អង្គភាពកងទ័ពមួយទៀតហើយ បានទទួលការយកចិត្ដទុកដាក់ជាសម្ភារៈ ដើម្បីចូលរួមកសាងអង្គភាព និងប្រើប្រាស់សម្រាប់ការងារនិងការរស់នៅរបស់កងទ័ពប្រចាំថ្ងៃនៅក្នុងអង្គភាព។
អំណោយដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី រួមមានផ្ទាំងសូឡាចំនួន១០០គ្រឿង និងកុំព្យូទ័រលើតុចំនួន៥គ្រឿង ត្រូវបានប្រគល់ជូនបញ្ជាការដ្ឋានយោធភូមិភាគទី៥ នៅចុងសប្តាហ៍នេះ។
ឧត្តមសេនីយ៍ទោ លឹម គុណវុឌ្ឍ មេបញ្ជាការរងនៃបញ្ជាការដ្ឋានយោធភូមិភាគទី៥ បានមានប្រសាសន៍ថា ជំនួសមុខអោយនាយទាហាន នាយទានហានរង និងពលទាហាន ទាំងអស់ លោកពិតជាសប្បាយរីករាយមោទនភាពណាស់ ដែលកន្លងមកបានទទួលអំណោយដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ជាសម្ភារៈ ថវិកា គ្រឿងឧបភោគបរិភោគ ស្របពេលដែល អង្គភាពកំពុងត្រូវការជាចាំបាច់ក្នុងការកសាងអង្គភាពនិងប្រើប្រាស់សម្រាប់ការងារនិងការរស់នៅរបស់កងទ័ពប្រចាំថ្ងៃនៅក្នុងអង្គភាព។
មេបញ្ជាការរងនៃបញ្ជាការដ្ឋានយោធភូមិភាគទី៥ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្នាក់ដឹកនាំក្រសួងការពារជាតិ ដោយឡែកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងតែយកចិត្តទុក្ខដាក់លើវិស័យការពារជាតិតាមរយៈការគិតគូយកចិត្តទុកដាក់ចំពោះការហ្វឹកហ្វឺន ការកសាងអង្គភាពទ័ព និងការស្នាក់នៅហូបចុករបស់កងទ័ព គ្រួសារកងទ័ព។
គួររំលឹកផងដែរថា ការផ្តល់អំណោយជា ថវិកា សម្ភារៈបរិក្ខារផ្សេងៗ និងគ្រឿងឧបភោគបរិភោគជាច្រើនបានប្រគល់ជូនអង្គភាពទ័ពផ្សេងៗជាច្រើនទៀតគឺជាការគិតគូយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ ចំពោះការហ្វឹកហ្វឺន ការកសាងអង្គភាពទ័ព និងការស្នាក់នៅហូបចុករបស់កងទ័ព គ្រួសារកងទ័ព៕
Source: Kampuchea Thmey Daily
0 Comments