ភ្នំពេញ ៖ តារាចម្រៀងចំណូលថ្មីរបស់ផលិតកម្មហង្សមាស និងជាម្ចាស់ជ័យលាភីកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី១លោក នី រតនា បន្ទាប់ពីសម្រេចចិត្តភ្ជាប់ពាក្យជាមួយគូស្នេហ៍វ័យក្មេងស្រស់ស្អាត ដែលជាកូនស្រីថៅកែអ្នកនាំចូលផលិតផលសម្អាងម៉ាក Womea កាលពីថ្មីៗកន្លងមកនោះ ពេលនេះមានការបង្ហើបពីដំណឹងនៃអាពាហ៍ពិពាហ៍ជាផ្លូវការហើយ។
បើតាមប្រភពពីរង្វង់អ្នកសិល្បៈរួមអាជីពចម្រៀងជាមួយគ្នាបាននិយាយឲ្យដឹងថា ស្របពេលដែលចំណងស្នេហាររបស់លោក នី រតនា និងនារីជាគូដណ្តឹងបច្ចុប្បន្នកំពុងតែស្រឡាញ់ បង្កើនភាពផ្អែមល្ហែមយល់ចិត្តគ្នាកាន់តែខ្លាំងនោះ ពេលនេះពួកគេក៏បានសម្រេចចិត្តរួចមកហើយ ចំពោះមង្គលការដែលអ្នកទាំងពីរត្រៀមនឹងរៀបចំធ្វើឡើងនាបំណាច់ឆ្នាំ២០១៨ឬដើមឆ្នាំ២០១៩ខាងមុខនេះ។
ប្រភពបាននិយាយទៀតថា ការសម្រេចចិត្តជ្រើសរើសយកមង្គលការនាដើមឆ្នាំ២០១៩របស់គូស្នេហ៍លោក នី រតនា និងអនាគតភរិយារូបស្រស់ម្នាក់នោះ ដោយហេតុថា ពួកគេបានមើលឃើញពីហុងស៊ុយឬភាពជោគជ័យក្នុងឆ្នាំ២០១៩។ ប៉ុន្តែថ្ងៃ ខែជាក់លាក់ណាមួយពុំទាន់ត្រូវបានប្រភពបញ្ជាប់ច្បាស់នៅឡើយទេ គ្រាន់តែដឹងត្រឹមថាចាស់ទុំទាំងសងខាងនិងសាមីខ្លួនពួកគេបាននឹងកំពុងតែស្វះស្វែងរកលោកអាចារ្យ គុណគូរមើលថ្ងៃលាភថ្ងៃជ័យនៃមង្គលការតារាប្រុសរូបនេះ។
កម្ពុជាថ្មីនារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ មិនអាចទំនាក់ទំនងដើម្បីស្វែងរកការបំភ្លឺបន្ថែមពីសាមីខ្លួនលោក នី រតនា បាននៅឡើយទេ ចំពោះដំណឹងនៃមង្គលការនាដើមឆ្នាំ២០១៩ខាងមុខនេះ។
គួររម្លឹកថា ពិធីភ្ជាប់ពាក្យរបស់តារាចម្រៀងរូបសង្ហាប្រចាំផលិតកម្មហង្សមាសលោក នី រតនា បានប្រព្រឹត្តធ្វើឡើងកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅគេហដ្ឋានខាងស្រី ដោយមានការអញ្ជើញភ្ញៀវចូលរួមយ៉ាងច្រើនកុះករ និងបង្កបរិយាកាសសប្បាយរីករាយ។ ពិសេសក៏មានចាស់ទុំឪពុកម្តាយទាំងសងខាងចូលរួមជាសក្ខីភាពនៃពិធីភ្ជាប់ពាក្យរបស់ពួកគេទាំងពីរផងដែរ៕
Source: Kampuchea Thmey Daily
0 Comments