អស់រយៈពេល៦៥ឆ្នាំក្រោយសង្គ្រាមកូរ៉េ បានបញ្ចប់ អដ្ឋិធាតុទាហានអាមេរិករាប់សិបនាក់ដែលត្រូវបានសម្លាប់ក្នុងអំឡុងពេលជម្លោះដ៏ឃោរឃៅនោះគឺបានវិលត្រឡប់មកផ្ទះវិញហើយ។
ការធ្វើមាតុភូមិនិវត្តន៍កាលពីថ្ងៃពុធគឺជាជំហានដ៏សំខាន់មួយបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំនិងមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនបានរៀបចំប្រជុំកំពូលមួយដែលក្នុងនោះលោកគីមយល់ព្រមបញ្ជូនអ្នកស្លាប់ក្នុងសង្គ្រាមឲ្យវិលត្រឡប់ទៅផ្ទះវិញ។
លោកត្រាំដែលបានប្រឈមនឹងការរិះគន់លើល្បឿននៃការរីកចម្រើនចាប់តាំងពីកិច្ចប្រជុំខែមិថុនាមកនោះគឺបានសរសើរលោកគីមសម្រាប់ “ការរក្សាពាក្យសន្យារបស់គាត់” ហើយលោកអនុប្រធានាធិបតី Mike Pence បានជួបក្រុមគ្រួសារនៅពេលដែលអដិ្ឋធាតុទាំងនោះបានមកដល់សហរដ្ឋអាមេរិកនៅក្នុងពិធីមួយលើកោះហាវ៉ៃ។
មឈូសដែលផ្ទុកអដ្ឋិធាតុចំនួន៥៥គឺត្រូវបានដណ្តប់ដោយទង់ជាតិពណ៌ខៀវនិងពណ៌សរបស់អង្គការសហប្រជាជាតិ។ ប្រជាជាតិមួយចំនួនបានប្រយុទ្ធនៅក្នុងសង្គ្រាមកូរ៉េប៉ុន្តែអ្នកស្លាប់ភាគច្រើនត្រូវបានគេគិតថាជាកងទ័ពអាមេរិក។
ជនជាតិអាមេរិកជាង៣៥,០០០នាក់ត្រូវបានសម្លាប់នៅលើឧបទ្វីបកូរ៉េកំឡុងសង្គ្រាមឆ្នាំ១៩៥០-១៩៥៣ដោយក្នុងនោះមានទាហានអាមេរិកចំនួន៧,៧០០នាក់នៅតែត្រូវបានគេចាត់ទុកថាកំពុងបាត់ខ្លួននៅក្នុងបេសកកម្មដែលភាគច្រើននៃពួកគេគឺស្ថិតក្នុងប្រទេសកូរ៉េខាងជើង។
លោក Pence និយាយថា “មនុស្សមួយចំនួនបានហៅសង្គ្រាមកូរ៉េថាជាសង្គ្រាមដែលត្រូវបានបំភ្លេចចោលប៉ុន្តែសព្វថ្ងៃនេះយើងបានបង្ហាញថា វីរបុរសទាំងនេះមិនដែលត្រូវបានគេបំភ្លេចឡើយ”។
វាអាចធ្វើឲ្យអ្នកវិទ្យាសាស្ត្រនិងប្រវត្តិវិទូត្រូវចំណាយពេលរាប់ឆ្នាំដើម្បីកំណត់អត្តសញ្ញាណចុងក្រោយរបស់អដ្ឋិធាតុទាំងនោះ។
លោក John Byrd ដែលមានមន្ទីរពិសោធន៍ធំមួយនៅកំពង់ផែ Pearl Harbor បាននិយាយថា ការរកឃើញបឋមបង្ហាញថា អដ្ឋិធាតុទាំងនោះទំនងជាជនជាតិអាមេរិក។
មន្ត្រីប្រហែល៥០០នាក់មកពីបញ្ជាការដ្ឋានអង្គការសហប្រជាជាតិ (UNC), សហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូងបានចូលរួមពិធីធ្វើមាតុភូមិនិវត្តន៍ជាផ្លូវការមួយនៅទីក្រុង Osan កាលពីព្រឹកថ្ងៃពុធ៕ AFP
Source: Kampuchea Thmey Daily
0 Comments