ ក្រុមការងារ​ជំនាញ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) កាលពី​រសៀល ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៨ បាន​រៀប​ចំ​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​បូកសរុប​លទ្ធផល នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដើម្បី​ឈាន​ទៅ​ចេញផ្សាយ​លទ្ធផល​បណ្តោះអាសន្ន​នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ ខាងមុខ​។

ការ​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់​នេះ ធ្វើឡើង​នៅ​សាលសន្និសីទ​របស់ គ​.​ជ​.​ប ហើយ​ត្រូវ​បាន​ចាត់​តាំង​ជា​៤​ក្រុម​ធំៗ​រួមមាន ទី​១, ក្រុម​សម្របសម្រួល​ថ្នាក់​កណ្តាល ទី​២, ក្រុម​ទទួល​សម្ភារៈ ឯកសារ​បោះឆ្នោត ទី​៣, ក្រុម​កំណត់​បែងចែក​អាសនៈ និង​ទី​០៤, ក្រុម​ត្រួតពិនិត្យ​លទ្ធផល​ឡើងវិញ ហើយ​ក្រុម​ត្រួតពិនិត្យ​លទ្ធផល​ឡើងវិញ ត្រូវ​បាន​បែងចែក​ជា​៥ ក្រុម​តូច​ទៀត ដើម្បី​ជួយ​បំពេញការងារ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។



លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​កាលពី​រសៀល​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៨​ថា ការ​ផ្ទៀងផ្ទាត់ គឺជា​តួនាទី និង​ការទទួលខុសត្រូវ​រប​ស់ គ​.​ជ​.​ប ហើយ​ការ​ផ្ទៀងផ្ទាត់​នេះ ធ្វើឡើង​តាម​អ្វី​ដែល គ​.​ជ​.​ប បាន​ធ្វើ​កន្លងមក ពីព្រោះ គ​.​ជ​.​ប ត្រូវ​ចេញ​លទ្ធផល​បណ្តោះអាសន្ន​នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨ ខាងមុខ ដូច្នេះ​បើ​ការ​ចេញផ្សាយ​លទ្ធ​ផលប​ណ្ដោះ​អាសន្ន​នោះ ដោយ​មិនមាន​ការ​ផ្ទៀងផ្ទាត់​ត្រឹមត្រូវ អាច​នឹង​មាន​បញ្ហា​ខ្លះ​កើតឡើង ក្រោយ​ការចេញផ្សាយ​លទ្ធផល​នេះ​។

តាម​លោក ហង្ស ពុទ្ធា ការផ្ទៀងផ្ទាត់​នេះ ធ្វើឡើង​តាំងពី​តួលេខ​នៅតាម​ការិយាល័យ ដែល​បាន​រាប់​ភ្លាមៗ​នៅ​ការិយាល័យ ហើយ​បិទ​ផ្សាយ​នៅមុខ​ការិយាល័យ​។ លោក​បញ្ជាក់​ថា កន្លងមក​មន្ត្រី​របស់ គ​.​ជ​.​ប នៅ​ថ្នាក់​ឃុំ សង្កាត់ រាជធានី ខេត្ត បាន​ធ្វើ​ការ​ផ្ទៀងផ្ទាត់​រួចហើយ ប៉ុន្តែ​នេះ គឺជា​ការ​ផ្ទៀងផ្ទាត់ ដែល​ធ្វើឡើង​ដោយ គ​.​ជ​.​ប ដូច្នេះ​ការ​ផ្ទៀងផ្ទាត់​នេះ ក្រៅពី​ការ​ផ្ទៀងផ្ទាត់​តាមរយៈ​កុំព្យូទ័រ ក៏​មាន​ការ​ផ្ទៀងផ្ទាត់​ដោយ​ដៃ​ផង​ដែរ​។

បើ​តាម​លោក ហង្ស ពុទ្ធា ការ​ផ្ទៀងផ្ទាត់​នេះ មិនអាច​កំណត់ពេល​បញ្ចប់​បានទេ​។ ពីព្រោះ​ការ​ផ្ទៀងផ្ទាត់​នេះ ធ្វើ​ឲ្យ​ត្រឹមត្រូវ និង​មាន​តម្លាភាព​ជាទីបំផុត​។



ចំពោះ​បញ្ហា​ដោះស្រាយ​ពាក្យបណ្ដឹង ដែល​ប្ដឹង​ដោយ​គណបក្ស​នយោបាយ ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​នោះ លោក ហង្ស ពុទ្ធា បាន​បញ្ជាក់ថា គ​.​ជ​.​ប កំពុង​រង់ចាំ​តួលេខ​នៃ​ដំណោះស្រាយ ពីព្រោះ​នៅ​ថ្នាក់​ឃុំ សង្កាត់ ក៏បាន​ដោះស្រាយ​ខ្លះ នៅ​ថ្នាក់​រាជធានី ខេត្ត ក៏បាន​ដោះស្រាយ​ជា​បន្តបន្ទាប់​ផង​ដែរ ហើយ​បណ្ដឹង​ដែល​បាន​ឡើងមក​ដល់​គ​.​ជ​.​ប ក៏​កំពុង​ដោះស្រាយ​ជា​បណ្តើរៗ​ផង​ដែរ តែ​អ្វីដែល​ត្រូវ​ពិចារណា​ឲ្យ​ម៉ត់ចត់​នោះ គឺ​ត្រូវ​ពិនិត្យ​ទៅលើ​ទិដ្ឋភាព​ច្បាប់ ដឹង​ប្រភព​ព័ត៌មាន​ឲ្យ​ជាក់លាក់ ដើម្បី​ឲ្យ​ដំណោះស្រាយ​នោះ ទទួល​យក​បាន​ទាំងអស់គ្នា​។



សូម​បញ្ជាក់​ថា ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ដ្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដោយមាន​គណបក្ស​នយោបាយ​ចំនួន​២០ បាន​ចូលរួម ហើយ​ជា​លទ្ធផល មាន​ប្រជាពលរដ្ឋ​កម្ពុជា​បាន​អញ្ជើញ​ទៅ​បោះឆ្នោត​ចំនួន​៦.៩៤៦.១៦៤នាក់ ដែល​ស្មើនឹង​៨២,៨៩ ភាគរយ នៃ​ចំនួន​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សរុប​៨.៣៨០.២១៧​នាក់​។ ក្រោយ​ការបោះឆ្នោត​ភ្លាម អ្នក​សង្កេតការណ៍​ជាតិ អន្តរជាតិ​បាន​វាយ​តម្លៃ​ថា ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ បាន​បញ្ចប់​ក្រោម​បរិយាកាស​ល្អ រលូន ត្រឹមត្រូវ សេរី និង​យុត្តិធម៌ និង​មាន​ការគោរព​ច្បាប់ គោរព​សិទ្ធិមនុស្ស គ្មាន​ការ​បង្ខិតបង្ខំ គ្មាន​ហិង្សា គ្មាន​ការភ័យខ្លាច គ្មាន​ការលក់ដូរ​សន្លឹកឆ្នោត ស្ងប់ស្ងាត់ មាន​សណ្ដាប់ធ្នាប់​ល្អ​។

ទន្ទឹម​និង​ការ​សាទរ​ចំពោះ​លទ្ធផល​នេះ ក៏​នៅ​មាន​បណ្តឹង​មួយចំនួន​ផងដែរ ដែល​ធ្វើឡើង​ដោយ​តំណាង​គណបក្ស​នយោបាយ ដែល​បាន​ចូលរួម​ប្រកួតប្រជែង ហើយ​ត​បើ​តាម គ​.​ជ​.​ប គិត​ត្រឹម​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៨ ទទួល​បាន​២៥២៥​បណ្តឹង​។ ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​ចំនួន​៣​បណ្តឹង គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ចំនួន​២៥២០​បណ្តឹង និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋានចំនួន​២​បណ្តឹង​។

ក្នុងចំណោម​ពាក្យ​បណ្តឹង​ទាំងនោះ បណ្តឹងសុំ​ឲ្យ​ផ្តន្ទាទោស​មាន​ចំនួន​៣៤​បណ្តឹង បណ្តឹង​ពាក់ព័ន្ធ និង​ការបោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​មាន​ចំនួន​២៤៩១ ហើយ​ជា​លទ្ធផល​នៃ​ការ​ដោះស្រាយ គឺ​បដិសេធ​ចំនួន​១៨៦៩​បណ្តឹង​, ផ្សះផ្សា​សះជា​ចំនួន​២០​បណ្តឹង​, ផ្សះផ្សា​មិន​សះជា​ចំនួន​១​បណ្តឹង​, លិខិត​ជូនដំណឹង​ចំនួន​១​បណ្តឹង​, ចារ​បដិសេធ​ចំនួន​៩២​បណ្តឹង​, ដើមបណ្តឹង​សុំ​ដក​ពាក្យបណ្តឹង​ចំនួន​២៦​បណ្តឹង ហើយ​កំពុង​ដោះស្រាយ​មាន​ចំនួន​៥១៦​បណ្តឹង​៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu