Ad Code

លោក ហ៊ុន ម៉ា​នី ណែនាំ​ដល់​សិស្សានុសិស្ស​ដែល​ត្រៀមប្រឡង​បាក់​ឌុប ត្រូវមាន​ការជឿជាក់​លើ​ខ្លួនឯង



ភ្នំពេញ ​៖ លោក ហ៊ុន ម៉ា​នី តំណាង​រាស្ដ្រ​មណ្ឌល​កំពង់ស្ពឺ និង​ជា​ប្រធាន​សភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៨ ​បាន​ណែនាំ​ដល់​សិស្សានុសិស្ស ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​)​ទាំងអស់​ត្រូវ​ខិតខំ​ប្រឹង​ប្រែង​ឲ្យ​អស់ពី​សមត្ថភាព​និង​ត្រូវ​មាន​ការ​ជឿជាក់​លើ​ខ្លួនឯង​ខណៈ ការ​ប្រឡង នឹង​ឈាន​ចូល​មកដល់​នៅ​ថ្ងៃទី​២០-២១ ខែសីហា ឆ្នាំ​២០១៨​។

លោក ហ៊ុន ម៉ា​នី​បានលើកឡើង​បែបនេះ​តាមរយៈ Video បង្ហោះ​នៅក្នុង Facebook ជា​ផ្លូវការ​របស់លោក ​កាលពី​ថ្ងៃទី​១៤​ខែសីហា​ឲ្យ​ដឹង​ថា «​ក្នុងឱកាស​នៃ​ការ​ជិត​ឈាន​មកដល់ នៃ​ការ​ឱកាស​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ក្នុងនាម​ខ្ញុំ​ជា តំណាងរាស្ដ្រ ក្នុងនាម​ខ្ញុំ​ជា ស​.​ស​.​យ​.​ក ក្នុងនាម​ជា​បងប្រុស​ម្នាក់ គឺ​សូម​ជូនពរ​ប្អូនៗ សិស្សានុសិស្ស ថ្នាក់​ទី​១២​ទាំងអស់ ដែល​បាន​កំពុង​ខំ​ប្រឹងប្រែង​ត្រៀមខ្លួន​រួចជាស្រេច នៅក្នុង​ថ្ងៃទី​២០-២១ ខាងមុខនេះ នឹងចូលរួម​ប្រឡង​បាក់​ឌុប ជូនពរ​ឲ្យ​ប្អូនៗ ទទួលបាន​ជោគជ័យ​ទាំងអស់​»​។



លោក ហ៊ុន ម៉ា​នី បាន​បន្តទៀតថា អ្វីដែល​បង​សូម​ចង់​រំលឹក​ប្អូនៗ សូម​ឲ្យ​ប្អូនៗ ជឿជាក់​លើ​ខ្លួនឯង ថា​ក្នុង​ដំណាក់កាល​ចុងក្រោយ​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា មន្ទីរអប់រំ យុវជន និង​កីឡា លោកនាយក​សាលា លោកគ្រូ អ្នកគ្រូ ជាពិសេស​តែម្ដង គឺ​បាន​ខំ​ប្រឹងប្រែង​ជាមួយ​ប្អូន ក្នុងនោះ​តាម​រូបភាព​ផ្សេងៗ ទាំង​ម៉ោង​បង្រៀន និង​ម៉ោង​រដ្ឋ ហើយ​វគ្គ​បំប៉ន​ផ្សេងៗ ក្នុងនោះ​មានការ​ចូលរួម​ពីស​.​ស​.​យ​.​ក ឃើញថា បងប្អូនៗ ខិតខំ​ប្រឹងប្រែង ធ្វើ​យ៉ាង​ត្រៀមខ្លួន​រួចជាស្រេច បង្កើន​នូវ​ចំណេះដឹង​។

លោក​ហ៊ុន ​ម៉ា​នី ​បាន​បញ្ជាក់​ថា «​ប្អូនៗ ត្រូវ​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ភាព​ជោគជ័យ​ក្នុង​ជីវិត​របស់​ប្អូន​ខ្លួនឯង យក​កិត្តិយស​ជូន​ទៅ​ក្នុង​គ្រួសារ​របស់​យើង ក្នុង​សាលារៀន​របស់​យើង​...​ពួក​បងៗ​ទាំងអស់គ្នា ជាមួយនឹង អ្នកគ្រូ លោកគ្រូ គឺ​ជឿជាក់​ថា ប្អូនៗ​អាច​ធ្វើបាន​សំខាន់​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ត្រូវធ្វើ​យ៉ាង​ម្ដេច សម្រាក​ឲ្យ​បាន​ច្រើន កុំ​ព្រួយបារម្ភ ហូប​អាហារ​ពេលព្រឹក ញាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ ធ្វើ​យ៉ាង​ណា​ពេល​ប្រឡង​បាក់​ឌុប ក្នុង​រយៈ ពេល​២​ថ្ងៃនេះ គឺ​មាន​ស្មារតី មាន​សុខភាព មុតមាំ សូម​ឲ្យ​ប្អូន​ជឿជាក់​លើ​ខ្លួនឯង ប្អូន​នឹង​ទទួលបាន​ជោគជ័យ​»​។

ចំណែក​អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​វិញ​បាន​ក្រើនរំលឹក​ដល់​បេក្ខជន​ទាំងអស់​ត្រូវ​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ​ដើម្បី​ត្រៀមខ្លួន​ចូលរួម​ប្រឡង​បាក់​ឌុប​ឲ្យ​បាន​គ្រប់ៗ​គ្នា។

លោក​រស់ សា​លីន អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ បាន​ណែនាំ​ដល់​បេក្ខជន​ទាំងអស់​ត្រូវ​រំលឹក​មេរៀន​និង​ធ្វើ​លំ​ហាត់​គន្លឹះ​សំខាន់ៗ លំ​ហាត់​គំរូ រូបមន្ត​នានា​ឡើងវិញ​ឲ្យ​បាន​ស្ទាត់​ដើម្បី​ធ្វើ​កិច្ច​ការ​ប្រឡង​ប្រើ​ពេល​បាន​លឿន​និង​ទាន់​ពេល​វេលា​។

ជា​មួយ​គ្នា​នេះ​ដែរ ​លោក​បាន​ជំរុញ​ឲ្យ​បេក្ខជន​ត្រូវ​មកដល់​មណ្ឌល​ប្រឡង​ឲ្យ​បាន​មុន​ដំណើរការ​នៃ​ការ​ប្រឡង ត្រូវ​ស្លៀកពាក់​ឯកសណ្ឋាន​សិស្ស ត្រូវ​យក​មក​នូវ​អត្តសញ្ញាណប័ណ្ណ ឬ​លិខិត​សម្គាល់​ខ្លួន​និង​មាន​ចុះហត្ថលេខា​នាយក​សាលា​ត្រឹមត្រូវ​ច្បាស់លាស់​ និង ​បេក្ខជនស្វៃរិន​ត្រូវ​យក​មក​នូវ​សលាក​ប​ត្រ​ឯកត្តជន​ដែលមាន​ចុះហត្ថលេខា​របស់​មន្ទីរ​អប់រំ យុវជន និង​កីឡា រាជធានី ខេត្ត​។

ទន្ទឹម​នឹង​នេះ​ លោក​បាន​ហាម​បេក្ខជន​មិន​ត្រូវយក​សំណៅ​ឯកសារ​ផ្សេងៗ ​ឬ​ឧ​បករណ៍​អេឡេច​ត្រូ​និ​ច​គ្រប់​ប្រភេទ ​រួមមាន​ទូរស័ព្ទ​ដៃ នាឡិកាដៃ​អេ​ឡេច​ត្រូវ​និ​ច ម៉ាស៊ីន​គិត​លេខ​និង​កា​ម៉ារ៉ា​ចូល​ក្នុង​មណ្ឌល​ប្រលង​ ឬ ​បន្ទប់​ប្រលង​ជាដាច់ខាត​ហើយ​ក្នុងករណី​រកឃើញថា ​មាន​បេក្ខជន​ណា​ម្នាក់​ប្រព្រឹត្តិ​សកម្មភាព​ផ្ទុយ​ពី​បទ​បញ្ញត្តិ​នេះ នឹងត្រូវ​ឲ្យ​ធ្លាក់​ជា​ស្វ័យប្រវត្តិ​។

លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​ធ្លាប់​បាន​មានប្រសាសន៍ថា​ ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ​ក្រសួង​នៅតែ​រឹត​បន្តឹង​ការ​ប្រឡង​ដូច​ឆ្នាំមុនៗ​ដែរ​ដើម្បី​ធានា​បាន​ការអប់រំ​ប្រកបដោយ​ស្តង់ដារ។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ​ក្រសួង​ក៏បាន​កែសម្រួល​បន្ថែម​ទៅលើ​បទ​បញ្ញា​តិ​មួយចំនួន​ដើម្បី​ឲ្យ​ការ​ប្រឡង​មាន​សុក្រឹតភាព យុត្តិធម៌​និង​អាច​ទទួល​យក​បាន​ទាំងអស់គ្នា​ដូចជា​ក្នុងករណី​បេក្ខជន​ឲ្យ​អ្នក​ដទៃ​ប្រឡង​ជំនួស​ខ្លួន ​ត្រូវ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​និង​ហាម​មិន​ឲ្យ​ប្រឡង​២​ឆ្នាំ​ ហើយ​អ្នក​ប្រឡង​ជំនួស​គេ​ត្រូវ​ប្រឈម​នឹង​តុលាការ ​ក្នុង​បទ​ក្លែង​ឯកសារ​សាធារណៈ​។

គួរ​បញ្ជាក់​ថា ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំនេះ​ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២០​និង​២១​ ខែសីហា​ ឆ្នាំ​២០១៨​ខាងមុខ ​ដោយមាន​បេក្ខជន​ចូលរួម​ប្រឡង​ចំនួន​១១៧ ០៦១​នាក់​កើនឡើង​ជាង​ឆ្នាំមុន​ជិត​១៤០០០​នាក់​ និង ​មាន​១៩៥​មណ្ឌល​ចែក​ជា​៤៧១៦​បន្ទប់ ​នៅ​តាម​រាជធានី​ខេត្ត​ទូទាំង​ប្រទេស៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu