Ad Code

ប្រភព​អាមេរិក​ ៖​ អ៊ីរ៉ង់​បាញ់​សាកល្បង​មី​ស៊ី​ល​ប្រឆាំង​នាវា​អំឡុង​ពេល​សមយុទ្ធ​កាលពី​សប្តាហ៍​មុន



មន្ត្រី​អាមេរិក​មួយ​រូប​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ប្រទេស​អ៊ីរ៉ង់​ បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ប្រឆាំង​នាវា​រយៈ​ចម្ងាយ​ជិត​មួយ​គ្រាប់​នៅ​ឯ​ដៃសមុទ្រ Hormuz អំឡុង​សមយុទ្ធ​កងទ័ពជើងទឹក​កាលពី​សប្តាហ៍​មុន ​ដែល​ទីក្រុង​វ៉ាស៊ីនតោន​ជឿជាក់​ថា មាន​គោលបំណង​ជា​ការ​ផ្ញើ​សារ​មួយ​ខណៈ​ដែល​សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ទៅ​លើ​រដ្ឋាភិបាល​ក្រុង​តេ​រ៉ង់។

ទោះបីជា​យ៉ាងណាក៏ដោយ មន្ត្រី​រូបនេះ​មិនបាន​បង្ហាញ​ទេ​ថា ការសាកល្បង​មី​ស៊ី​ល​បែបនេះ​គឺ​មិនធម្មតា​ក្នុងអំឡុង​សមយុទ្ធ​កងទ័ពជើងទឹក​ឬថា​តើ​វា​ត្រូវបាន​អនុវត្ត​ដោយ​មិនមាន​សុវត្ថិភាព​ឬទេ​។ មន្ត្រី​ដដែល​បាន​កត់សម្គាល់ថា វា​បាន​កើតឡើង​នៅក្នុង​អ្វីដែល​អាច​ត្រូវបាន​ពិពណ៌នា​ថា​ជា​ដែនទឹក​ទឹក​របស់​អ៊ីរ៉ង់​នៅក្នុង​ដៃសមុទ្រ​នេះ​។​

ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​បានបញ្ជាក់​កាលពី​ថ្ងៃអាទិត្យ​មុន​ថា ខ្លួន​បានរៀបចំ​សមយុទ្ធ​សង្គ្រាម​នៅ​ឈូង​សមុទ្រ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​ដោយនិយាយ​ថា ពួកគេ​មាន​គោលបំណង​ប្រឈមមុខ​នឹង​ការគំរាមកំហែង​ដែល​អាច​កើតមាន​ពី​សំណាក់​សត្រូវ​។​

ឧ​ត្ត​ម​សេនីយ៍​ឯក​អាមេរិក​លោក Joseph Votel ដែលជា​ប្រធាន​បញ្ជាការ​កណ្តាល​របស់​កង​យោធា​សហរដ្ឋអាមេរិក​បាន​និយាយ​កាលពីដើម​សប្តាហ៍​នេះ​ថា វិសាលភាព​និង​ទំហំ​នៃ​លំ​ហាត់​នេះ​គឺ​ស្រដៀង​គ្នា​ទៅនឹង​អ្វីដែល​អ៊ីរ៉ង់​បាន​អនុវត្ត​នាពេល​កន្លងមក​។ ប៉ុន្តែ​ពេលវេលា​នៃ​លំ​ហាត់​សមយុទ្ធ​ដ៏​ពិសេស​នេះ​ត្រូវបាន​រៀបចំឡើង​ដើម្បី​បង្ក​ឲ្យ​មានការ​យកចិត្តទុកដាក់​ពី​ទីក្រុង​វ៉ាស៊ីនតោន​។​

លោក Votel បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​មន្ទីរ​បញ្ច​កោណ​ថា “​វា​ច្បាស់​ណាស់​សម្រាប់​យើង​ដែលថា ពួកគេ​កំពុង​ព្យាយាម​ប្រើ​លំ​ហាត់​នេះ​ដើម្បី​ផ្ញើ​សារ​មក​យើង​ថា នៅពេល​យើង​ឈានដល់​ដំណាក់កាល​នៃ​ទណ្ឌកម្ម​នៅទីនេះ ពួកគេ​នៅមាន​សមត្ថភាព​ខ្លះ​”​។​

អ៊ីរ៉ង់​មានការ​ខឹងសម្បា​យ៉ាងខ្លាំង​ចំពោះ​សេចក្ដីសម្រេច​របស់​ប្រធានាធិបតី​អាមេរិក Donald Trump ក្នុងការ​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​អន្ដរជាតិ​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​និង​ការដាក់ទណ្ឌកម្ម​ឡើងវិញ​លើ​ទីក្រុង​តេ​រ៉ង់​។ មន្ត្រីជាន់ខ្ពស់​អ៊ីរ៉ង់​បាន​ព្រមាន​ថា ប្រទេស​នេះ​នឹងមិន​ចុះ​ញ៉ម​ទេ​ចំពោះ​យុទ្ធនាការ​ថ្មី​របស់​សហរដ្ឋអាមេរិក​ដែល​រារាំង​ការនាំចេញ​ប្រេង​ដ៏​សំខាន់​របស់​អ៊ីរ៉ង់​។​

កាលពី​ខែ​មុន មេដឹកនាំ​ជាន់ខ្ពស់​អ៊ីរ៉ង់​លោក Ayatollah Ali Khamenei បាន​គាំទ្រ​ការស្នើ​របស់លោក​ប្រធានាធិបតី Hassan Rouhani ដែលថា អ៊ីរ៉ង់​ប្រហែលជា​រារាំង​ការនាំចេញ​ប្រេងកាត​ពី​ឈូង​សមុទ្រ​ប្រសិនបើ​ការនាំចេញ​របស់ខ្លួន​ត្រូវបាន​បញ្ឈប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu