ក្រុមបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលីស) ត្រូវប៉ះក្រុមសូលទីឡូអង្គរ ហើយក្រុមវិសាខា ជួបក្រុមវេស្ទើនភ្នំពេញ និងក្រុមភ្នំពេញក្រោន ទទួលក្រុមព្រះខ័នរាជស្វាយរៀង នៅល្ងាចថ្ងៃសៅរ៍ ទី៤ខែសីហា ឆ្នាំ២០១៨ ប្រចាំសប្ដាហ៍ទី១៦ នៃពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018)។
*អគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ះសូលទីឡូអង្គរ
ក្រុមប៉ូលីស ត្រូវទទួលក្រុមសូលទីឡូអង្គរ នៅវេលាម៉ោង៦ល្ងាចលើទីលានពហុកីឡដ្ឋានជាតិដែលមានផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុករបស់ CNCC។ ក្រុមប៉ូលីស កំពុងឈរលេខ៥ ក្នុងចំណោមក្លិបទាំង១២ បន្ទាប់ពីឈ្នះបាន៦លើក ស្មើគ្នា៣លើកនិងចាញ់៦លើក។ លោក នុត សូនី គ្រូបង្វឹកក្រុមនេះរំពឹងថា កូនក្រុមនឹងធ្វើបានល្អបន្ថែមទៀតក្នុងប្រកួតនៅពេលខាងមុខៗ ស្របពេលមានកីឡាករស្ទើរតែពាក់កណ្ដាលក្រុម ទើបតែបញ្ចប់បំពេញកាតព្វកិច្ចនៅសាលាបណ្ឌិតសភានគរបាលជាតិ។ ម្យ៉ាងទៀតក្លិបមានកីឡាករសំខាន់ម្នាក់បានផ្ទេរចេញ គឺ ទិត្យ ឌីណា ទៅចូលរួមវិសាខា ខណៈក្លិបបានបន្ថែមកម្លាំងចំនួន២នាក់វិញគឺ សុះ ប្រុស ហ៊ីម និងកីឡាករកូរ៉េខាងត្បូង No Dae-ho។
ងាកមកមើលក្រុមសូលទីឡូអង្គរ ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិជប៉ុន Yuki Matsuda កំពុងតែត្រូវការពិន្ទុគេចឲ្យផុតពីតំបន់គ្រោះថ្នាក់។ គ្រូបង្វឹករូបនេះ ទើបតែបញ្ចប់វគ្គសិក្សាគ្រូបង្វឹកបាល់ទាត់កម្រិត AFC A License នៅប្រទេសសិង្ហបុរី កាលពីដើមឆ្នាំ។ ៥ប្រកួតកន្លងមកក្រុមសូលទីឡូអង្គរ ឈ្នះបាន៤លើក ស្មើគ្នា២លើកនិងចាញ់ដល់ទៅ៩លើក។
*វិសាខា ជួបវេស្ទើនភ្នំពេញ
ក្រុមបាល់ទាត់វិសាខា ដែលខ្ចីកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ធ្វើជាទឹកដីប្រកួតរបស់ខ្លួនត្រូវបើកទ្វារទទួលក្រុមវេស្ទើនភ្នំពេញ វេលាម៉ោង៦ល្ងាច។ ប្រកួតនេះមានផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុករបស់កម្ពុជាថ្មី ផងដែរ។ ក្រុមវិសាខា កំពុងតែត្រូវការពិន្ទុជាខ្លាំងដើម្បីប្រជែងនៅតំបន់កំពូលតារាងក្រោយប្រកួតបាន១៥លើកឈ្នះបាន១១លើក ស្មើគ្នាបាន២លើកនិងចាញ់២លើកមាន៣២ពិន្ទុ និងកំពុងតែឈរចំណាត់ថ្នាក់លេខ៣បណ្តោះអាសន្នក្នុងចំណោមក្លិបទាំង១២។ លោក ហុក សុជីវ័ន្ត គ្រូបង្វឹករបស់វិសាខា បានរំពឹងថាកូនក្រុមអាចបន្តជ័យជម្នះថែមទៀតដើម្បីដណ្តើមកៅអីកំពូលតារាង។
ចំណែកក្រុមវេស្ទើនភ្នំពេញ វិញទើបតែរកបានពិន្ទុលើកដំបូង កាលពីពេលថ្មីៗក្រោយឆ្លងកាត់១៥ប្រកួតមកនេះ។ ក្រុមនេះកំពុងដឹកនាំដោយគ្រូបង្វឹកជនជាតិម៉ាឡេស៊ី លោក FIZOL BIN A.RAZAK។ ឆ្លងកាត់ការប្រកួតមួយរយៈពេលនេះមកលោកបានមើលឃើញពីកម្រិតប្រកួតប្រជែងនិងតម្រូវការទាមទារនៅក្នុងលីគកម្ពុជា ដែលជាបទពិសោធល្អសម្រាប់កីឡាករក្មេងៗរបស់លោកក៏ដូចជាសម្រាប់លោកផ្ទាល់ផងដែរ។
*ភ្នំពេញក្រោន ប៉ះព្រះខ័នរាជស្វាយរៀង
ក្រុមបាល់ទាត់ភ្នំពេញក្រោន ត្រូវទទួលក្រុមព្រះខ័នរាជស្វាយរៀង នៅវេលាម៉ោង៦ល្ងាចលើទីលានកីឡដ្ឋាន RSN Stadium ព្រមទាំងមានផ្សាយផ្ទាល់នៅលើប៉ុស្តិ៍ BTV News ផងដែរ។ ក្រុមភ្នំពេញក្រោន ក្រោមការដឹកនាំរបស់លោក Sean Sainsbury ជាគ្រូបង្វឹកជនជាតិអង់គ្លេស សំបូរទៅដោយកីឡាករវ័យក្មេងច្រើនអមដោយកីឡាករបរទេសដែលមានសមត្ថភាព។ ក្រុមនេះស្ទើរតែអស់ឱកាសក្នុងការប្រជែងយកពាននៅរដូវកាលនេះទៅហើយ។ ប្រកួតបាន១៥លើកមកនេះភ្នំពេញក្រោន ឈរចំណាត់ថ្នាក់លេខ៧ មាន២១ពិន្ទុក្រោយឈ្នះបាន៦លើក ស្មើ៣លើក និងចាញ់៦លើក។
សម្រាប់ក្រុមព្រះខ័នរាជស្វាយរៀង វិញមួយរយៈចុងក្រោយនេះហាក់ជួបបញ្ហារឿងកីឡាកររបួសនិងកីឡាករសំខាន់ៗជាប់ពិន័យពីសំណាក់គណៈកម្មការវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ លោក Conor Nestor គ្រូបង្គោលក្លិបព្រះខ័នរាជស្វាយរៀង សរសើរកូនក្រុមក្នុងប្រកួតចុងក្រោយដែលធ្វើបានល្អ។ យ៉ាងណាលោកបានដោះដូរកីឡាករគួរឱ្យភ្ញាក់ផ្អើលមួយដើម្បីត្រៀមជើងទី២នេះ។ ក្រុមព្រះខ័នរាជស្វាយរៀង កំពុងតែឈរចំណាត់ថ្នាក់លេខ៦បណ្តោះអាសន្នក្នុងចំណោមក្លិបទាំង១២ បន្ទាប់ពីឈ្នះបាន៦លើកស្មើគ្នា៣លើកនិងចាញ់៦លើក។
ចំណែកប្រកួតផ្សេងទៀតប្រចាំសប្ដាហ៍ទី១៦នេះ នឹងបន្តធ្វើឡើងនៅថ្ងៃអាទិត្យ ទី៥ ខែសីហា ដោយក្រុមអគ្គីសនីកម្ពុជា ប៉ះក្រុមអង្គរថាយហ្គឺរ វេលាម៉ោង៣រសៀលលើទីលានកីឡដ្ឋានអគ្គីសនីកម្ពុជា មានផ្សាយផ្ទាល់តាមហ្វេសប៊ុក CNCC ខណៈក្រុមអាស៊ីអឺរ៉ុប ជួបក្រុមណាហ្គាវើល វេលាម៉ោង៣រសៀលដែរ លើទីលានកីឡដ្ឋាន AEU Sport Park ៕
Source: Kampuchea Thmey Daily
0 Comments