ពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) ក្រោមការរៀបចំពីសំណាក់គណៈកម្មការប្រកួតបាល់ទាត់ជាតិ (CNCC) សេនាធិការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងធ្វើដំណើរដល់សប្ដាហ៍១៦របស់ខ្លួននៅចុងសប្ដាហ៍នេះ ដែលមានការប្រកួតសរុបចំនួន៥គូ ព្រមទាំងមានផ្សាយផ្ទាល់គ្រប់ការប្រកួតទាំងអស់ដែលមានការចាប់ដៃគ្នារវាងទូរទស្សន៍ BTV New, គណៈកម្មការប្រកួតបាល់ទាត់ជាតិ (CNCC) និងសារព័ត៌មានកម្ពុជា។
កម្មវិធីប្រកួតសរុបប្រចាំសប្ដាហ៍ទី១៦នេះមានដូចជានៅថ្ងៃសៅរ៍ ទី៤ ខែសីហា ឆ្នាំ២០១៨ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវប៉ះក្រុមសូលទីឡូអង្គរ វេលាម៉ោង៦ល្ងាចលើទីលានពហុកីឡដ្ឋានជាតិមានផ្សាយផ្ទាល់តាមហ្វេសប៊ុក CNNC ហើយក្រុមវិសាខា ប៉ះវេស្ទើនភ្នំពេញ នៅទីលានស្តាតចាស់ វេលាម៉ោង៦ល្ងាចដូចគ្នា មានផ្សាយផ្ទាល់តាមហ្វេសប៊ុករបស់កម្ពុជាថ្មី និង១គូទៀតក្រុមភ្នំពេញក្រោន ទទួលក្រុមព្រះខ័នរាជស្វាយរៀង នៅវេលាម៉ោង៦ល្ងាចដែរលើទីលានកីឡដ្ឋាន RSN មានផ្សាយផ្ទាល់តាម BTV News។
ចំណែកនៅថ្ងៃអាទិត្យ ទី៥ ខែសីហា វិញក្រុមអគ្គីសនីកម្ពុជា ប៉ះក្រុមអង្គរថាយហ្គឺរ វេលាម៉ោង៣រសៀលលើទីលានកីឡដ្ឋានអគ្គីសនីកម្ពុជា មានផ្សាយផ្ទាល់តាមហ្វេសប៊ុក CNCC ខណៈក្រុមអាស៊ីអឺរ៉ុប ជួបក្រុមណាហ្គាវើល វេលាម៉ោង៣រសៀលដែរលើទីលានកីឡដ្ឋាន AEU Sport Park និងក្រុមក្រសួងការពារជាតិ ប៉ះក្រុមបឹងកេត វេលាម៉ោង៦ល្ងាចលើទីលានកីឡដ្ឋានស្តាតចាស់ សុទ្ធតែផ្សាយផ្ទាល់តាម BTV News។
ងាកមកមើលចំណាត់ថ្នាក់បណ្តោះអាសន្នប្រចាំពានរង្វាន់លីគកំពូលកម្ពុជាឃើញថាក្រុមបឹងកេតអែហ្វស៊ី បន្តឡើងឈរកំពូលតារាង មាន៣៩ពិន្ទុ តាមពីក្រោយដោយក្រុមលេខ២ ក្រុមណាហ្គាវើល និងក្រុមវិសាខា មាន៣៥ពិន្ទុ ឈរលេខ៣ មាន៣៥ពិន្ទុដូចគ្នា។ ក្រុមលេខ៤ក្រសួងការពារជាតិ មាន៣៤ពិន្ទ ខណៈក្រុមលេខ៥ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ មាន២៣ពិន្ទុ ក្រុមលេខ៦ ភ្នំពេញក្រោន មាន២១ពិន្ទុ លេខ៧ ព្រះខ័នរាជស្វាយរៀង មាន២១ពិន្ទុ ដែរ ក្រុមលេខ៨ អាស៊ីអឺរ៉ុប មាន១៨ពិន្ទុ។ ក្រុមលេខ៩សូលទីឡូអង្គរ មាន១៤ពិន្ទុ ហើយក្រុមលេខ១០ អង្គរថាយហ្គឺរ មាន១៣ពិន្ទុ ស្របពេលក្រុមអគ្គីសនីកម្ពុជា ឈរលេខ១១ មាន៥ពិន្ទុ និងក្រុមវេស្ទើនភ្នំពេញ ឈរលេខ១២ មាន១ពិន្ទុ។
ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលនេះនឹងប្រើប្រាស់រូបមន្តប្រកួតសន្សំពិន្ទុវិលជុំចំនួន២ជើងមាន២២សប្ដាហ៍ ដើម្បីស្វែងរកក្រុមខ្លាំងដែលមានពិន្ទុច្រើនជាងគេដណ្តើមជើងឯកប្រចាំឆ្នាំ។ ការប្រកួតចាប់ផ្តើមពីថ្ងៃទី៣ខែមីនា ដល់ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៨ ដែលមានសមាជិកចំនួន១២ក្រុម។ ក្រុមជើងឯកនឹងទទួលបានកៅអីទៅចូលរួមប្រកួតក្នុងពានរង្វាន់ AFC Cup 2019, ពានរង្វាន់ Mekong Club Championship ជាដើម៕
Source: Kampuchea Thmey Daily
0 Comments