Ad Code

ក្លិប​ភ្នំពេញ​ក្រោ​ន បញ្ចប់​កិច្ចសន្យា​ជាមួយ​ខ្សែប្រយុទ្ធ​អ៊ីរ៉ង់ Pouya Hosseini មុន​បញ្ចប់​រដូវ​កាល



ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន ម្ចាស់​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​៦​សម័យកាល បាន​ជូនដំណឹង​ដល់​អ្នកគាំទ្រ​ខ្លួន​នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​៦ ខែ​សីហា ឆ្នាំ​២០១៨ សប្ដាហ៍​នេះ​ថា ​ក្លិប​សម្រេចចិត្ត​បញ្ចប់​កិច្ចសន្យា​ជា​ផ្លូវការ​ជាមួយ​កីឡាករ​ជនជាតិ​អ៊ីរ៉ង់ Pouya Hosseini មុន​បញ្ចប់​រដូវ​កាល​ឆ្នាំ​២០១៨ នេះ។

ក្លិប​បានបញ្ជាក់​នៅ​លើ​វិ​ប​សាយ​ផ្លូវការ​របស់ខ្លួន​ថា​ បន្ទាប់ពី​បាន​ឆ្លងកាត់​ការ​ចរចារ​រវាង​ភាគី​ទាំងពីរ​ក្លិប​ និង​កីឡាករ Pouya Hosseini រហូត​ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយគ្នា។ យ៉ាងណាក៏ដោយ ក្លិប​សូម​រក្សា​សិទ្ធិ​មិន​បញ្ជាក់​ពី​មូលហេតុ​លម្អិត​នោះទេ។ ក្លិប​បាន​ថ្លែងអំណរគុណ​ចំពោះ​ខ្សែប្រយុទ្ធ​ជនជាតិ​អ៊ីរ៉ង់​រូប​នេះ​សម្រាប់​ការចូលរួម​រយៈកាល​កន្លង​មក ព្រមទាំង​ជូនពរ​រូបគេ​សូម​ទទួល​បាន​ជោគជ័យ និង​សំណាងល្អ​នៅក្នុង​អាជីព​នាពេល​អនាគត។

ក្រុម​ភ្នំពេញ​ក្រោ​ន បាន​ចុះកិច្ចសន្យា​នាំ​យក​កីឡាករ​វ័យ ២៩​ឆ្នាំ​រូប​នេះ កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៧​កន្លងមក ដោយ​រូបគេ​ធ្លាប់​ប្រកប​អាជីព​នៅ​លី​គ​នៃ​ប្រទេស​ថៃ ដូចជា​ជាមួយ​ក្លឹប​ថៃ Udon Thani FC ក្នុង​ឆ្នាំ​២០១៣ បន្ទាប់មក​បាន​ចូលរួម​ជាមួយ​ក្លឹប​ Muangthong United ពី​ឆ្នាំ​២០១៤-២០១៥ មុននឹង​លេង​ឲ្យ​ក្លឹប Nongbua Pitchaya FC ក្នុង​ឆ្នាំ​២០១៦។ នៅក្នុងពេល​រួមរស់​ជាមួយ​ភ្នំពេញ​ក្រោ​ន កីឡាករ​កម្ពស់ ១.៨៣​ម៉ែត្រ​រូប​នេះ​ធ្លាប់​រកបាន ២​គ្រាប់​ជូន​ក្រុម​ក្នុង​ការប្រកួត​លី​គ​កំពូល​កម្ពុជា ផងដែរ។

យោង​តាម​គោល​ការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ស្របតាម​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី កំណត់ថា​ក្លិប​ជា​សមាជិក​លី​គ​របស់​ខ្លួន​អាច​ចុះបញ្ជី​កីឡាករ​បរទេស​បាន​៥​នាក់ ប៉ុន្តែ​ក្នុង​នោះ​ត្រូវមាន​កីឡាករ​អាស៊ី ១​រូប (​រូបមន្ត ៤+១)​។ ដូច្នេះ​ក្រោយ​ការ​ចាកចេញ​របស់ ខ្សែប្រយុទ្ធ Pouya Hossein ក្រុម​ភ្នំពេញ​ក្រោ​ន នៅ​កីឡាករ​បរទេស​៤​នាក់​ប៉ុណ្ណោះ ក្នុង​បញ្ជី​ដោយ​ក្នុងនោះ​មាន​ខ្សែប្រយុទ្ធ​កីឡាករ​Jorrin John (​ឈ្មោះ​ហៅ​ក្រៅ​ថា JJ) ជា​ជនជាតិ​អង់គ្លេស កីឡាករ Tsotleho JANE ហៅ​ក្រៅ​ថា​Sunny ខ្សែការពារ Jonny Campbell ជនជាតិ​អាមេរិក​និង​កីឡាករ Atsushi Shirota ជនជាតិ​ជប៉ុន​។​

ក្រុម​ភ្នំពេញ​ក្រោ​ន ក្រោម​ការដឹកនាំ​របស់​លោក Sean Sainsbury ជា​គ្រូបង្វឹក​ជនជាតិ​អង់គ្លេស សំបូរ​ទៅដោយ​កីឡាករ​វ័យក្មេង​ច្រើន​អម​ដោយ​កីឡាករ​បរទេស​ដែល​មាន​សមត្ថភាព​។ ក្រុម​នេះ​ស្ទើរតែ​អស់​ឱកាស​ក្នុងការ​ប្រជែង​យកពាន​នៅ​រដូវ​កាល​នេះ​ទៅហើយ​។ ឆ្លងកាត់​១៦​ប្រកួត​មកនេះ​ភ្នំពេញ ឈ្នះ​បាន​៧​លើក ស្មើគ្នា​៣​លើក និង​ចាញ់​៦​លើក​។ សម្រាប់​ប្រកួត​បន្ទាប់​ភ្នំពេញ​ក្រោ​ន ត្រូវ​ប៉ះ​ក្រុម​ម្ចាស់ផ្ទះ​អគ្គីសនី​កម្ពុជា នៅ​ម៉ោង​៣​រសៀល​ថ្ងៃអាទិត្យ ទី​១២ ខែសីហា ឆ្នាំ​២០១៨ លើ​ទីលាន​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu