វាសនាចោរលួចគេចពីសមត្ថកិច្ច ទៅលង់ទឹកស្លាប់
ភ្នំពេញ ៖ ពិតជារឿងរ៉ាវមួយដ៏កម្រ ដែលគេបានឃើញចោរលួចទ្រព្យសម្បតិ្តប្រជាពលរដ្ឋខំគេចខ្លួនពីការតាមប្រមាញ់របស់សមត្ថកិច្ចបែរជាមកលង់ទឹកស្លាប់។
ជាក់ស្តែងកាលពីព្រឹកថ្ងៃទី៥ ខែសីហា ប្រជាពលរដ្ឋនិងអ្នកយាមស្រះចិញ្ចឹមត្រី បាននាំគ្នាចោមរោមមើលសពបុរសម្នាក់ពាក់អាវយឺតដៃវែង និងខោខ្មៅជើងវែងបានអណ្តែតក្នុងស្រះចិញ្ចឹមត្រីមួយក្នុងដីឡូត៍ផ្ទះលេខ៩៨ក្រុមទី៣ភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញដែលគេសង្ស័យថាជាចោរ។
តាមការបំភ្លឺរបស់សាក្សីឈ្មោះលី ម៉ានី ភេទស្រីអាយុ៥៨ឆ្នាំ និងឈ្មោះ ឆេង សុខុន ភេទប្រុសអាយុ៦១ឆ្នាំ ដែលអ្នកទាំងពីររស់នៅក្បែរចំណុចកើតហេតុបានប្រាប់សមត្ថកិច្ចថា នៅយប់ថ្ងៃទី៣ខែសីហាកន្លងទៅនេះ ប្រជាពលរដ្ឋបានស្រែកឆោឡោថា មានចោរលួចគាស់ផ្ទះយកទ្រព្យសម្បតិ្តរួចចោរនោះ បានផ្លោះរបងចូលទៅក្នុងទឹកស្រះចិញ្ចឹមត្រីបាត់ទៅ ដោយពេលនោះគេបានឃើញរលកទឹកផងដែរ។
លុះដល់ព្រឹកថ្ងៃទី៥ខែសីហានេះ ស្រាប់តែឈ្មោះភៀង ផន ភេទប្រុសអាយុ២៥ឆ្នាំ ដែលជាអ្នកយាមស្រះត្រី បានប្រទះឃើញសពមនុស្សប្រុសម្នាក់អណ្តែតក្នុងស្រះទឹក ដោយក្នុងខ្លួនត្រូវបានគេរកឃើញមានក្រវិលដែកមួយគូ ខ្សែក២ខ្សែពណ៌មាស និងកងដៃចំនួន៣ ក្នុងនោះមានជ័រចំនួន២និង១ទៀតពណ៌មាស។
ទាក់ទឹននិងករណីនេះលោកអនុសេនីយ៍ឯក គឹម កល្យាណ ដែលជាមន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ បានអះអាងថា សពបុរសខាងលើគឺជាមុខសញ្ញាចោរ ដែលសមត្ថកិច្ចនិងប្រជាពលរដ្ឋបានដេញចាប់កាលពីយប់ថ្ងៃទី៣កន្លងទៅ។ ទោះជាយ៉ាងណាក៏សមត្ថកិច្ចក៏មិនអាចកំណត់អត្តសញ្ញាណសពនេះបានឡើយ ព្រោះហើមស្អុយរលួយទៅហើយ៕
Source: Kampuchea Thmey Daily
0 Comments