ការប្រកួតជម្រុះប្រដាល់ដណ្តើមពានរង្វាន់ជើងឯកTV5 Knock Out Series by K.Cement ទម្ងន់៦០គីឡូក្រាម លើសង្វៀន TV5 ព្រែកកំពឹស កាលពីយប់ថ្ងៃទី១១ ខែសីហា លាភ រដ្ឋា អ្នកប្រដាល់ក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យ និង កំពែង ខ្មៅ អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងកសិកម្ម បានឆ្លងផុតដំណាក់កាលទី២ ហើយ។
លាភ រដ្ឋា គេបានយកឈ្នះម៉ន ព្រហ្មម៉ាញ អ្នកប្រដាល់ក្លិបការិយាល័យទី៥ កងទ័ពជើងគោកដោយពិន្ទុ ក្នុងការប្រកួតដែលមានតែបីទឹកនោះ ។រដ្ឋា ឈ្នះម៉ន ព្រហ្មម៉ាញ ក្នុង លក្ខណះប្រផុតប្រផើយតែប៉ុណ្ណោះ ដោយឈ្នះក្នុងលទ្ធផល៣ទល់២ គឺក្នុងចំណោមចៅក្រម៥រូប មាន៣រូបបានផ្តល់ពិន្ទុឲ្យគេឈ្នះ ហើយ២រូបអោយគេចាញ់។
ម៉ន ព្រហ្មម៉ាញ ត្រូវកណ្តាប់ដៃរបស់របស់លាភ រដ្ឋាមិនតិចដៃទេក្នុងការប្រកួត៣ទឹកនោះ ។ ប្រកួតបីទឹក ម៉ន ព្រហ្មម៉ាញ រត់តែពេញរេញនោះ ដោយសារខ្លាចកណ្តាប់ដៃលាភ រដ្ឋា ដែលសម្រុកវាយមិនបណ្តាក់ដៃនោះ។
គួរបញ្ជាក់ថា ការប្រកួតជម្រុះក្នុងដំណាក់ទី២នេះ ក៏ប្រកួតបីទឹកដូចក្នុងដំណាក់កាលទី១ដែរ ។ ដូច្នេះ ម៉ន ព្រហ្មម៉ាញ គេត្រូវជ្រុះធ្លាក់ចេញពីការប្រកួតដណ្តើមពានរង្វាន់ជើងឯកTV5 Knock Out Series by K.Cement ទម្ងន់៦០គីឡូក្រាមត្រឹមនេះ ។ ឯ លាភ រដ្ឋាគេនឹងត្រូវនៅបន្តការប្រកួតក្នុងដំណាក់កាលទី៣ទៀត។
ចំណែក កំពែង ខ្មៅ គេបានឈ្នះលើដៃគូដោយស្វ័យប្រវត្តិ ដោយសារតែសេក ចៅជូត ក្លិបអង្គរមានជ័យខេត្តសៀមរាប ដែលជាដៃគូរបស់គេមានជម្ងឺមិនអាចមកធ្វើការប្រកួតបាន ម្ល៉ោះហើយចៅជូតត្រូវចាញ់ដោយស្វ័យប្រវត្តិ។
ដូច្នេះ កំពែង ខ្មៅ គេត្រូវនៅបន្តការប្រកួតក្នុងដំណាក់កាលទី៣ទៀត ឯ សេក ចៅជូតត្រូវជ្រុះធ្លាក់ត្រឹមនេះ ។កំពែង ខ្មៅ បើសេក ចៅជូត មិនឈឺមកប្រកួតវិញនោះ គឺពិបាក ហើយព្រោះចៅជូត គេល្អនិងខ្លាំង ។
គួរបញ្ជាក់ថា នៅក្នុងការប្រកួតដំណាក់កាលទី២នេះ ក៏ជាការប្រកួតចាញ់ធ្លាក់ដែរ ។ អ្នកប្រដាល់ទាំង១៦នាក់ ដែលចំរ៉ាញ់បានក្នុងដំណាក់កាលទី១នោះ នឹងត្រូវជួបប្រកួតគ្នាជម្រុះចោល៨នាក់ ទុក៨នាក់ ដែលជាអ្នកឈ្នះសម្រាប់បន្តការប្រកួតក្នុងដំណាក់កាលទី៣ ដែលជាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង ផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមពានរង្វាន់ជើងឯក ។
កំពែង ខ្មៅ ថ្វីត្បិតតែបានឈ្នះក្នុងការប្រកួតជម្រុះពានរង្វាន់នេះក្តី ប៉ុន្តែត្រូវគេតម្រូវអោយប្រកួតមិត្តភាពជាមួយសេក គឹមសាន្ត អ្នកប្រដាល់ក្លិបអង្គរមានជ័យខេត្តសៀមរាប ដែលក្រោយបញ្ចប់ការប្រកួត៥ទឹកនោះ លទ្ធផលបានត្រឹមស្មើគ្នាប៉ុណ្ណោះ ។
ដោយឡែក ពេជ្រ ម្ទេសខ្មាំង អ្នកប្រដាល់ក្លិបអារុណរះកីឡា ដែលគេផ្គូអោយជួបប្រកួតជាមួយបរទេសនោះ គេបានផ្តួលអ្នកប្រដាល់ថៃឃុន ស៊ីលីក ក្នុងទឹកទី២ ដោយទាត់ស៊ីលីក អោយឈឺជើងខាងស្តាំ ហើយក្រោយអាជ្ញាកណ្តាលរាប់៨នោះ ម្ទេសខ្មាំងក៏សម្រុកដាល់ប្រដាល់ថៃនោះទាល់តែសន្លប់លែងក្រោកតែម្តង ។ឃុន ស៊ីលីក ត្រូវម្ទេសខ្មាំងដាល់ចំគល់ថ្គាមមួយដៃយ៉ាងដំណំ ធ្វើអោយអ្នកប្រដាល់ថៃរូបនោះ ដួលដេកលើរេញ ទោះបីអាជ្ញាកណ្តាលរាប់ដល់ដប់ហើយក្តី ក៏គេក្រោកមិនរួចដែរ ។
ឯ ភិន សុទី អ្នកប្រដាល់ក្លិបទីបញ្ជាការដ្ឋានកងទ័ពជើងទឹក បានវាយចាញ់ម៉ន ចៅក្របី អ្នកប្រដាល់ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ក្នុងទឹកទី៣ ។ ភិន សុទី ត្រូវចៅក្របី វាយអោយអាជ្ញាកណ្តាលរាប់៨ក្នុងទឹកទី២ចំនួន២ដង ហើយមកដល់ទឹកទី៣ ក៏ត្រូវចៅក្របីវាយកែងត្រូវដួលទៀតដែរ ដែលដួលម្តងទៀតនេះ ភិន សុទីត្រូវអាជ្ញាកណ្តាលបញ្ឈប់លែងអោយប្រកួតតែម្តង៕
Source: Kampuchea Thmey Daily
0 Comments