ប្រទេសមួយចំនួនកំពុងនាំយកច្បាប់ដើម្បីប្រឆាំងនឹង “ព័ត៌មានក្លែងក្លាយ” ដែលជាការគំរាមកំហែងជាក់លាក់មួយក្នុងអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ប៉ុន្តែក្រុមអ្នករិះគន់បានព្រមានអំពីគ្រោះថ្នាក់ដល់សេរីភាពនៃការបញ្ចេញមតិនិងប្រព័ន្ធផ្សព្វផ្សាយ។
ខាងក្រោមនេះគឺជាស្ថានភាពនៅក្នុងប្រទេសមួយចំនួន៖
អាល្លឺម៉ង់
នៅខែមិថុនាឆ្នាំ២០១៧ រដ្ឋសភាបានអនុម័តច្បាប់មួយប្រឆាំងនឹងការបង្ហោះនិយាយស្អប់ខ្ពើម រូបអាសអាភាសកុមារ ធាតុទាក់ទងនឹងអំពើភេរវកម្មនិងព័ត៌មានមិនពិតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
ក្រោមច្បាប់នោះ ប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Facebook និង Twitter អាចត្រូវបានពិន័យជាប្រាក់ចំនួន៥០លានអឺរ៉ូ (៥៨លានដុល្លារអាមេរិក) ប្រសិនបើពួកគេមិនបានលុបចោលនូវមាតិកាខុសច្បាប់បែបនេះ។
នាយករបស់ពួកគេក៏អាចត្រូវពិន័យជាទឹកប្រាក់ចំនួន៥លានអឺរ៉ូផងដែរ។
បារាំង
សេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសចំនួនពីរកំពុងស្ថិតក្រោមការពិភាក្សានៅក្នុងរដ្ឋសភាបារាំងក្នុងគោលបំណងការពារប្រឆាំងនឹង “ការរៀបចំព័ត៌មាន” ក្នុងអំឡុងពេលបោះឆ្នោត។
ច្បាប់នេះនឹងអនុញ្ញាតឲ្យបេក្ខជនឬគណបក្សនយោបាយសុំឲ្យតុលាការបញ្ជាឲ្យបញ្ឈប់ការបោះពុម្ភផ្សាយពត៌មានដែលគេចាត់ទុកថាខុសឆ្គងភ្លាមៗក្នុងរយៈពេល៣ខែមុនឈានទៅដល់ការបោះឆ្នោតជាតិ។
ជាមួយនឹងការគាំទ្រដោយលោកប្រធានាធិបតី Emmanuel Macron, សេចក្តីព្រាងច្បាប់នេះត្រូវបានរិះគន់ដោយសមាជិកសភាគណបក្សប្រឆាំងថាជាការវាយប្រហារលើសេរីភាពបញ្ចេញមតិ។
ប្រេស៊ីល
មានសេចក្តីព្រាងច្បាប់មិនតិចជាង១៤ដែលទាក់ទងនឹង “ព័ត៌មានក្លែងក្លាយ” ទេដែលកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យនៅក្នុងសភាប្រេស៊ីលខណៈដែលព័ត៌មានមិនពិតកំពុងតែកើតមាននៅក្នុងប្រទេសនេះមុនការបោះឆ្នោតប្រធានាធិបតីពោរពេញដោយជម្លោះនៅក្នុងខែតុលា។
សេចក្តីព្រាងច្បាប់មួយបានអនុម័តរួចទៅហើយនៅក្នុងសភាជាន់ខ្ពស់ហើយបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររហូតដល់ទៅ៣ឆ្នាំសម្រាប់ការផ្សព្វផ្សាយព័ត៌មានមិនពិតតាមអ៊ីធឺណិតទាក់ទងនឹងសុខភាព សន្តិសុខ សេដ្ឋកិច្ចជាតិ ដំណើរការបោះឆ្នោតឬប្រធានបទសាធារណៈដទៃទៀត។
កាលពីខែមិថុនា គណបក្សនយោបាយចំនួន១០ក្នុងចំណោមគណបក្សនយោបាយទាំង៣៥របស់ប្រទេសប្រេស៊ីលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយអាជ្ញាធរបោះឆ្នោតដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត។
ម៉ាឡេស៊ី
សភាម៉ាឡេស៊ីកាលពីខែមេសាឆ្នាំ២០១៨បានអនុម័តច្បាប់មួយដែលផ្ដន្ទាទោសការផ្សព្វផ្សាយព័ត៌មានខុសឆ្គងតាមផ្នែកខ្លះឬទាំងស្រុងជាមួយនឹងការជាប់ពន្ធនាគាររហូតដល់ទៅ៦ឆ្នាំនិងពិន័យជាប្រាក់ចំនួន៥០០,០០០រីងហ្គីត (១២៣,០០០ដុល្លារអាមេរិក)។
វាត្រូវបានរិះគន់ដោយគណបក្សប្រឆាំងនិងក្រុមសិទ្ធិមនុស្សថាជាការប៉ុនប៉ងដើម្បីបំបិទមាត់ការរិះគន់រដ្ឋាភិបាល។
គណបក្សប្រឆាំងបានឈ្នះការបោះឆ្នោតកាលពីខែឧសភាហើយនាយករដ្ឋមន្ត្រីថ្មីលោក Mahathir Mohamad ដែលស្ថិតក្នុងចំណោមអ្នករិះគន់គឺបានធ្វើឲ្យប្រជាជនភ្ញាក់ផ្អើលនៅពេលគាត់និយាយថា ច្បាប់នេះនឹងត្រូវពិនិត្យឡើងវិញប៉ុន្តែមិនលុបចោលទេ។
បន្ទាប់ពីមានការរិះគន់ លោក Mahathir បាននិយាយថា ច្បាប់នេះនឹងត្រូវលុបចោលនៅពេលដែលសភាកោះប្រជុំឡើងវិញក្នុងខែសីហា។
កេនយ៉ា
លោកប្រធានាធិបតី Uhuru Kenyatta កាលពីខែឧសភាបានចុះហត្ថលេខាដាក់ការបោសសម្អាតឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតឲ្យក្លាយទៅជាច្បាប់មួយដែលចាត់ទុកការយាយីតាមអនឡាញគឺជារឿងខុសច្បាប់ប៉ុន្តែក៏មានគោលបំណងបញ្ឈប់ការរីករាលដាលនៃ “ព័ត៌មានក្លែងក្លាយ” ផងដែរ។
ឃ្លាមួយគឺផ្តោតទៅលើការបោះពុម្ភផ្សាយទិន្នន័យក្លែងក្លាយ បំភាន់ឬក្លែងបន្លំដែលត្រូវពិន័យជាប្រាក់ចំនួន៥០,០០០ដុល្លារអាមេរិកឬផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់២ឆ្នាំឬទាំងពីរ។
ក្រុមអ្នករិះគន់បានអះអាងថា វាអាចរារាំងសេរីភាពសារព័ត៌មាននិងធ្វើឲ្យមានភាពងាយស្រួលដល់អាជ្ញាធរដើម្បីបញ្ឈប់អ្នកកាសែតពីការបោះពុម្ពផ្សាយព័ត៌មានដែលពួកគេមិនចូលចិត្ត៕ AFP
Source: Kampuchea Thmey Daily
0 Comments