Ad Code

ស្ថាប័ន​បោះឆ្នោត​ប្រតិកម្ម​ចំពោះ​ការចោទប្រកាន់​របស់លោក ខឹម វាសនា ដែលថា គ​.​ជ​.​ប បាន​លួច​បំប៉ោង​សំឡេងឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​



ភ្នំពេញ ​៖ លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​ធ្វើ​ការ​ចោទប្រកាន់​លើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ថា បាន​លួច​បំប៉ោង​សំឡេងឆ្នោត ក្នុង​ទម្រង់​១១០៩ ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ការ​ចោទ​នេះ ត្រូវបាន​បង្ហោះ​នៅលើ​គណនី Facebook របស់លោក ខឹម វាសនា កាលពី​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៨ ប៉ុន្តែ​ការ​ចោទ​នេះ​ត្រូវបាន​ច្រានចោល ដោយ​អះអាងថា ជាការ​ចោទប្រកាន់​ដោយ​ខុស​ទំនង និង​មិន​សម​ហេតុផល។

តាម​សេចក្តី​បំភ្លឺ ដែល​ចេញ​ដោយ គ​.​ជ​.​ប ចុះ​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៨ បាន​លើក​ឡើង​ថា ទម្រង់​១១០៩ គឺជា​តារាង​លទ្ធផល​នៃ​ការបោះឆ្នោត​ក្នុង​ឃុំ សង្កាត់ ដែល គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត ត្រូវ​ស្រង់​តួលេខ​បញ្ចូល​ក្នុង​ទម្រង់​នេះ ពី​ទម្រង់​១១០២ នៃ​ការិយាល័យ​ទាំងអស់​នៅក្នុង​ឃុំ សង្កាត់​នោះ។ ក្នុង​ដំណើរ​ការរៀបចំ​លទ្ធផល​បោះឆ្នោត​បណ្តោះ​អាសន្ន ទម្រង់​១១០៩ គឺជា​ឯកសារ​មួយ ក្នុងចំណោម​ឯកសារ​សំខាន់ៗ​ដទៃទៀត ដែល​ប្រើប្រាស់​ដើម្បី​រៀបចំ​លទ្ធផល​នេះ​។

តាម​គ​.​ជ​.​ប យន្តការ​ត្រួតពិនិត្យ​លទ្ធផល​បណ្តោះ​អាសន្ន ធ្វើ​ឡើងជា​ពីរ​ថ្នាក់ គឺ​ទី​១- ការ​ត្រួតពិនិត្យ និង​បូកសរុប​លទ្ធផល​បណ្តោះ​អាសន្ន នៅ​គណៈកម្មការ​រាជធានី​ខេត្ត រៀ​ចំការ​បោះឆ្នោត (​គ​ធ​.​ខ​ប​) ទី​២- ការ​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់​លទ្ធផល​បណ្តោះ​អាសន្ន​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ បោះឆ្នោត (​គ​.​ជ​.​ប​) ។

ក្នុង​ន័យ​នេះ​ហើយ កាលពី​ថ្ង​ទី​០៣ ខែសីហា ឆ្នាំ​២០១៨ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត ខេត្តសៀមរាប បាន​ត្រួតពិនិត្យ និង​បូកសរុប​លទ្ធផល​បោះឆ្នោត​បណ្តោះអាសន្ន និង​បាន​រក​ឃើញ កំហុសឆ្គង​ក្នុង​ការ​ស្រង់​តួលេខ​បញ្ចូល​ទៅក្នុង ទ​.១១០៩ របស់​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត (គ.​ឃ​.​ប​) ឃុំ ដាន​រុន ហើយ​ក៏បាន​ចាត់ចែង​ឲ្យ គ​.​ឃ​.​ប ពាក់ព័ន្ធ​ធ្វើការ​កែតម្រូវ​ជាបន្ទាន់ នៅ​ចំពោះ មុខ​ភ្នាក់ងារ​គណបក្ស​នយោបាយ និង​អ្នកសង្កេតការណ៍​បោះឆ្នោត។

ប៉ុន្តែ​ក្នុង​ដំណើរការ​កែតម្រូវ​កំហុសឆ្គង ភ្នាក់ងារ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ឈ្មោះ អ៊​ន ស្រី​ម៉ិច បាន​ថត និង​បញ្ជូន​ទម្រង់​១១០៩ ដែល​មាន​តួលេខ​ខុស​ទៅ​មេដឹកនាំ​របស់​ខ្លួន បន្ទាប់មក​លោក ខឹម វាសនា បាន​យក​ទម្រង់​នេះ​ជា​កម្មវត្ថុ​នៃ​ការចោទប្រកាន់​មកលើ គ​.​ជ​.​ប ក្នុង​គោលបំណង​ធ្វើ​ឲ្យ​មាន​ការភាន់ច្រឡំ នាំ​ឲ្យ​បាត់​ទំនុកចិត្ត​លើ​ការបោះឆ្នោត។

ថ្ងៃនេះ​ទី​០៤ ខែសីហា ឆ្នាំ​២០១៨ នៅ​ទីស្តីការ គ​.​ជ​.​ប បាន និង​កំពុង​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ លទ្ធផល​បោះឆ្នោត​បណ្តោះអាសន្ន​ពី ២៥ រាជធានី ខេត្ត នៅ​ចំពោះមុខ​គណបក្ស​នយោបាយ អ្នកសង្កេតការណ៍ និង​អ្នកសារព័ត៌មាន ហើយ​លទ្ធផល​បណ្តោះអាសន្ន​នេះ​នឹង​ប្រកាស​ជា​ផ្លូវការ ដោយ គ​.​ជ​.​ប នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨។

គ​.​ជ​.​ប គូស​បញ្ជាក់​ថា តួលេខ​ដែល​ត្រូវបាន​ប្រកាស​លទ្ធផល​ប​ឋ​ម​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​ថ្ងៃទី​២៩ និង​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ កន្លងមក នេះ ផ្អែក​ជាសំខាន់ និង​តែមួយគត់​លើ​កំណត់ហេតុ​នៃ​ការ​រាប់​សន្លឹកឆ្នោត គឺ​ទម្រង់​១១០២៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu