Ad Code

ម្ចាស់​ជ័យលាភី​មេដាយមាស ​ជំរុញ​ឲ្យ​សិស្សានុសិស្ស​ខិតខំ​រៀន​ភាសា​អង់គ្លេស​ឲ្យ​បាន​ខ្លាំងក្លា



ភ្នំពេញ ​៖ ​ម្ចាស់​ជ័យលាភី​មេដាយមាស​យុវ​សិស្ស អៀង ហ៊ុយ​ឃាង​មកពី​វិទ្យាល័យ​ព្រះមុនីវង្ស ខេត្តបាត់ដំបង បាន​សំណូមពរ​ឲ្យ​សិស្សានុសិស្ស ​ដែល​ត្រៀម​ទៅ​ចូលរួម​ប្រកួតប្រជែង​ថ្នាក់​អន្តរជាតិ​នៅ​ឆ្នាំក្រោយៗ​ ត្រូវខិតខំ​ព្យាយាម​រៀន​ភាសា​អង់គ្លេស​ឲ្យ​បាន​ខ្លាំងក្លា​បន្ថែមទៀត​ដើម្បី​ងាយស្រួល​ក្នុងការ​ដោះស្រាយ​កិច្ច​ការប្រឡង​ព្រោះថា​វិញ្ញាសា​ប្រឡង​គេ​ប្រើប្រាស់​ពាក្យ​បច្ចេកទេសផ្នែក​ភាសា​អង់គ្លេស​ខ្ពស់ៗ។

យុវ​សិស្ស អៀង ហ៊ុយ​ឃាង​ទទួលបាន​មេដាយមាស ១​គ្រឿង​ពី​ការប្រកួតប្រជែង​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង អាស៊ាន​បូក​៣ លើក​ទី​៧ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​នេះ​ធ្វើឡើង​ក្រោម ប្រធានបទ "​វិទ្យាសាស្ត្រ និង​ការបង្កើត​ថ្មី​ដើម្បី​សុខភាព និង​សុខុមាលភាព​សង្គម​" ដែលមាន​បេ ក្ខ​ជន​ចូលរួម ចំនួន​៥៧​នាក់ មកពី​បណ្ដា​ប្រទេស​អាស៊ាន រួមជាមួយ​ប្រទេស​កូរ៉េ ដែល​បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៩ ខែកក្កដា ដល់​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៨។

ក្រៅ​ពី​នេះ​យុវ​សិស្ស ឡី ឡាយ​អាន ភេទ​ប្រុស សាលា​អន្តរជាតិ​ឌូ​វី ខេត្តបាត់ដំបង​ទទួលបាន មេដាយប្រាក់ ១​គ្រឿង និង​មេដាយ​សំរឹទ្ធ​២​គ្រឿង យុវ​សិស្ស ស្រ៊ុន រដ្ឋា ភេទ​ប្រុស វិទ្យាល័យ​ហ៊ុនសែន​១​មិថុនា ខេត្តតាកែវ មេដាយ​សំរឹទ្ធ​៣​គ្រឿង​យុវ​សិស្ស ពេ​ជ្ច ពុធ​ស្រីនាថ ភេទ​ស្រី វិទ្យាល័យ​ព្រះបាទ​សុរាម្រិត ខេត្តកំពង់ឆ្នាំង មេដាយ​សំរឹទ្ធ​២​គ្រឿង​នៅក្នុង​កម្មវិធី​ប្រឡង​ដូចគ្នា។

យុវ​សិស្ស អៀង ហ៊ុយ​ឃាង​និយាយ​បន្តថា​ «​តាមពិត​សមត្ថភាព​របស់​សិស្ស​ខ្មែរ​យើង​គឺ​មិន​ចាញ់​សិស្ស​បរទេស​នោះ​ទេ​ ទាំង​ទ្រឹស្ដី ​និង​ការអនុវត្ត​ជាក់ស្តែង ​ប៉ុន្តែ​អ្វីដែល​សិស្ស​ខ្មែរ​យើង​នៅ​មាន​ការ​ខ្វះខាត​នោះ​គឺ​ភាសា​អង់គ្លេស​នៅ​មាន​កម្រិត​នៅឡើយ​បើសិនជា​ខ្លាំង​ទៅលើ​ភាសា​នេះនោះ​នឹង​ទទួលបាន​មេដាយ​ច្រើនជាង​នេះ​»​។​

ជាក់ស្តែង​សម្រាប់​យុវ​សិស្ស អៀង ហ៊ុយ​ឃាង​ការចូលរួម​ប្រឡង​នៅ​ប្រទេស​ម៉ាឡេស៊ី​ហើយ​ទទួល​បាន​មេដាយមាស​នេះ​គឺ​ដោយសារ​សមត្ថភាព​ផ្ទាល់ខ្លួន​របស់​ប្អូន​តែម្តង​ដោយ​ប្អូន​បាន​ធ្វើការ​ជា​ក្រុម​ជាមួយ​សិស្ស​៥​នាក់​ទៀត​មកពី​តាម​បណ្តា​ប្រទេស​ផ្សេងៗ​គ្នា​ដោយ​គេ​ឲ្យ​វិញ្ញាសា​ដាច់ដោយឡែកៗ​ពីគ្នា។

​សម្រាប់​ប្អូនគេ​បានដាក់​វិញ្ញាសា​ទាក់ទង​នឹង​ដំណោះស្រាយ​ទាក់ទង​ជំងឺគ្រុនចាញ់​ដោយ​ប្អូន​បាន​បង្កើត​ឧបករណ៍​ថ្មី​មួយ​ដែល​អាច​ការពារ​មូស​មិន​ឲ្យ​ចូល​ជិត​បាន​ដោយ​ចំណាយ​ថវិកា​តិច​ហើយ​អាច​កាត់បន្ថយ​ការចំលង​ជំងឺគ្រុនចាញ់​បាន​ទៀតផង។

ប្អូន​បាន​បញ្ជាក់​ថា ​តាមរយៈ​ការបង្កើត​ឧបករណ៍​នេះ​ហើយ​ ទើប​ប្អូន​ទទួល​បាន​មេដាយមាស​ពី​កម្មវិធី​ការប្រកួតប្រជែង​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង អាស៊ាន​បូក​៣ លើក​ទី​៧ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​នេះ​ធ្វើឡើង​ក្រោម ប្រធានបទ "​វិទ្យាសាស្ត្រ និង​ការបង្កើត​ថ្មី​ដើម្បី​សុខភាព និង​សុខុមាលភាព​សង្គម​"​។​

លោកគ្រូ​ដឹកនាំ​សិស្ស​ទោ​ចូលរួម​ប្រឡង​លើក​នេះ​បាន​មានប្រសាសន៍ថា​ក្រៅពីនេះ​សិស្ស​កម្ពុជា​ក៏​ទទួលបាន​ពាន​ពិសេស​មួយ​ដែលមាន​ភាព​រាក់ទាក់​ជាង​គេ​នៅក្នុង​តំបន់​អាស៊ាន​និង​ជាប់​លេខ​១​ជា​កញ្ញាឯក​អ្នក​វិទ្យា​សស្ត្រ​វ័យក្មេង​ប្រចាំ​អាស៊ាន​បូក​បី​ឆ្នាំ​២០១៨​ផងដែរ​។​ ​

ចំណែក​លោក​អ៊ឹង ង៉ោ​ហុក ប្រធាន​នាយកដ្ឋាន​មធ្យមសិក្សា​ចំណេះ​ទូទៅ​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​មានប្រសាសន៍ថា​នេះ​គឺជា​កិត្តិយស​មួយ​ដ៏​ធំធេង​ណាស់​ដែល​សិស្ស​កម្ពុជា​ចំនួន​៤​រូប​បាន​នាំយក​មេដាយមាស​ប្រាក់​និង​សំរឹទ្ធ​សរុប​ចំនួន​៩​គ្រឿង​មក​ជួន​ជាតិ​មាតុភូមិ​ហើយ​លទ្ធផល​នេះ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​អាច​ស្មើមុខស្មើមាត់​ជាមួយ​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់​អាស៊ាន​ក៏ដូចជា​នៅលើ​ពិភពលោក​។​

លោក​អ៊ឹង ង៉ោ​ហុក បាន​ណែនាំ​ដល់​សិស្ស​ខិតខំ​សិក្សា​រៀនសូត្រ​និង​ពង្រឹងសមត្ថភាព​បន្ថែមទៀត​ដើម្បី​ដណ្តើមយក​មេដាយ​ឲ្យ​បាន​កាន់តែច្រើន​ជួន​ជាតិ​មាតុភូមិ​នៅពេល​ទៅ​ចូលរួម​ប្រឡង​ថ្នាក់​អន្តរជាតិ​នៅ​លើក​ក្រោយៗ​ទៀត៕

​ ​ ​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu