ប៉ូលិសបាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សចំនួន២០នាក់ បានស្លាប់ បន្ទាប់ពីយន្តហោះផលិតអំឡុងសង្គ្រាមលោកលើកទីពីរមួយគ្រឿង បានធ្លាក់ចូលតំបន់ភ្នំស្វីសកាលពីចុងសប្ដាហ៍។
អ្នកនាំពាក្យប៉ូលិសលោកស្រី Anita Senti បានប្រាប់សន្និសីទកាសែតមួយថា “មានបុរស១១នាក់និងស្ត្រី៩នាក់ជិះក្នុងនោះរួមទាំងប្ដីប្រពន្ធជនជាតិអូទ្រីសនិងកូនប្រុសរបស់ពួកគេផងដែរ”។
យន្ដហោះ Junker JU52 HB-HOT ផលិតនៅអាល្លឺម៉ង់ក្នុងឆ្នាំ១៩៣៩និងត្រូវបានគេដាក់ងារឲ្យថា “Iron Annie”។ គឺជាយន្តហោះប្រមូលផ្តុំ។
លោកស្រី Senti បាននិយាយថា វាបានធ្លាក់ចូលភ្នំ Piz Segnas ដែលជាកំពូលភ្នំមានកម្ពស់ ៣,០០០ម៉ែត្រនៅភាគខាងកើតនៃប្រទេសកាលពីថ្ងៃសៅរ៍។
យោងតាមកាសែតអាល្លឺម៉ង់ Blick បានឲ្យដឹងថា ជើងហោះហើរនេះបានហោះចេញពីតំបន់ Ticino នៅភាគខាងត្បូងនៃប្រទេសហើយនឹងត្រូវចុះចតនៅព្រលានយន្តហោះយោធា Duebendorf ក្បែរទីក្រុង Zurich នៅរសៀលថ្ងៃសៅរ៍។
របាយការណ៍របស់ប្រទេសស្វីសបាននិយាយថា អ្នកដំណើរកំពុងវិលត្រឡប់មកពី Locarno វិញដែលជាកន្លែងឈប់សម្រាកមួយនៅភាគខាងត្បូងប្រទេសស្វីសលើបឹង Maggiore។
លោក Andreas Tobler មេបញ្ជាការប៉ូលិសតំបន់ Grisons បាននិយាយថា គ្មានសង្ឃឹមទេថានឹងស្វែងរកនរណាម្នាក់ដែលនៅរស់។
ការស៊ើបអង្កេតមួយបានចាប់ផ្តើមដើម្បីរកមូលហេតុនៃគ្រោះថ្នាក់នេះ។
ដោយសារតែយន្តហោះប្រភេទប្រមូលផ្តុំមិនត្រូវបានបំពាក់ជាមួយ “ប្រអប់ខ្មៅ” ដើម្បីថតទិន្នន័យយន្តហោះនិងថតសំឡេងនោះ, ក្រុមអ្នកស៊ើបអង្កេតត្រូវពឹងផ្អែកលើសាក្សីឃើញផ្ទាល់ភ្នែកនិងការវិភាគនៃកំទេចកំទី។
លោក Daniel Knech នៃសេវាស៊ើបអង្កេតសុវត្ថិភាពស្វីស SESE បាននិយាយថា អាកាសយានិកមិនមានពេលវេលាដើម្បីបញ្ជូនសញ្ញាបន្ទាន់នោះទេ។ លោកនិយាយថា លក្ខខណ្ឌអាកាសធាតុដ៏ក្តៅមិនបានរួមចំណែកដល់ការធ្លាក់យន្តហោះនេះទេ។
ទីភ្នាក់ងារសារព័ត៌មាន ATS បានរាយការណ៍ថា យន្ដហោះនេះគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ JU-Air ដែលជាក្រុមហ៊ុនមួយមានទំនាក់ទំនងជាមួយកងទ័ពអាកាសស្វីស។
លោក Kurt Waldmeier អគ្គនាយកក្រុមហ៊ុន JU-Air បានប្រាប់អ្នកយកព័ត៌មានថា យន្តហោះនេះបានឆ្លងកាត់ការត្រួតពិនិត្យថែរក្សាកាលពីខែកក្កដា។
គួរបញ្ជាក់ថា នៅក្នុងការធ្លាក់យន្តហោះមួយទៀតនៅប្រទេសស្វីសកាលពីថ្ងៃសៅរ៍ យន្តហោះទេសចរណ៍ដែលដឹកប្តីប្រពន្ធមួយគូនិងកូនតូចពីរនាក់បានធ្លាក់ចូលក្នុងព្រៃមួយនៅទីប្រជុំជន Nidwald ហើយភ្លាមៗនោះស្រាប់តែឆាបឆេះ។ គ្មានអ្នកនៅរស់ត្រូវបានគេរកឃើញទេ៕ AFP
Source: Kampuchea Thmey Daily
0 Comments