ភ្នំពេញ ៖ បុរសពីរនាក់ជាមិត្តភក្ដិនឹងគ្នា បន្ទាប់ពីផឹកស៊ីស្រវឹងអង្គុយលើបង្កាន់ដៃខ្ចុះបណ្ដែតទឹកស្ទឹងព្រែកត្នោត ដែលកំពុងឡើង ហូរខ្លាំងផងនោះ បានធ្លាក់ចូលក្នុងទឹកលង់ស្លាប់ទាំងពីរនាក់ព្រមៗគ្នា កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ នៅហាងជំនោរស្ទឹងព្រែកត្នោតស្ថិតក្នុងភូមិបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះដែលស្លាប់ ទី១ ឈ្មោះ ជង់ តុងសាន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរវិស្វករសំណង់ ស្នាក់នៅផ្ទះជួលភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិសានគរ «ក» ឃុំសានគរស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ទី២ ឈ្មោះ ជួង រដ្ឋា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរវិស្វករសំណង់ស្នាក់នៅភូមិទឹកថ្លាសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតភូមិភ្នំដិល ឃុំតាំងក្រាង ស្រុកបាធាយ ខេត្តកំពង់ចាម។ ជនរងគ្រោះទាំង២នាក់ ធ្វើការជាមួយគ្នានៅក្រុមហ៊ុនមួយ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញ។
តាមសាក្សី ជាមិត្តភ័ក្រវិស្វករសំណង់ធ្វើការងារជាមួយគ្នាបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះទាំង២នាក់ រួមជាមួយមិត្តភ័ក្រសរុបគ្នា៥នាក់បានទៅជួលខ្ចូស បណ្តែតទឹកស្ទឹងព្រែកត្នោតនៅហាងជំនោរស្ទឹងព្រែកត្នោតត្រង់ទីតាំងខាងលើ អង្គុយហូបបាយទឹកនិងផឹកស៊ីយ៉ាងសប្បាយបែបរ៉ូមេនទិក កាលពីវេលាម៉ោង១២និង១៥នាទីរសៀល ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ លុះរហូតដល់វេលាម៉ោង៥និង៣០នាទីល្ងាចទៅហើយ មានមិត្តភ័ក្រ ម្នាក់បានសុំទៅផ្ទះមុនបាត់សល់គ្នា៤នាក់អង្គុយផឹកស៊ីបន្ត ហើយជនរងគ្រោះទាំង២នាក់ បានអង្គុយលើបង្កាន់ដៃខ្ចូស ស្រាប់តែពេលទឹករលកធ្វើឲ្យកញ្ចុះយោលយោកទៅមកៗទើបបណ្ដាលឲ្យធ្លាក់ជនរងគ្រោះទាំង២នាក់ចូលក្នុងទឹកស្ទឹងតែម្ដង ដោយសារពេលនោះគ្មានអ្នកចេះហែលទឹកផង ទើបរកអ្នកជួយមិនទាន់ម្យ៉ាងទឹកហូរផងធ្វើឲ្យលង់លិចបាត់ក្នុងទឹកតែម្ដង។
ប្រភពបន្ដថា ពេលនោះមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និង សមត្ថកិច្ចនាំគ្នារកវិធីចុះរាវរហូតដល់វេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រយប់ថ្ងៃដដែល ទើបរកឃើញសាកសពជនរងគ្រោះម្នាក់ ឈ្មោះ ជួង រដ្ឋា ស្រង់ឡើងគោកសមត្ថកិច្ចពិនិត្យរួចត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ដោយក្រុមគ្រួសារ មិនបានប្តឹងផ្តល់អ្វីឡើយ។ បន្ទាប់មកក្រុមអ្នកមុជទឹកបានបន្ដចុះរាវរកសាកសព ម្នាក់ទៀត លុះរហូតដល់វេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០៤ខែសីហា ឆ្នាំ២០១៨នេះ បានរាវរកឃើញសាកសពជនរងគ្រោះម្នាក់ទៀត ឈ្មោះ ជុង តុងសាន ក្រោមវត្តមានឪពុកម្តាយក្រុមគ្រួសារយំសោកបោកខ្លួន នឹកសង្វេគកូនប្រុសជាទីស្រឡាញ់ជាពន់ពេក។
បើតាមប្រភពព័ត៌មានមួយនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះរួមជាមួយមិត្តភ័ក្រសរុបគ្នា៥នាក់ទិញស្រាបៀ៥កេស យកទៅផឹកលើខ្ចូសបណ្តែតទឹក ហើយក្រោយមក មិត្តភ័ក្រម្នាក់បានសុំលាគេទៅមុនបាត់សល់គ្នា៤នាក់ផឹកបន្តរហូតដល់វេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃដដែល ក៏ជួបរឿងជនរងគ្រោះធ្លាក់ពីលើបង្កាន់ដៃ លិចបាត់ក្នុងទឹកតែម្តង ស្រាបៀនៅសល់១កេសនិង៨កំប៉ុង ផ្អាកផឹកនាំគ្នាឆោឡោ។
តាមសមត្ថកិច្ចប៉ុស្តិ៍បឹងធំបានឲ្យដឹងថា សាច់ញាតិជនរងគ្រោះទាំង២នាក់ មិនបានប្តឹងផ្តល់អ្វីឡើយ ក្រោយពីរាវរកសាកសពកូនប្រុសហើយ សុំដឹកយកទៅធ្វើបុណ្យឯស្រុកកំណើតតាមប្រពៃណីភ្លាមៗតែម្ដង៕
Source: Kampuchea Thmey Daily
0 Comments