Ad Code

រឿង សា​រ័ត្ន បន្ត​ឈ្នះ Ou Ronou ខ​ណះ​ហ៊ឹម សេរី ឈ្នះ Sing Dam



អ្នក​ប្រដាល់​ថៃ Ou Ronou ដែល​ឡើងមក​សងសឹក រឿង សា​រ័ត្ន អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆត្រ​យោង​៩១១ នៅលើ​សង្វៀន​Carabao​របស់​SEA-TV កាក​លពី​រសៀល​ថ្ងៃទី​១១​ ខែ​សីហា ឆ្នាំ​២០១៨ នោះ បាន​បន្ត​ចាញ់​ដោយ​ពិន្ទុ​ម្តង​ទៀត។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦៥ គីឡូក្រាម។​

រឿង សា​រ័ត្ន ឈ្នះ Ou Ronou ទាំង​ប្រផុតប្រផើយ ក្នុងពេលដែល​អាជ្ញាកណ្ដាល​លោក​ម៉ាក់​សាមឿន បាន​ព្រមាន Ou Ronou ឲ្យ​ប្រកួត​ម្តង​ជា​ពីរដង​នោះ។

Ou Ronou គេ​ជា​ជើង​ខ្លាំង​មួយរូប ធ្លាប់​មក​ប្រកួត​ពីរដង​ហើយ ដែល​លើក​ទី​១​វាយ​ស្មើ​ជាមួយ​យុគ យក្ស​គី​ល អ្នក​ប្រដាល់​ក្លិប​កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ​កាលពី​ថ្ងៃទី​០៨​មេសា​២០១៨ និង​លើក​ទី​២ ថ្ងៃទី​១៧​មិថុនា​២០១៨ Ou Ronou វាយ​ចាញ់​រឿង សា​រ័ត្ន​ដោយ​ពិន្ទុ។

យ៉ាងណា ប៉ះ​ជាមួយ​រឿង សា​រ័ត្ន Ou Ronou ពិតជា​ពិបាក​វាយ​ដោយសារតែ​សា​រ័ត្ន មិន​ទុក​ឪ​កាស​អោយ​បញ្ចេញ​កណ្តាប់ដៃ​ឬ​ជើង​ទាត់​មុន​នោះទេ ពោលគឺ​ក្នុង​ការប្រកួត​គ្នា​៥​ទឹក​នោះ រឿង សា​រ័ត្ន ចូល​វាយ Ou Ronou មុន​ជានិច្ច ដែល​ធ្វើ​អោយគេ​មានប្រៀប​ឈ្នះ​លើ​អ្នក​ប្រដាល់​ថៃ​នេះ។​

អ្នក​ប្រដាល់​វ័យក្មេង ហ៊ឹម សេរី ក្លិប​តា​ព្រហ្ម​មានជ័យ បាន​ប្រកួត​ឈ្នះ អ្នក​ប្រដាល់​ថៃ Sing Dam ដោយ​ពិន្ទុ​យ៉ាង​វេទនា ក្នុងការ​ជួបគ្នា​ទម្ងន់​៥១​គីឡូក្រាម។

ហ៊ឹម សេរី គេ​ឈ្នះ Sing Dam ដោយ​កណ្តាប់ដៃ​ក្នុងការ​ប្រកួត​ទឹក​ចុងក្រោយ​នោះ ។ ជាមួយនឹង​ការ​ឈ្នះ​នេះ ហ៊ឹម សេរី ក៏​ចង់​ដួល​ដោយសារ​ជើង​ទាត់​កាត់​របស់ Sing Dam ដែល​ទាត់​ចូល​ឆ្អឹងជំនី​គេ​ពេញៗ​នោះដែរ ។​ក្រោយ​បញ្ចប់​ការប្រកួត ហ៊ឹម សេរី​អង្គុយ​សំកុក​ចង់​កន្លះ​ម៉ោង ទើប​អាច​ស្រួល​ដង្ហើម​វិញ៕

ធន់​ចាន់​តាក់​ឈ្នះ Yoth Phit ឯន​ន់ ជំនិត ឈ្នះ Naser
​ធន់ ចាន់​តាក់ អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ ដែល​ត្រូវគេ​ផ្គូផ្គង​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Yoth Phit ក្នុង​ទម្ងន់​៦៣,៥០០ គ​.​ក្រ​នោះ បាន​ផ្តួល Yoth Phit អោយ​បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​៤ កាលពី​រសៀល​ថ្ងៃទី​១១​សីហា​២០១៨ នៅលើ​សង្វៀន​Ganzberg SEATV ។​

ចាន់​តាក់ បាន​វាយ Yoth Phit អោយ​អាជ្ញាកណ្តាល​រាប់​៨​ក្នុង​ទឹក​ទី​៤ ហើយ​បន្ទាប់មក​គេ​(Yoth Phit ) គេ​ក៏​បោះបង់​ការប្រកួត ដោយសារ​ឈឺ​កដៃ​ស្តាំ ដែល​បណ្តាលមកពី​ការ​ទាត់​ត្រូវ​របស់​ធន់ ចាន់​តាក់​នោះ​។

ចំណែក ន​ន់ ជំនិត អ្នក​ប្រដាល់​ក្លិប​ស្វាយ​រលំ​ឫទ្ធី​ជ័យ ដែលជា​ជើង​ខ្លាំង​ជើងចាស់​របស់​កម្ពុជា បាន​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ជនជាតិ​បារាំង Naser ដោយ​ពិន្ទុ បន្ទាប់ពី​វាយ​គ្នា​៥​ទឹក​ពេញ​នោះ ។​ពួកគេ​ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧១ គីឡូក្រាម។

ន​ន់​ជំនិត ឈ្នះ Naser ដោយ​វេទនា ក្នុងពេល​ការប្រកួត​ក្នុង​ទឹក​ទី​១ ជំនិត​ត្រូវ Naser ដាល់​ត្រូវ​មុខ​ដួល ត្រូវ​អាជ្ញាកណ្តាល​រាប់​៨​ម្តងនោះ។ ទោះជា​យ៉ាងនេះ​ក្តី ន​ន់ ជំនិត គេ​គ្មាន​ញញើត​ខ្លាច Naser អ្វី​បន្តិច​ណា​ឡើយ គឺ​នៅតែ​សម្រុកចូល​វាយ​អ្នក​ប្រដាល់​បារាំង​រូបនោះ​រហូត​ទទួលបាន​ជ័យជម្នះ​ដោយ​ពិន្ទុ ។ គេ​មាន​កណ្តាប់ដៃ​ល្អ វាយ​ចេញចូល​រហ័ស ហើយ​ស្នៀត​ទាត់​និង​ជង្គង់ កែង ក៏​ល្អ​ថែមទៀត ។ ក្នុង​កំនត់ត្រា​ប្រកួត​ចំនួន​៧៤​លើក​ជំនិត​វាយ​ឈ្នះ​៥៧​លើក ចាញ់​១៥​លើក និង​ស្មើ​០២​លើក​ប៉ុណ្ណោះ៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu