Ad Code

ចិន​និយាយ​ថា ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​អ៊ីរ៉ង់​គ្មាន​ប៉ះពាល់​ដល់​ប្រទេស​ណាមួយ​ទេ



ក្រសួងការបរទេស​ចិន​បាន​និយាយថា ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម​ និង​ថាមពល​របស់ខ្លួន​ជាមួយ​ប្រទេស​អ៊ីរ៉ង់​គឺ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ប្រទេស​ណាមួយ​ទេ​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​និយាយថា ក្រុមហ៊ុន​ណា​ដែល​កំពុង​ធ្វើ​អាជីវកម្ម​ជាមួយ​អ៊ីរ៉ង់​គឺ​នឹង​ត្រូវ​ហាមឃាត់​ពី​សហរដ្ឋអាមេរិក។

ប្រទេស​ចិន​បាន​ការពារ​រួច​ទៅហើយ​នូវ​ទំនាក់ទំនង​ពាណិជ្ជកម្ម​របស់ខ្លួន​ជាមួយ​អ៊ីរ៉ង់​ថា​ជាការ​ចំហ​និង​មាន​តម្លា​ភាពស្រប​ពេលដែល​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​លើ​អ៊ីរ៉ង់​បាន​ចូល​ជា​ធរមាន​បើទោះបីជា​មានការ​អង្វរករ​ពី​សម្ព័ន្ធមិត្ត​របស់​ទីក្រុង​វ៉ាស៊ីនតោន​ក៏ដោយ​។​

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ ក្រសួងការបរទេស​ចិន​បាន​រំលឹក​ឡើងវិញ​ពី​ការជំទាស់​របស់ខ្លួន​ចំពោះ​ទណ្ឌកម្ម​ឯកតោភាគី​និង​យុត្តាធិការ​ដែលមាន​អំណាច​យូរអង្វែង​។​

ក្រសួង​បាន​និយាយថា “​ប្រទេស​ចិន​និង​អ៊ីរ៉ង់​មាន​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​បើកទូលាយ មាន​តម្លាភាព​និង​ធម្មតា​នៅក្នុង​វិស័យ​អជីវ​កម្ម ពាណិជ្ជកម្ម​និង​ថាមពល​ដែលជា​ការ​សម​ហេតុផល យុត្តិធម៌​និង​ស្របច្បាប់​”​។​

ក្រសួង​បាន​បន្ថែមថា “​នេះ​មិន​រំលោភ​លើ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ឬ​កាតព្វកិច្ច​អន្តរជាតិ​ដែល​បាន​សន្យា​ដោយ​ចិន​ទេ​ហើយក៏​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ប្រទេស​ដទៃទៀត​ដែរ​ហើយ​គួរតែ​ត្រូវបាន​គោរព​និង​ការពារ​”​។​

ប្រទេស​ចិន​ដែលជា​អតិថិជន​ប្រេង​កំពូល​របស់​អ៊ីរ៉ង់​គឺ​បាន​ទិញ​ប្រេង​ប្រហែល​៦៥០,០០០​បារ៉ែល​ក្នុង​មួយថ្ងៃ​ពី​ទីក្រុង​តេ​រ៉ង់​ឬ​ស្មើនឹង​៧​ភាគរយ​នៃ​ការ​នាំចូល​ប្រេង​ឆៅ​សរុប​របស់​ប្រទេស​ចិន​។ នៅ​អត្រា​ទីផ្សារ​បច្ចុប្បន្ន ការ​នាំចូល​គឺមាន​តម្លៃ​ប្រមាណ​១៥​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​

ក្រុមហ៊ុន​ថាមពល​រដ្ឋ CNPC និង Sinopec បាន​វិនិយោគ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​នៅក្នុង​តំបន់​ប្រេង​ដ៏​សំខាន់​របស់​ប្រទេស​អ៊ីរ៉ង់​ដូចជា Yadavaran និង North Azadegan ហើយ​បាន​បញ្ជូន​ប្រេង​ទៅ​ឲ្យ​ប្រទេស​ចិន​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu