ភ្នំពេញ ៖ ផលិតផលក្លែងក្លាយចំនួន៤ករណី ត្រូវបានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គបផក)បង្ក្រាប និងរឹបអូស។
នៅក្នុងសន្និសីទសារព័ត៌ មានក្រោមការរៀបចំដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គបផក) រសៀលថ្ងៃទី៦ ខែសីហានេះ បានឱ្យដឹងថា ផលិតផលក្លែងក្លាយដែលបង្ក្រាបបានចំនួន ៤ករណី រឹបអូសជាវត្ថុតាងនោះ សរុបមានចំនួន ៨៨តោន ត្រូវបានគណៈកម្ម្មាធិការរឹបអូសកាលពីថ្ងៃទី ៦ ខែសីហា ឆ្នាំ២០១៨។
បទល្មើសផលិតផលក្លែងក្លាយទាំង ៤ករណី ដែលបង្ក្រាបបានតាំងពីខែឧសភា និងអំឡុងខែកក្កដា ឆ្នាំ២០១៨មកនោះ រួមមាន ៖ ករណីបើកសិប្បកម្មផលិតកាហ្វេក្លែងក្លាយ និងខុសច្បាប់ ករណីបើកទីតាំងផលិតសាច់ប៉ាតេមិនអនុលោមតាមច្បាប់ ករណីបើកសិប្បកម្មផលិតម្រេច និងកាហ្វេមិនអនុលោមតាមច្បាប់ និងករណីនាំចូល ផលិត វេចខ្ចប់ខុសច្បាប់លើផលិតផលម៉ាក Saint Amand ទឹកសុទ្ធម៉ាកEvian ស្រាបៀរ ម៉ាក Corona និងផលិតផលមួយចំនួនទៀត។
លោក មៀច សុផាន់ណា អនុរដ្ឋលេខាធិការក្រសួង មហា ផ្ទៃ បានមានប្រសាសន៍ឱ្យដឹងថា អនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ មន្ត្រីនគរបាលយុត្តិធម៌ ក្រុមប្រតិបត្តិការពិសេសនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គបផក) ដោយមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធនានាក្នុងគណៈកម្មាធិការ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសពាក់ព័ន្ធផលិតផលក្លែងក្លាយទាំង ០៤ករណីខាងលើនេះ បន្ទាប់ពីមានបណ្តឹងរបស់បណ្តាក្រុមហ៊ុនដើម។
លោកអនុរដ្ឋលេខាធិការបន្តថា គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នឹងតាំងចិត្តដ៏មុះមុតក្នុងការចូលរួមចំណែកប្រតិបត្តិការបង្ក្រាបបទល្មើសផលិត ផលក្លែងក្លាយ ដែលបង្កគ្រោះ ថ្នាក់ ដល់សុខភាពប្រជាជន ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាឱ្យកាន់តែល្អប្រសើរ៕
Source: Kampuchea Thmey Daily
0 Comments