Ad Code

រដ្ឋមន្ត្រីការបរទេស​កម្ពុជា ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ រយៈពេល​៦​ថ្ងៃ នៅ​សិង្ហ​បុរី



ភ្នំពេញ ​៖ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​សាធារណរដ្ឋ​សិង្ហ​បុរី កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ តាម​ការអញ្ជើញ​របស់​លោក វី​វៀន បា​ឡា​គ្រី​ស្សណាន (Vivian Balakrishnan) រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី ដែល​កិច្ចប្រជុំ​នេះ ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​៣០ ខែកក្កដា ដល់​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ២០១៨​។​



កិច្ចប្រជុំ​ទាំងនោះ​រួមមាន កិច្ចប្រជុំ​គណៈកម្មការ​តំបន់​អាស៊ីអាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ​, ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ជាមួយ​តំណាង​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន ស្តីពី​សិទ្ធិមនុស្ស​, កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥១, សន្និសីទ​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​, កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បូក​បី​លើក​ទី​១៩, កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​បូព៌ា​លើក​ទី​៨ និង​វេទិកា​តំបន់​អាស៊ាន​លើក​ទី​២៥​។​



តាម​ក្រសួងការបរទេស​បាន​បញ្ជាក់​ថា កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នឹង​ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ “​ភាពរឹងមាំ និង​នវានុវត្តន៍​របស់​អាស៊ាន​” នឹង​ឆ្លុះបញ្ចាំង​អំពី​ការតាំង​ចិត្ត​ដ៏​មុះ​មុត​របស់​អាស៊ាន ក្នុង​ការ​ព​ន្លឿ​ន​ដំណើរ​ការ​កសាង​សហគមន៍​អាស៊ាន និង​បន្ត​ស្ថិតនៅ​ជា​អង្គការ​តំបន់​គួរ​ឲ្យ​ទុកចិត្ត​នៅក្នុង​ការថែរក្សា និង​លើកស្ទួយ​សន្តិភាព ស្ថេរភាព និង​វិបុលភាព​។

​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់​ថា នៅ​ឯ​កិច្ចប្រជុំ​នោះ លោក​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ និង​រដ្ឋមន្ត្រីការបរទេស នៃ​បណ្តា​ប្រទេស​ជា​មិត្ត​មួយចំនួន​ផងដែរ ដូចជា លោក Dionisio Soares Babo រដ្ឋមន្ដ្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត ដោយ​បាន​ពិភាក្សា​ទំនាក់ទំនង​ទ្វេភាគី​, ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោកជំទាវ Ine Marie Eriksen Søreide រដ្ឋមន្ដ្រីការបរទេស​ន័​រវេ​ស​, ជួបពិភាក្សា​ការងារ​លោកជំទាវ Kang Kyung-wha រដ្ឋមន្ដ្រីការបរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ ដោយបាន​ពិភាក្សា​អំពី​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​, ជួបពិភាក្សា​ការងារ​ជាមួយ​លោកជំទាវ Retno Marsudi រដ្ឋមន្ដ្រីការបរទេស​នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី​, ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ជាមួយ​តំណាង​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន ស្តីពី​សិទ្ធិមនុស្ស​, ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​លោក Wang Yi ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ដ្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដោយបាន​ពិភាក្សា​អំពី​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ និង​បញ្ហា​តំបន់ និង​អន្តរជាតិ​, ចូលជួប​សម្ដែង​ការគួរសម​ជាមួយ​ឯកឧត្ដម Lee Hsien Loong នាយករដ្ឋមន្ដ្រី​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​, ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​ឯកឧត្ដម Pham Binh Minh ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីការបរទេស​វៀតណាម​, ជួបពិភាក្សា​ការងារ​ជាថ្មី​ម្តងទៀត ជាមួយ​លោក Sergey Lavrov រដ្ឋមន្ដ្រីការបរទេស នៃ​សហព័ន្ធរុស្ស៊ី និង​បាន​ពិភាក្សា​អំពី​បញ្ហា​ដែលមាន​ការព្រួយបារម្ភ​រួមគ្នា​ទ្វេភាគី និង​តំបន់​, ជួបពិភាក្សា​ការងារ​ជាមួយ​លោក Saifuddin Abdullah រដ្ឋមន្ដ្រីការបរទេស​ម៉ាឡេស៊ី​, ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ដ្រី​អាស៊ាន ជាមួយ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន (​ឯកឧត្តម Taro KONO) និង​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ដ្រី​អាស៊ាន ជាមួយ​រដ្ឋមន្ត្រីការបរទេស​នូ​វែ​ល​សេ​ឡង់ លោក Winston Peters ជាដើម​។​

​គួរ​កត់សម្គាល់ថា ក្នុងនាម​ជា​ប្រទេស​សម្របសម្រួល​សម្រាប់​ទំ​នាក់​ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​ធ្វើជា​សហប្រធាន​កិច្ចប្រជុំ “​សន្និសីទ​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស បូក​សាធារណរដ្ឋ​កូរ៉េ​” ជាមួយ​លោកជំទាវ កាង ឃ្យុ​ង​វ៉ា (Kang Kyung-wha) រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ​៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu