សូម្បីតែនៅក្នុងផ្នូរក៏ដោយ មេដឹកនាំផ្តាច់ការនៅសតវត្សរ៍ទី២០ដែលគ្រប់គ្រងប្រទេសអេស្ប៉ាញដោយប្រើកណ្តាប់ដៃដែក គឺនៅតែធ្វើឲ្យប្រទេសនេះបែកបាក់។
រដ្ឋាភិបាលកណ្តាលថ្មីរបស់អេស្ប៉ាញបាននិយាយថា ការយកសពឧត្តមសេនីយ៍ Francisco Franco ចេញពីចេតិយដ៏ឆើតឆាយនឹងក្លាយជាសកម្មភាពដំបូងគេក្នុងចំណោមសកម្មភាពជានិមិត្តរូបជាច្រើនដែលមានគោលបំណងដើម្បីឆ្លើយតបនឹងប្រវត្តិសាស្ត្រដែលមានបញ្ហារបស់ប្រទេសនេះ។
អ្នករិះគន់រដ្ឋាភិបាលនិងកូនចៅរបស់លោក Franco បានវាយបកវិញដោយសន្យាថានឹងថែរក្សានូវការចងចាំនៃរបបមួយដែលពួកគេអះអាងថាគួរតែត្រូវបានបញ្ចូលសម្រាប់ “ការធ្វើទំនើបភាវូបនីយកម្មអេស្ប៉ាញ”។
លោក Fernando Martinez បាននិយាយថា ការហាមឃាត់គ្រឹះដែលរក្សាកេរដំណែលរបស់លោក Franco គឺពិតជាអ្វីដែលគួរធ្វើជំនួសវិញ។ លោក Martinez គឺជាមន្ត្រីម្នាក់ត្រូវបានតែងតាំងឲ្យត្រួតពិនិត្យមើលកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការស្វែងរកនិងកំណត់អត្តសញ្ញាណជនរងគ្រោះចំនួន១១៤,០០០នាក់នៃសង្គ្រាមស៊ីវិលអេស្ប៉ាញឆ្នាំ១៩៣៦-៣៩និងរបបផ្តាច់ការ៤ទសវត្សដែលបានបន្តដោយការដឹកនាំរបស់លោក Franco ដែលបានស្លាប់នៅក្នុងឆ្នាំ១៩៧៥។
លោក Martinez បាននិយាយប្រាប់ Associated Press ថា ការគាស់សាកសពជនផ្តាច់ការរូបនេះនឹងធ្វើឲ្យផ្សះផ្សាររបួសស្នាមនៃប្រទេសនេះ។ ប៉ុន្តែភារកិច្ចនេះនឹងត្រូវបានបញ្ចប់នៅពេលដែលប្រឡាយចុងក្រោយដែលមានផ្នូរដ៏ធំមួយនៅក្នុងប្រទេសនេះត្រូវបានបើក។
បេសកកម្មដែលឧបត្ថម្ភដោយអង្គការសហប្រជាជាតិចំនួន៣ប្រចាំប្រទេសអេស្ប៉ាញចាប់តាំងពីឆ្នាំ២០១៣មកបានរិះគន់អាជ្ញាធរចំពោះកង្វះផែនការជាតិក្នុងការស្វែងរកអ្នកបាត់ខ្លួន ចំពោះការសម្របសម្រួលមិនល្អលើការគាស់រណ្តៅនិងចំពោះផែនទីចាស់នៃផ្នូរ។ ពួកគេក៏បានលើកឡើងពីការព្រួយបារម្ភផងដែរអំពីភាពអសកម្មរបស់តុលាការអេស្ប៉ាញក្នុងការកាត់ទោសឧក្រិដ្ឋកម្មដ៏សាហាវព្រៃផ្សៃមួយចំនួនក្នុងអំឡុងពេលនោះ។
រដ្ឋាភិបាលចង់អនុម័តការផ្លាស់ប្តូរមួយតាមរយៈការកែប្រែច្បាប់ស្តីពីការចងក្រងប្រវត្តិសាស្ត្រឆ្នាំ២០០៧ដែលមិនគ្រប់គ្រាន់ដើម្បីដោះស្រាយនូវការទាមទាររបស់ជនរងគ្រោះនិងសាច់ញាតិរបស់ជនរងគ្រោះនៅពេលរដ្ឋាភិបាលអភិរក្សរបស់លោក Rajoy បានបញ្ចប់ថវិការបស់ខ្លួនសម្រាប់ការគាស់និងសំណង។
លោក Emilio Silva ប្រធានសមាគមស្តារការចងចាំប្រវត្តិសាស្ត្រឬ ARMH បាននិយាយថា រដ្ឋាភិបាលថ្មីគួរតែប្រើអំណាចប្រតិបត្តិរបស់ខ្លួនដើម្បីគាស់ផ្នូររបស់លោក Franco ពីជ្រលងភ្នំ Fallen ដែលមានចម្ងាយ៥០គីឡូម៉ែត្រភាគពាយព្យនៃទីក្រុងម៉ាឌ្រីដ។ គាត់ក៏ចង់ឲ្យរដ្ឋាភិបាលធ្វើការជីករកផ្នូរនៃជនរងគ្រោះទាំងអស់ជាជាងការចាប់ផ្តើមប្រកួតប្រជែងផ្នែកនយោបាយនៅក្នុងរដ្ឋសភាផងដែរ។
គួរបញ្ជាក់ថា មនុស្សប្រហែល៣៤,០០០នាក់មកពីភាគីទាំងពីរនៃសង្គ្រាមត្រូវបានកប់នៅកន្លែងនោះដែលភាគច្រើននៃពួកគេគឺមិនត្រូវបានកំណត់អត្តសញ្ញាណទេ។
ព្រឹត្តិការណ៍ជាសាធារណៈគាំទ្ររបបរបស់លោក Franco ត្រូវបានដាក់ឲ្យនៅក្រៅច្បាប់ក្នុងឆ្នាំ ២០០៧ ប៉ុន្តែចេតិយដ៏ធំសម្បើមនៅតែជាទិសដៅសក្ការបូជាដ៏ពេញនិយមសម្រាប់អ្នកដែលនៅអាឡោះអាល័យចំពោះរបបផ្តាច់ការ៕ AP
Source: Kampuchea Thmey Daily
0 Comments