ភ្នំពេញ ៖ កំណាត់ផ្លូវមួយខ្សែ ដែលទទួលរងការខូចខាតដោយការហូរបាក់ផ្តាច់ដោយជំនន់ទន្លេសាប នៅក្រុមទី២ ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌឬស្សីកែវ មកដល់ពេលនេះ ពោលគឺមិនបានដល់១០ថ្ងៃផង ការស្ថាបនាសម្រេចបានប្រមាណ៧០ភាគរយហើយ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា កំណាត់ផ្លូវមួយខ្សែខាងលើនេះ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងចាក់ថ្មដុំធំ និងច្រកបាវខ្សាច់ បំពេញច្រាំងទន្លេសាបដែលបាក់នេះសម្រេចលទ្ធផលបាន ៧០% ហើយ ដើម្បីឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានជាបណ្ដោះអាសន្ន ព្រោះប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ប្រាស្រ័យតែផ្លូវមួយនេះទេ។
គួររំលឹកផងដែរថា អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង កាលពីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨កន្លងមកថ្មីៗនេះ ពោលគឺខណៈ ដែលលោកដឹកនាំអាជ្ញាធរដែនដី និងមន្ត្រីជំនាញក្រោមឱវាទ ចុះទៅពិនិត្យមើលស្ថានភាពជាក់ស្តែង នៃការបាក់ច្រាំងទន្លេនេះ លោកបានបញ្ជាជាបន្ទាន់ឱ្យមន្ត្រីជំនាញពាក់ព័ន្ធ ធ្វើការស្ថាបនាឡើងវិញ នៅកំណាត់ផ្លូវមួយខ្សែ ដែលទទួលរងការខូចខាតនេះភ្លាមៗតែម្តង។
បើតាមការបញ្ជាក់របស់លោកឃួង ស្រេង កាលពីថ្ងៃនៃការចុះធ្វើការត្រួតពិនិត្យនោះថា ការស្ថាបនាផ្លូវច្រាំងទន្លេដែលបាក់នេះ ធ្វើឡើងជាបណ្ដោះអាសន្ន សំខាន់ទប់កុំឱ្យបាក់បន្ត និងមួយវិញទៀតគឺអាចឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានជាបណ្ដោះអាសន្ន ព្រោះប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ប្រាស្រ័យតែផ្លូវមួយនេះទេ។
លោកអភិបាលបន្តថា នៅរដូវទឹកស្រកខាងមុខនេះ លោកនឹងឱ្យមន្ត្រីជំនាញ ចុះមកសិក្សាបច្ចេកទេសឱ្យបានហ្មត់ចត់ ហើយរដ្ឋបាលរាជធានី នឹងអាចបុកស៊ីវផាយ ដើម្បីធ្វើឱ្យផ្លូវនេះរឹងមាំជាប់លាប់តែម្តង៕
Source: Kampuchea Thmey Daily
0 Comments