កីឡាករ ឃួន ឡាបូរ៉ាវី ដែលសម្រេចចិត្តចេញទៅបន្តអាជីពក្នុងក្រុម Surat Thani FCសមាជិកក្នុងពានរង្វាន់លីគលំដាប់ទី៣របស់ប្រទេសថៃ (T3-League) ឆ្នាំ២០១៨ បានធ្វើដំណើរត្រឡប់មកមាតុភូមិវិញកាលពីពេលថ្មីៗ ក្រោយអះអាងថា ក្រុមរបស់ខ្លួនបានធានារកកៅអីសុវត្ថិភាពគេចពីតំបន់បាតតារាងព្រមទាំងអស់ឱកាសប្រជែងតំបន់កំពូលតារាងដែរ។
កីឡាករមកពីខេត្តកំពង់ចាម រូបនេះបានលើកឡើងថា «មែនទែនទៅនៅទីនោះពិបាកខ្លះដែរ។ ណាមួយក្លិបក៏អស់ការប្រកួតប្រជែងដែរ មិនតែប៉ុណ្ណោះនៅសល់ពេលប្រមាណជាង១ខែទៀតលីគលំដាប់ទី៣ប្រទេសថៃ គេអស់ការប្រកួតហើយ។ អីចឹងហើយទើបខ្ញុំសុំគេត្រឡប់មកវិញមុនតែម្តងទៅ»។ កីឡាករ ឃួន ឡាបូរ៉ាវី ដែលធ្វើដំណើរទៅប្រកបអាជីពនៅក្រៅប្រទេសតាំងពីចុងខែមិថុនា កន្លងមកធ្លាប់រកបានគ្រាប់បាល់១គ្រាប់ក្នុងចំណោម៥ប្រកួតដែលបង្ហាញខ្លួនផ្លូវការជាមួយក្រុមថៃមួយនេះ។
ក្រោយពេលធ្វើដំណើរមកដល់ប្រទេសកម្ពុជា វិញ ឃួន ឡាបូរ៉ាវី បានចូលរួមជាមួយក្រុមបឹងកេត តែមិនអាចបង្ហាញខ្លួនលើទីលានបាននោះទេ ដោយសារតែពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ផុតកំណត់កាលបរិច្ឆេទចុះឈ្មោះកីឡាករចូលតាមក្រុមនីមួយៗហើយ។ ដូច្នេះ ឡាបូរ៉ាវី ត្រូវរង់ចាំការប្រកួតនានានៅរដូវកាលក្រោយ។
ក្រុម Surat Thani កំពុងឈរចំណាត់ថ្នាក់លេខ១២បណ្តោះអាសន្នក្នុងចំណោមសមាជិកទាំង១៤ប្រចាំមណ្ឌលជាមួយគ្នា ក្រោយប្រកួតឈ្នះ៥លើក ស្មើគ្នា៧លើក និងចាញ់១០លើក មាន២២ពិន្ទុ។
តាមការកំណត់របស់សហព័ន្ធកីឡាបាល់ទាត់ថៃក្រុមកំពូលតារាងប្រចាំលីគទី៣ថៃនេះមានឈ្មោះឡើងទៅកាន់លីគលំដាប់ទី២ ខណៈក្រុមលេខ២មានឈ្មោះប្រកួតជម្រុះជាមួយក្រុមនៅមណ្ឌលផ្សេងទៀតខណៈក្រុមនៅបានតារាងត្រូវធ្លាក់ទៅលេងនៅលីគលំដាប់ទី៤។
គេចាំបានថា កីឡាករ ឃួន ឡាបូរ៉ាវី ជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេប្រចាំព្រឹត្តិការណ៍ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ពោលគឺឈ្នះ៤លើកច្រើនជាងកីឡាករដទៃ គិតតាំងបង្កើតឡើងដំបូងនៅឆ្នាំ២០០៧ មកពោលគឺនៅឆ្នាំ២០១១ និង២០១២ ជាមួយក្រុមខេត្តស្វាយរៀង (ព្រះខ័នរាជស្វាយរៀង បច្ចុប្បន្ន) នៅឆ្នាំ២០១៤ និង២០១៧ ជាមួយបឹងកេត។ កីឡាករវ័យ២៩ឆ្នាំរូបនេះបានចាប់អាជីពបាល់ទាត់ដំបូងពីឆ្នាំ២០០៨ មកម្ល៉េះដោយកាលនោះចូលរួមជាមួយក្លិបព្រះខ័នរាជស្វាយរៀង ហើយដល់ឆ្នាំ២០១៤ រូបគេបានចេញទៅចូលរួមជាមួយក្រុមបឹងកេត រហូតដល់ បច្ចុប្បន្ន។ ចំពោះក្នុងក្រុមជម្រើសជាតិវិញ រូបគេបានបង្ហាញខ្លួនជាមួយក្រុម U23 កម្ពុជា ចាប់ពីឆ្នាំ២០០៩ ដល់២០១១ ខណៈចាប់ពីឆ្នាំ២០០៨ ដល់បច្ចុប្បន្នរូបគេក៏មានឈ្មោះលេងជាមួយក្រុមជម្រើសជាតិកម្ពុជា ផងដែរ។
កីឡាករកម្ពុជា ១,៨១ម៉ែត្ររូបនេះធ្លាប់ឈ្នះពានរង្វាន់លីគកំពូលកម្ពុជា ៣លើកគឺនៅឆ្នាំ២០១៣ ជាមួយក្លិបព្រះខ័នរាជស្វាយរៀង ហើយនៅឆ្នាំ២០១៦ និង២០១៧ ឈ្នះជាមួយក្រុមបឹងកេតខណៈធ្លាប់ឈ្នះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នៅឆ្នាំ២០១១,២០១២ ផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍កីឡាករ ឃួន ឡាបូរ៉ារី ធ្លាប់ឈ្នះពានរង្វាន់កីឡាករដែលទាត់បញ្ចូលទីបានច្រើនជាងគេដល់ទៅ៥លើកគឺក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០១៣ និងឈ្នះក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០១១,២០១២,២០១៤ និង២០១៧៕
Source: Kampuchea Thmey Daily
0 Comments