ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានបុគ្គលិក ផ្ទះសំណាក់ ដួងច័ន្ទ២ ប្រទះឃើញ ដេកស្លាប់នៅក្នុងបន្ទប់បែកពពុះមាត់ ក្អួតឈាមស្លាប់ សង្ស័យប្រុសស្នេហ៍ នាំយកទៅសម្លាប់ ចំណែកម្ចាស់ផ្ទះសំណាក់ហាក់ចង់លាក់បាំង ដោយព្យាយាមដឹកជម្លៀសសាកសពចេញ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៤ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះសំណាក់ ដួងច័ន្ទ២ លេខ៥០២Eនិង៥០២F តាម បណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមសម្ដីពីម្ចាស់ផ្ទះសំណាក់ ដួងច័ន្ទ២ បានប្រាប់ សមត្ថកិច្ចឲ្យដឹងថា កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ មនុស្សប្រុសស្រី មានគ្នា២នាក់បានមកជួលស្នាក់នៅផ្ទះ សំណាក់ ដួងច័ន្ទ២ របស់ខ្លួន ស្នាក់នៅត្រង់ចំណុចផ្ទះសំណាក់ ដួងច័ន្ទ២ ស្ថិតនៅផ្លូវមុនីវង្សទល់មុខ ក្រសួងធនធានទឹក។
ប្រភពដដែលបានបន្តថា លុះដល់ព្រឹកគេ ឃើញបុរសដែលមកជាមួយស្ត្រីរងគ្រោះខាងលើ បានជិះម៉ូតូមួយគ្រឿងម៉ាហុង ដាC125 ចេញទៅបាត់ទៅ មិនឃើញត្រឡប់មកវិញឡើយ រហូតនៅវេលាម៉ោងកើតហេតុម្ចាស់ផ្ទះសំណាក់មិនឃើញជនរងគ្រោះងើបក៏មានការសង្ស័យ ហើយស្រែកហៅទោះជាយ៉ាងណាក៏មិនឮ គាត់ក៏បានមើលតាមប្រឡោះឃើញជនរងគ្រោះបានដេកស្លាប់ បែកពពុះមាត់ នៅក្នុងបន្ទប់ធ្វើឲ្យមានការភិតភ័យយ៉ាងខ្លាំងក៏បានទៅរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកត្រួតពិនិត្យមើលបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរនេះចោមរោមមើល។
ប្រភពដដែលបន្តថា ក្រោយពីកើតហេតុម្ចាស់ផ្ទះសំណាក់ មានការ លាក់បាំង ដោយ ព្យាយាម ដឹកសាកសពជម្លៀសចេញពីផ្ទះសំណាក់ ដោយយកលេសថា ចង់ដឹកនារីរងគ្រោះ ទៅសង្គ្រោះ ដើម្បីបញ្ចៀស ការទទួលខុសត្រូវ ព្រោះម្ចាស់ទីតាំងមិនបានគោរពការណែនាំ សមត្ថកិច្ចនិងអាជ្ញាធរ ដោយ មិនបានយកអត្តសញ្ញាណពីអ្នកចូលទៅស្នាក់នៅឡើយ។ មហាជនរង់ចាំមើលថា តើអាជ្ញាធរមានវិធានការបែបណាចំពោះម្ចាស់ទីតាំងនោះ។
ពាក់ព័ន្ធទៅករណីស្ត្រីម្នាក់បែកពពុះមាត់ និង ក្អួតឈាមស្លាប់របស់ស្ត្រីម្នាក់ខាងលើនេះដែរ គេមិនទាន់ដឹងថា រូបគាត់ស្លាប់ដោយសារករណីឃាតកម្ម ឬ ក៏ជាករណីអ្វីឡើយ ហើយពេលនេះ កម្លាំងមានសមត្ថកិច្ច កំពុងតែចុះមកធ្វើការត្រួតពិនិត្យ ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments