Ad Code

ខេមរៈ សិរីមន្ត ​បោះទុន​ជាង​១០​លាន​ដុល្លារ​ជាមួយ ឡេង ណា​វ៉ា​ត្រា លើ​ជំនួញ​អចលនទ្រព្យ



ភ្នំពេញ ​៖ ​បន្ទាប់ពី​កំពូល​តារាចម្រៀង​ល្បីឈ្មោះ​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​លោក​ព្រាប សុវត្ថិ និង​ឧកញ៉ា​វ័យក្មេង​លោក ឡេង ណា​វ៉ាត​ត្រា បាន​ដាក់​ទុន​រួមគ្នា​រហូតដល់​៥​លាន​ដុល្លារ​ធ្វើ​ជំនួញ​អចលនទ្រព្យ​លើ​ទំហំ​ដី​ជាង​១៣​ហិកតារ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​កាលពី​ថ្មីៗ​នោះ​ ស្រាប់តែ​នា​ព្រឹក​ថ្ងៃទី​៦ ខែសីហា​ឆ្នាំ​២០១៨​ ក៏​លេច​វត្តមាន​លោក ខេមរៈ សិរីមន្ត ប្រកាស​បោះទុន​លើ​ជំនួញ​ដីធ្លី​ជាមួយ​លោក ឡេង ណា​វ៉ា​ត់​ត្រា​ដូចគ្នា​ផងដែរ​ ដោយ​ចាយ​ទុន​របស់​លោក​គឺមាន​ទំហំ​រហូតដល់​ជាង​១០​លាន​ដុល្លារ​ឯណោះ។

កាន់តែ​ពិសេស​ជាងនេះទៅទៀត​នោះ ​លោក​ក៏បាន​ប្រកាស​ផ្ដល់​កាដូ​ជូន​អតិថិជន​ដែល​ទិញ​ដី​ក្នុង​មួយ​ឡូ​ត៍​គឺ​នូវ​សំបុត្រ​ដំណើរ​កម្សាន្ត​ទៅលេង​នៅ​ប្រទេស​សិង្ហ​បុរី​២​យប់​៣​ថ្ងៃ​ដោយ​ក្រុមហ៊ុន​ចំណាយ​លើ​ការ​ស្នាក់នៅ​និង​ធ្វើដំណើរ​រួម​ទាំង​អាហារ​ទាំងអស់​។ លោក ខេមរៈ សិរីមន្ត​បានបញ្ជាក់​នៅក្នុង​សន្និសីទ​កាសែត​នោះ​ថា ​កត្តា​ដែល​ធ្វើ​ឲ្យ​លោក​សម្រេចចិត្ត​បោះទុន​ហ៊ុន​ជាមួយ​លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ម្ចាស់​បុរី និង​ជា​ម្ចាស់​អចលនទ្រព្យ​វ័យក្មេង​ ដោយសារតែ​លោក​ចាប់ផ្ដើម​ចង់​ធ្វើ​ជំនួញ​ដីធ្លី​និង​ដោយសារ​ថា​ លោក​ក៏មាន​ដើមទុន​គ្រប់គ្រាន់​ក្នុង​គម្រោង​វិនិយោគ​មួយ​នេះ​ ដែល​លោក​យល់ថា​គួរ​ដល់ពេល​ហើយ ​ដែល​លោក​ត្រូវ​ងាក​មក​ធ្វើ​ជំនួញ​បន្ថែម​លើ​អាជីព​សិល្បៈ។

តារាចម្រៀង​ម្ចាស់​បទ ស្ទឹងត្រែង​បង​អើយ​ លោក ខេមរៈ សិរីមន្ត បាន​បន្តថា អំឡុង​ពេលមុន​​​​​ចាប់​ដៃគូ​ជាមួយ​លោក ឡេង ណា​វ៉ា​ត្រា ខ្លួន​លោក​ផ្ទាល់​ក៏មាន​ជំនួញ​ដី​ជា​លក្ខណៈ​ឯកជន​តូចៗ​ផងដែរ ហើយ​ដោយសារតែ​លោក​យល់ថា​ខ្លួន​មាន​ដើមទុន​សមល្មម​នឹងធ្វើ​ការវិនិយោគ​លើគម្រោ​ង​នេះហើយ ទើប​លោក​សិក្សា​ស្វែងរក​ដៃគូ​ ហើយ​លទ្ធផល​ចុងក្រោយ​ក៏បាន​ចាប់ដៃ​ជាមួយ​លោក​ឡេង ណា​វ៉ា​ត្រា ដែល​លោក​បញ្ជាក់ថា ​គឺជា​អ្នកជំនួញ​ដីធ្លី​វ័យក្មេង​ជោគជ័យ​ម្នាក់។

តារា​ប្រុស​រូបនេះ​និយាយទៀតថា​ មុន​បើក​គម្រោង​រួមគ្នា​ដែលមាន​តម្លៃ​ជាង​១០​លាន​ដុល្លារ​នៅ​ឃុំ​ព្រះ​និព្វាន ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ជិត​ផ្សារ​ព្រៃទទឹង​លើផ្លូវ​ជាង​លេខ​៣​ចម្ងាយ​ពី​រង្វង់​មូល​ចោមចៅ​១១​គីឡូ ដើម្បី​ពុះ​ជា​ឡូ​ត៍​នោះ​ លោក​និង​លោក ឡេង ណា​វ៉ា​ត្រា បាន​ប្រើ​ពេល​ក្នុងការ​ស្វែងរក​ដី​យ៉ាង​លំបាក​យ៉ាងខ្លាំង អញ្ចឹង​ហើយ​ទើប​លោក​មាន​ជំនឿ​យ៉ាងខ្លាំង​ថា​ដីឡូត៍​ដែល​ពួកលោក​ដាក់​ហ៊ុន​រួមគ្នា ពិតជា​មានការ​ចាប់អារម្មណ៍​ខ្ពស់​ពី​សំណាក់​អតិថិជន​ដោយសារតែ​ទីតាំង​គឺ​ទិញ​ភ្លាម​អាច​សង់ផ្ទះ​នៅបាន ហើយ​បើ​និយាយ​ពី​ប្រព័ន្ធ​ទឹក​ភ្លើង​ក៏បាន​ដំឡើង​អោយ​មាន​ភាព​ងាយស្រួល​ដល់​ការរស់នៅ។
លោក ខេមរៈ សិរីមន្ត បញ្ជាក់ថា ​ចំពោះ​ដី​ឡូ​ត៍​ដែល​លោក​សម្រេចចិត្ត​បោះទុន​ជាមួយ​លោក​ឡេង ណា​វ៉ា​ត្រា ជា​លើកដំបូង​នេះ​ លោក​នឹង​កំណត់​ក្នុងតម្លៃ​ចាប់ពី​៥៨០០​ដុល្លារ​ឡើងទៅ​ដោយ​អតិថិជន​ដែល​ទិញ​ភ្លាមៗ​គឺ​បាន​សំបុត្រ​ទៅលេង​និង​ស្នាក់នៅ​២​យប់​នៅក្នុង​ប្រទេស​សិង្ហ​បុរី​តែម្ដង ក្នុង​រយៈពេល​១៥​ថ្ងៃក្រោយ​ការប្រកាស។

ជាមួយគ្នានេះដែរ​ លោក​ឧកញ៉ា​វ័យក្មេង ឡេង ណា​វ៉ា​ត្រា ក៏បាន​លើកឡើងថា ​​​ការ​ចាប់​ដៃគូ​ជាមួយ​លោក ខេមរៈ សិរីមន្ត គឺ​មិនមាន​បញ្ហា​ជាមួយ​លោក ព្រាប សុវត្ថិ នោះទេ ដោយសារតែ​ការវិនិយោគ​ទាំង​២​ស្ថិតក្នុង​គម្រោង​ផ្សេងគ្នា។

លោ​កថា​ គម្រោង​បោះទុន​រួមគ្នា​នេះ ​មិនមែន​ដោយសារតែ​លោក​ខ្វះ​ដើមទុន​ក្នុង​គម្រោង​ដី​ឡូ​ត៍​នៅ​ផ្សារ​ព្រៃទទឹង​ផ្លូវជាតិ​លេខ​៣​នោះទេ​ ប៉ុន្តែ​បណ្ដាលមកពី​លោក ខេមរៈ សិរីមន្ត ក៏​ជា​តារា​ល្បី​មួយរូប និង​ដោយសារតែ​លោក​ក៏​មាន​ឆន្ទៈ​ក្នុង​ការធ្វើ​ជំនួញ​ផង​ ទើប​លោក​ចូល​ហ៊ុន ដើម្បីអោយ​ការធ្វើ​ជំនួញ​ដី​ឡូ​ត៍​របស់​លោក ​នឹង​កាន់​តែមាន​ទំនុកចិត្ត៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu