Ad Code

គ​.​ជ​.​ប នឹង​បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​យុទ្ធនាការ​ម្រាមដៃ​ស្អាត នៅ​បាត់ដំបង នា​ថ្ងៃទី​៨ សីហា ខាងមុខ



ភ្នំពេញ ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៨ ខាងមុខ នឹង​លើកយក​សំណុំរឿង​លេខ​០០១ ពាក់ព័ន្ធ​យុទ្ធនាការ​ម្រាមដៃ​ស្អាត ដែល​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ខេត្តបាត់ដំបង សម្រេច​ផាកពិន័យ​លើ​បុគ្គល​ចំនួន​៥​នាក់ ក្នុង​ម្នាក់ៗ​១០​លាន​រៀល មក​សវនាការ​ជំនុំជម្រះ​។

នៅមុន​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ២០១៨ ក្រុម​ប្រឹក្សាឃុំ និង​ភ្នាក់ងារ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខេត្តបាត់ដំបង បាន​ប្តឹង​ក្រុម​យុទ្ធនាការ​ម្រាមដៃ​ស្អាត ដែល​គេ​ស្គាល់​ថា ជា​អតីត​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្តបាត់ដំបង ចំនួន​៥ បណ្តឹង បន្ទាប់ពី​ពួកគេ​បាន​ដឹកនាំ​ធ្វើ​យុទ្ធ​នា​ការ​ម្រាមដៃ​ស្អាត នៅក្នុង​ទឹកដី​ខេត្តបាត់ដំបង ដើម្បី​ប្រឆាំង​ចំពោះ​ការបោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ហើយ​ក្រោយមក គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ខេត្ត បាន​សម្រេច​ពិន័យ​បុគ្គល​ចំនួន​៥​រូប ក្នុង​ម្នាក់ៗ​១០​លាន​រៀល ប៉ុន្តែ​ពួកគេ​មិន​ព្រម ទើប​ប្តឹង​បន្ត​មក គ​.​ជ​.​ប​។

តាម​សេចក្តី​សម្រេច​ចុះ​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៨ របស់ គ​.​ជ​.​ប ចុះហត្ថលេខា​ដោយ​លោក ស៊ិ​ក ប៊ុន​ហុក បាន​ឲ្យ​ដឹងថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានសម្រេច​លើកយក​សំណុំរឿង​លេខ​០០១ ពាក់ព័ន្ធ​យុទ្ធនាការ​ម្រាមដៃ​ស្អាត នៅ​បាត់ដំបង មក​បើកសវនាការ ហើយ​ក្នុងនោះ សមាសភាព​នៅក្នុង​សវនាការ​រួមមាន ទី​១, លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន ទី​២, លោក នុត សុខុម ជា​សមាជិក ទី​៣, លោក មាន ស​ទិ ជា​សមាជិក ទី​៤, លោក ឌឹ​ម សុ​វណ្ណា​រុំ ជា​សមាជិក ទី​៥, លោក ឌុ​ច សុន ជា​សមាជិក ទី​៦, លោក ហ៊ីង ធី​ប្ញ​ទ្ធិ ជា​សមាជិក ទី​៧, លោក ឯម សូផាត ជា​សមាជិក ទី​៨, លោក ហ៊ែ​ល សារ៉ាត់ ជា​សមាជិក និង​ទី​៩, លោក ហង្ស ពុទ្ធា ជា​សមាជិក​។

ក្នុង​នោះ​មាន​គណៈ​លេខាធិការ​សវនាការ​ចំនួន​៦​រូប រួមមាន ទី​១, លោក សោម សូ​រី​ដា ជា​ប្រធាន ទី​២, លោក កែវ ផល្លា ជា​សមាជិក ទី​៣, លោក ជា​អនុប្រធាន ទី​៤, លោក ភាព វីរៈ ជា​សមាជិក ទី​៥, លោក ភាព វិចិត្រ ជា​សមាជិក និង​ទី​៦, លោក ហួត បូ​រិ​ន ជា​សមាជិក​។

ទាក់ទង​បញ្ហា​នេះ លោក ឌឹ​ម សុ​វណ្ណា​រុំ សមាជិក និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា នៅ​ថ្ងៃទី​៨ ខែសីហា ​ឆ្នាំ​២០១៨ ខាងមុខ គ​.​ជ​.​ប នឹង​បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​លេខ​០០១ ពាក់ព័ន្ធ​យុទ្ធនាការ​ម្រាមដៃ​ស្អាត ដែល​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត ខេត្តបាត់ដំបង សម្រេច​ផាកពិន័យ លើ​បុគ្គល​ចំនួន​៥​នាក់ ក្នុង​ម្នាក់ៗ​១០​លាន​រៀល​។ លោក​បន្ត​ថា ការ​ពិន័យ​នោះ យោងតាម​មាត្រា​១៤២ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ហើយ​ភាគី​ចុង​ចម្លើយ​បាន​ប្តឹង​បន្ត​មក គ​.​ជ​.​ប ជំទាស់​នឹង​សេចក្តីសម្រេច​លេខ​០០១ ចុះ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៨ របស់​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ខេត្តបាត់ដំបង​។

សូមបញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៨ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ខេត្តបាត់ដំបង បានរៀបចំ​បើកសវនាការ​លើ​បណ្តឹង​ចំនួន​៥ ទាក់ទង​យុទ្ធនាការ​ម្រាមដៃ​ស្អាត ហើយ​បន្ទាប់ពី​បើកសវនាការ​អស់​រយៈពេល​មួយ​ព្រឹក គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ខេត្ត បានសម្រេច​ធ្វើការ​ផាកពិន័យ​ជា​ទឹកប្រាក់ ក្នុង​ម្នាក់ៗ​ចំនួន​១០​លាន​រៀល​។ សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​០៥​រូបនោះ រួមមាន​ទី​១, ឈ្មោះ ថោង សាវឿន អាយុ​៥១​ឆ្នាំ រស់នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ទី​២, ឈ្មោះ ម៉ាង ឈុន អាយុ​៥១​ឆ្នាំ រស់នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ទី​៣, ឈ្មោះ ជា ជាវ អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទី​៤, ឈ្មោះ ពៅ តាំង និង​ទី​៥, ឈ្មោះ គ្រុយ គឹម​សាំង​។

តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា អតីត​សមាជិក​បក្ស​ចំនួន​៥​រូប របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) នៅតាម​បណ្តា​ស្រុក​នានា ក្នុង​ខេត្តបាត់ដំបង ត្រូវបាន​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ខេត្ត​បាត់ដំបង ធ្វើការ​កោះហៅ​ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​ក្នុង​សវនាការ ដោយសារ​ជន​ទាំង​៥ រូបនេះ ត្រូវបាន​មន្ត្រី​គណបក្ស​ប្រជាជន ប្តឹង​ពាក់ព័ន្ធ​ទៅ​នឹង​យុទ្ធនាការ​ម្រាមដៃ​ស្អាត​របស់​ចលនា​សង្គ្រោះ​ជាតិ​។ អង្គ​សវនាការ​នោះ បានសម្រេច​ធ្វើការ​ផាកពិន័យ​ទៅលើ​បុគ្គល​ទាំង​៥​រូប ដែលមាន​ចេតនា​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​បោះឆ្នោត ក្នុង​ម្នាក់ៗ​ចំនួន​១០​លាន​រៀល នេះ​មិនទាន់​គិត​ពី​បទល្មើស​ព្រហ្មទណ្ឌ​នៅឡើយ ហើយ គ​.​ជ​.​ប បើក​សិទ្ធ​ឲ្យ​ប្តឹងតវ៉ា​បាន​តាមផ្លូវ​ច្បាប់​។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ដែរ​ថា នៅក្នុង​រយៈកាល​នៃ​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត មនុស្ស​ទាំង​៥​នាក់​នេះ បាន​ធ្វើ​ការ​បង្ហោះ​រូបភាព និង​សារ​មួយចំនួន ដោយ​លើក​ម្រាមដៃ ក្នុង​ន័យ​បំផុសបំផុល​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត នា​ថ្ងៃទី​២៩ ខែកក្កដា ដោយ​គេ​ប្រើ​ពាក្យ​មួយ​ឃ្លា​ថា “​យុទ្ធនាការ​ម្រាមដៃ​ស្អាត​” មានន័យថា មិន​ចូលរួម​បោះឆ្នោត​។ ក្រោយពី​មាន​យុទ្ធនាការ​ម្រាមដៃ​ស្អាត និង​ចលនា​សង្គ្រោះ​ជាតិ ក្នុង​គោលបំណង​រារាំង​មិន​ឲ្យ​ប្រជាពលរដ្ឋ​បាន​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ខ្មែរ​បែបនេះ ទើប​ក្រុមការងារ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បានដាក់​ពាក្យ​ប្តឹង​ទៅលើ​មន្ត្រី​ទាំង​៥ រូបនោះ​ទៅ គ​.​ជ​.​ប ថ្នាក់​ខេត្ត ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu