Ad Code

វគ្គ​សន្សំ​ពិន្ទុ​ពាន​លី​គ​ហ្វូ​ត​សាល​ឆ្នាំ​២០១៨ ប្រកួត​សប្ដាហ៍​ចុងក្រោយ​នៅ​ចុង​សប្ដាហ៍​នេះ​



ពានរង្វាន់​បាល់ទាត់​លី​គ​ហ្វូ​ត​សាល​ឆ្នាំ​២០១៨ (National Futsal League 2018) ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានសម្រេច​លើក​ប្រកួត​ចុងក្រោយ​ប្រចាំ​វគ្គ​សន្សំ​ពិន្ទុ​ដែលជា​សប្ដាហ៍​ទី​១៨ ទៅ ធ្វើ​ឡើង​នៅ​ចុង​សប្ដាហ៍​នេះ ខណៈ​ក្រុម​ដែលមាន​ឈ្មោះ​ឡើងទៅ​វគ្គ​ក្រុម​ខ្លាំង​ទាំង​៤ (Top4) គណៈកម្មការ​បាន​រក​ឃើញ​រួចរាល់​ហើយ​។​

​ ប្រកួត​ចុងក្រោយ​នេះ ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ទី​០៤ ខែសីហា ឆ្នាំ​២០១៨ ក្រុម Fan Sport FT ជួប​ក្រុម​ឱ​ម៉ា​ល់ នៅ​ម៉ោង​៤​ល្ងាច និង​ក្រុម​ឆន្ទៈ​កីឡា ប៉ះ​ក្រុម Panda FC នៅ​ម៉ោង​៥និង៣០​នាទី​ល្ងាច។ នៅ​ថ្ងៃអាទិត្យ ទី​០៥ ខែសីហា ឆ្នាំ​២០១៨​ក្រុម Down Town Sport FC ប៉ះ​ក្រុម B.A United នៅ​ម៉ោង​៤​ល្ងាច​និង​នៅ​ម៉ោង​៥និង៣០​នាទី​ល្ងាច​ក្រុម Home Sport FC ជួប​ក្រុមយុវជន​៧​មករា​។

​ងាក​មក​មើល​ចំណាត់ថ្នាក់​បណ្តោះអាសន្ន​ ក្រោយ​ប្រកួត​បាន​១៧​លើក​ម្នាក់​មក​ ឃើញថា​ក្រុម Down Town Sport FC​ឈរ​លេខ​១ មាន​៣៩​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម Home Sport FC​ឈរ​លេខ​២ មាន​៣៧​ពិន្ទុ ក្រុម ស​.​ស​.​យ​.​ក កំចាយមារ ឈរ​លេខ​៣ មាន​៣៦​ពិន្ទុ ក្រុម​លេខ​៤ ឱ​ម៉ា​ល់ មាន​៣៣​ពិន្ទុ​។ ក្រុម​លេខ​៥ Fan Sport FC មាន​២៣​ពិន្ទុ ហើយ​ក្រុម​លេខ​៦ អាណាចក្រ​បៃតង មាន​២២​ពិន្ទុ​។ លេខ​៧ ឆន្ទៈ​កីឡា មាន​១៥​ពិន្ទុ ហើយ​លេខ​៨ ក្រុម Panda FC និង​ក្រុម​លេខ​៩ យុវជន​៧​មករា មាន​មាន​១៤​ពិន្ទុ​ដូចគ្នា តែ​ខុស​ត្រង់​គ្រាប់​បាល់​ចំណេញ និង​ក្រុម​B.A United លេខ​១០ មាន​៥​ពិន្ទុ​។​

​ ទោះបីជា​ពេលនេះ​គណៈកម្មការ​ប្រកួត​បាន​រកឃើញ​ក្រុម​ខ្លាំង​ទាំង​៤​ប្រចាំ​រដូវ​កាល (Top4) ក៏ពិតមែន​ប៉ុន្តែ​នៅ​មិនទាន់​អាច​ចាប់​គូប្រកួត​នៅឡើយ​នោះទេ ដោយ​រង់ចាំ​ការប្រកួត​រហូតដល់​ស​ប្ដា​ហ៍​ទី​១៨ រួចរាល់​សិន​។ តាម​ការបែងចែក​គឺ​ប្រកួត​វគ្គ​៤​ក្រុម​ចុងក្រោយ តម្រូវឱ្យ​ក្រុម​លេខ​២​ប៉ះ​ក្រុម​លេខ​៣ និង​ក្រុម​លេខ​១​ប៉ះ​ក្រុម​លេខ​៤ ដើម្បី​ឡើងទៅ​លេង​វគ្គ​ផ្តាច់ព្រ័ត្រ​ប្រជែង​យក​ជើងឯក​ប្រចាំ​រដូវ​កាល​ផងដែរ​។ វគ្គ​ខ្វែង​នេះ​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨ និង​វគ្គ​ចំណាត់ថ្នាក់​លេខ​៣​និង​វគ្គ​ផ្តាច់ព្រ័ត្រ​ធ្វើឡើង​នៅ​ថ្ងៃទី​១៨​ខែសីហា ឆ្នាំ​២០១៨​។​

​ការប្រកួត​លី​គ​ហ្វូ​ត​សាល​ជា​លើកដំបូង​នៅក្នុង​ស្រុក​នេះ ធ្វើឡើង​ពី​ថ្ងៃ​ទី​០៣ ខែ មិនា រហូតដល់​ថ្ងៃទី​២៨ ខែ កក្កដា ឆ្នាំ ២០១៨ ខណៈ​ភាគច្រើន​ប្រកួត​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ ដែល​មាន​ក្រុម​ជា​សមាជិក​ចំនួន​១០​ក្រុម​លើ​ទីលាន ដឹ​ប្លូ​ស្ព័ត (The Blue Sport) ម្តុំ​ទួលគោក​។ ការប្រកួត​មាន​រូបមន្ត​ជា​លក្ខណៈ​ប្រកួត​បែប​លី​គ តាម​ប្រព័ន្ធ​លី​គ​២​ជុំ (​វិលជុំ​សន្សំ​ពិន្ទុ​) ហើយ​ក្រុម​ដែលមាន​ពិន្ទុ​ច្រើន​ជាងគេ​ចំនួន​៤​ក្រុម (Top4) ត្រូវ​ឡើង​ទៅ​ប្រកួត​គ្នា​ដណ្តើម​ជើងឯក​ប្រចាំ​រដូវ​កាល​។ ក្រុម​ជើងឯក​នឹង​ទទួលបាន​ពានរង្វាន់១ មេដាយមាស​ម្នាក់​១ និងប្រាក់រង្វាន់២០លានរៀលផងដែរ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu