Ad Code

ឃាត់ខ្លួន​មន្ត្រី​យោធា​ម្នាក់​ ពី​បទ​ប្រើ​ហិង្សា​ដោយ​អាវុធ​ខ្លី មក​លើ​អ្នកលក់​ប្រហិត ​​ផ្តើម​ចេញពី​គ្រោះថ្នាក់​ចរាចរណ៍



ភ្នំពេញ ​៖ ​មន្ត្រី​យោធា​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ ​ឃាត់ខ្លួន ពី​បទ​ប្រើប្រាស់​អាវុធ​ខ្លី​ភ្ជង់​គំរាម​ និង ​វាយដំ​លើ​បុរស​ម្នាក់​លក់​ប្រហិត​ចៀន​ចល័ត​តាម​ផ្លូវ​ ដោយ​រ៉ឺម៉ក​ម៉ូតូ ដែល​ទំនាស់​នេះ​ផ្តើម​ចេញពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍។

ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៨ នៅ​ភូមិ​រោងចក្រ ម្តុំក្បែរ​វត្ត​សំរោង​អណ្តែត ស្ថិត​ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។

មន្ត្រី​យោធា​ម្នាក់ ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ខាងលើ​ឈ្មោះ នួន ប៉ូ ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ មុខរបរ​មន្ត្រី​យោធា ទីលំនៅ​ម្តុំ​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក​(​ភ្នំពេញ​)​។



មន្ត្រី​ប៉ូលិស បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ភាគី​ជនរងគ្រោះ ឈ្មោះ យ៉ែម​ វណ្ណៈ ភេទប្រុស​ អាយុ​២៧​ឆ្នាំ កំពុង​លក់​ប្រហិត​ចៀន​ចល័ត​តាម​រ៉ឺម៉ក នៅ​ម្តុំ​ក្បែរ ​វត្ត​សំរោង​អណ្តែត​។ ក្រោយមក​ក៏​ស្រាប់​តែ​មាន​រថយន្ត​បា​ឡែ​ន​មួយគ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ​2AB-4119 បើកបរ​ដោយ​ឈ្មោះ សៅ ចាន់​ធី ភេទ​ប្រុស ​អាយុ៤៦​ឆ្នាំ មុខរបរ​គ្រូបង្រៀន មាន​ទីលំនៅ​ម្តុំ​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ បាន​បើករថយន្ត​មក​ប៉ះ​រ៉ឺម៉ក​លក់​ប្រហិត​របស់​គាត់ រួច​ក៏​បើក​ទៅ​បាត់​។

ក្រោយមក​មួយ​ស្របក់ ​មន្ត្រី​យោធា​ខាងលើ​ក៏បាន​បើកបរ​រថយន្ត​របស់​ខ្លួន​ម៉ាក ព្រូស​ពាក់​ស្លាក​លេខ​2AM-6485 ឆ្លងកាត់​ទីនោះ ក៏​ស្រាប់តែ​បុរស​អ្នកលក់​ប្រហិត​នោះ​បក់ដៃឲ្យ​ឈប់​ ហើយ​បាន​កាន់​ដំ​ថ្ម​គប់​មកលើ​រថយន្ត​រប​ស់​មន្ត្រី​យោធា​នោះ ​បណ្តាល​ឲ្យ​បែក​កញ្ចក់​ខាងមុខ​។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​នោះ​មន្ត្រី​យោធា​ក៏បាន​ឈប់​រថយន្ត​ចុះ​មក​សួរនាំ​តែ​នៅ​ពេល​ឃើញ​អ្នកលក់​ប្រហិត​នោះ​កាន់​ដុំ​ថ្ម​នៅ​ដៃ​ ក៏​ចូលក្នុង​ឡាន​យក​កាំភ្លើងខ្លី​មក​ភ្ជង់​ និង ​វាយ​ចំក្បាល របួសស្រាល ដើម្បី​ឲ្យ​បញ្ឈប់​សកម្មភាព​។ ភ្លាមៗ​នោះ​ដែរ​សមត្ថកិច្ច​មូលដ្ឋាន​បាន​មក​ទាន់​ក៏​អន្តរាគមន៍​ឃាត់ខ្លួន​ទាំងសងខាង​យកមក​សួរនាំ​។

​ចំណែក​ភាគី​ខាង​អ្នកលក់​ប្រហិត​វិញ​បាន​និយាយ​ថា រថយន្ត​ម៉ាក​បា​ឡែ​ន​ស្រវឹង​ស្រា បើក​មក​ប៉ះ​រ៉ឺម៉ក​គាត់​កំពុង​ចៀន​ប្រហិត​បណ្តាល​ខ្ទាត​ខ្លាញ់​ត្រូវ​គាត់​និង​អ្នក​ទិញ​ម្នាក់​រលាក មិន​ព្រម​ឈប់​ហើយ​បើក​រត់​ទៀត​។ នៅពេល​គាត់​តាម​ទាន់ នៅ​ត្រង់​ផ្លូវកែង ហាណូយ អ្នក​ជិះរថយន្ត​បា​ឡែ​ន​បាន​ហៅ​បក្ខពួក​ជាម​ន្ត្រី​យោធា​នោះ​ឲ្យ​មក​ជួយ​អន្តរាគមន៍ ពេលនោះ​ប្រជាជន​បាន​គប់​កញ្ចក់​រថយន្ត​របស់គាត់​បែក​ខាងមុខ នៅពេលនោះ​សមត្ថកិច្ច​បាន​មក​ទាន់​ឃាត់ខ្លួន​តែម្តង​។

លោក វរសេនីយ៍ទោ គួ​ក សុខ​ហួរ អធិការរង​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ បាន​មានប្រសាសន៍ថា ករណីនេះ​ខាង​សមត្ថកិច្ច​បាន​ទុក​ពេល​ឲ្យ​ភាគី​ទាំង​២​នាក់​ ធ្វើការ​សម្របសម្រួល​គ្នា​បញ្ចប់រឿង​ប៉ុន្តែ ភាគី​ខាង​អ្នកលក់​ប្រហិត​ចៀន​មិន​ព្រម​ ទាមទារ​លុយ​សំណង​ជំងឺ​ចិត្ត​រាប់ពាន់​ដុល្លារ​ឯណោះ​ ដូច្នេះ​អាច​នឹង​បញ្ជូន​ឲ្យ​ពួកគេ​ទៅ​ដោះស្រាយ​នៅ​តុលាការ​វិញ​ហើយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu