*លោក ហួន រាជចំរើន ដែលអះអាងថា ជាគណបក្សប្រឆាំងថ្មីនៅកម្ពុជាបានអះអាងថា ការស្នើឲ្យបរទេសផ្តាច់ជំនួយពីកម្ពុជារបស់ក្រុមគណបក្សប្រឆាំងមុន នៅក្រៅប្រទេស គឺដើម្បីសម្លាប់ប្រជាពលរដ្ឋ
ភ្នំពេញ ៖ លោក ហួន រាជចំរើន ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចបានថ្លែងថា លោកមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលប្រកាសដោយ គ.ជ.ប នោះទេ តែលោកទទួលយកការរៀបចំរាជរដ្ឋាភិបាលរបស់គណបក្សឈ្នះឆ្នោត ដោយសារតែប្រធានគណបក្សនោះ បានប្រកាសការពាររាស្ត្រ យកចិត្តទុកដាក់ការពារប្រយោជន៍រាស្ត្រ និងផ្ដល់សេចក្តីសុខជូនរាស្ត្រ។
ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច លើកឡើងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅទីស្នាក់ការគណបក្ស ដែលស្ថិតនៅជិតទូរទស្សន៍អាស៊ីអាគេ្នយ៍ ស្តីពីជំហរធ្វើបាតុកម្ម ឬមិនធ្វើ ទាក់ទងលទ្ធផលបោះឆ្នោត។ លោកថ្លែងថា ការសម្រេចលុបចោលធ្វើបាតុកម្មនេះ គឺដោយមូលហេតុជាតិទាំងស្រុង គឺដោយពិនិត្យឃើញថា ពេលនេះលទ្ធផលនៃការបោះឆ្នោតបណ្តោះអាសន្ន ក៏ផ្អែកទៅលើលទ្ធផលបឋមដែរ ហើយបើលទ្ធផលនៃការបោះឆ្នោតបណ្តោះអាសន្នចេញមកបែបនេះ លទ្ធផលផ្លូវការ ដែលគ្រោងនឹងប្រកាសនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ខាងមុខ ក៏វាមិនខុសគ្នានោះដែរ។
លោក ហួន រាជចំរើន បញ្ជាក់យ៉ាងនេះថា ប្រសិនបើយើងទាំងអស់គ្នាជាអ្នកនយោបាយប្រឆាំងនូវលទ្ធផល នៃការបោះឆ្នោត តើការធ្វើបាតុកម្មប្រឆាំង ដើម្បីអ្វី ? នោះមានន័យថា យើងធ្វើបាតុកម្មប្រឆាំង ដើម្បីអំណាចបក្សរបស់ខ្លួន អំណាចពួករបស់ខ្លួនតែប៉ុណ្ណោះ មិនមែនយកចំណុចជាតិជាធំនោះទេ។ ការលុបចោលការធ្វើបាតុកម្ម គឺយើងជ្រើសរើសយកចំណុចជាតិជាធំ បាតុកម្ម កូដកម្ម មិនអាចរុញច្រានកម្ពុជា ឲ្យត្រឡប់ទៅរកការបោះឆ្នោតសាឡើងវិញ ឬរាប់សន្លឹកឆ្នោតឡើងវិញនោះទេ។ ដូច្នេះទឹកបាក់ទំនប់ហើយយើងមិនអាចរុញច្រានទឹកឲ្យឡើងលើទំនប់វិញបាននោះទេ យើងត្រូវទុកឲ្យទឹកហូរទៅតាមដំណើរ ហើយយើងត្រូវទប់ស្កាត់មួយ គឺលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ដូច្នេះសំអាងទៅលើការប្រកាសរបស់នាយករដ្ឋមន្ត្រីកាលពីថ្មីៗនេះ ជំរុញឲ្យមន្ត្រីរាជរដ្ឋាភិបាលយកចិត្តទុកដាក់ដល់ពលរដ្ឋ ការពារផលប្រយោជន៍ពលរដ្ឋ ដូច្នេះហើយទើបគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចយកយុទ្ធសាស្ត្រថ្មីមកប្រើ ដោយសុំឲ្យពលរដ្ឋលុបចោលការធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោតទាំងស្រុង។ យើងមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតទេ តែយើងទទួលយកការរៀបចំរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា ដែលឈ្នះឆ្នោត១២៥ លើ១២៥។ ពីព្រោះគណប្រជាបក្សប្រជាជនកម្ពុជា បានលើកឡើងថា នឹងយកចិត្តទុកដាក់ការពារប្រយោជន៍រាស្ត្រផ្ដល់សេចក្តីសុខជូនរាស្ត្រ ដូច្នេះយើងជាបក្សប្រឆាំង ដើម្បីប្រយោជន៍រាស្ត្រ យើងមិនធ្វើបាតុកម្ម កូដកម្ម លាបពណ៌ដាក់គ្នានោះទេ”។
ថ្លែងទាក់ទងក្រុមប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) ដែលតែងអះអាងថា ធ្វើអ្វីៗដើម្បីពលរដ្ឋនោះ លោក ហួន រាជចំរើន អះអាងថា “ចំណុចដែលក្រុមប្រឆាំងទៅធ្វើបាតុកម្មប្រឆាំង នោះ មិនមែននៅក្នុងក្របខណ្ឌនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានោះទេ។ ពីព្រោះព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ មានអធិបតេយ្យភាពជាតិ មានរដ្ឋធម្មនុញ្ញ មានព្រះមហាក្សត្រជាស្ថាប័នកំពូល ដូច្នេះការដែលគេទៅធ្វើបាតុកម្ម កូដកម្មនៅក្រៅប្រទេស គឺផ្ទុយទៅនិងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាហើយ”។
តាមលោក ហួន រាជចំរើន “ការធ្វើបាតុកម្ម កូដកម្ម ទាមទារឲ្យផ្តាច់ជំនួយនោះ មិនមែនធ្វើឲ្យស្លាប់រដ្ឋាភិបាល និងថ្នាក់ដឹកនាំប្រទេសនោះទេ អ្នកស្លាប់ គឺពលរដ្ឋ ចឹងចំណុចណា ដែលបក្សប្រឆាំងមុននិយាយថា ធ្វើការដើម្បីពលរដ្ឋទៅ ?”។ លោកបញ្ជាក់ទៀតថា “ការផ្ដាច់ជំនួយមិនជួយដល់កម្ពុជា អ្នកណាជាអ្នកស្លាប់ ការអភិវឌ្ឍន៍កម្ពុជាមិនមានទេ ប្រសិនបើគ្មានជំនួយអភិវឌ្ឍន៍ ដូច្នេះកម្ពុជាត្រូវស្លាប់ត្រង់ចំណុចសេដ្ឋកិច្ចអភិវឌ្ឍន៍។ មិនឲ្យអ្នកវិនិយោគចូលមកវិនិយោគនៅប្រទេសកម្ពុជា គឺជាចំណុចចាប់ផ្ដើមរុញច្រានកម្ពុជា ឲ្យដាច់សេដ្ឋកិច្ច តើរដ្ឋាភិបាលដាច់សេដ្ឋកិច្ច ឬរាស្ត្រដាច់សេដ្ឋកិច្ច អ្នកដែលដាច់សេដ្ឋកិច្ច គឺពលរដ្ឋ តើគាត់គោរពសិទ្ធិពលរដ្ឋ ឬរំលោភឆន្ទៈរាស្ត្រ។ ដូច្នេះសុំឲ្យអង្គការសហប្រជាជាតិមេត្តាពិនិត្យ ពលរដ្ឋនៅក្រៅប្រទេសមេត្តាពិចារណា ថាតើគាត់ធ្វើហ្នឹង គោរពឆន្ទៈរាស្ត្រ ឬរំលោភឆន្ទៈរាស្ត្រ ដែលគេបោះឆ្នោតឲ្យគាត់ហើយ គាត់ទៅប្ដឹងមិនឲ្យគេមកវិនិយោគ និងផ្ដាច់ជំនួយ តើរំលោភដែរ ឬអត់។ ចំណុចពិសេសមួយទៀត គាត់ថា កុំទិញផលិតផលពីកម្ពុជា តើការធ្វើបែបនេះ ជាការជួយពលរដ្ឋខ្លួនឯង ឬសម្លាប់ពលរដ្ឋខ្លួនឯង នេះគឺជាចំណុចដែលគាត់សម្រាប់ពលរដ្ឋខ្លួនឯង ក្បត់ឆន្ទៈរាស្ត្រ អញ្ចឹងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ជាគណបក្សប្រឆាំងថ្មី មិនសម្លាប់រាស្ត្រ ឬទេ”។
ជាមួយនឹងការលើកឡើងបែបនេះ លោក ហួន រាជចំរើន ស្នើសុំឲ្យអង្គការសហប្រជាជាតិ និងសហគមន៍អឺរ៉ុប ផ្ដល់ជំនួយមកដល់កម្ពុជា និងជួយឲ្យអ្នកវិនិយោគមកធ្វើការវិនិយោគនៅកម្ពុជា និងទិញផលិតផលពីកម្ពុជា ដើម្បីជំរុញលើកស្ទួយជីវភាពពលរដ្ឋកុំឲ្យពលរដ្ឋធ្វើចំណាកស្រុកដូចអាណត្តិមុនៗទៀត។ លោកថា ប្រសិនបើអង្គការសហប្រជាជាតិរុញច្រានកម្ពុជាឲ្យឃ្លាតឆ្ងាយពីប្រជាធិបតេយ្យពិត ដោយផ្ដាច់ជំនួយ និងដាក់ទណ្ឌកម្មនោះ ជាចំនុចរុញច្រានកម្ពុជាឲ្យធ្លាក់ទៅរបបមួយ ដូចរបបកម្ពុជាប្រជាធិបតេយ្យ វាលពិឃាត ដែលធ្វើឲ្យពលរដ្ឋកម្ពុជាស្លាប់ជាងបីលាននាក់៕
Source: Kampuchea Thmey Daily
0 Comments