នូវ ដារ៉ូ អ្នកប្រដាល់ ក្លិបអាណាចក្រគុនខ្មែរ ត្រូវគេផ្តល់ឱកាសអោយជួបប្រកួតសងសឹកជាមួយសុខ សុវណ្ណ អ្នកប្រដាល់ជើងខ្លាំងក្លិបកងពលធំអន្តរាគមន៍លេខ២ និងជាម្ចាស់ខ្សែក្រវាត់ Leo ទម្ងន់៦០គីឡូក្រាម នាល្ងាចថ្ងៃសៅរ៍ ទី០៤ ខែសីហា ឆ្នាំ២០១៥ នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ។
ពីរនាក់នេះ ជួបគ្នាក្នុងប្រភេទទម្ងន់៦៣,៥០០គីឡូក្រាម។ ពួកគេទាំងពីរនាក់នេះ បានជួបគ្នាម្តងហើយកាលពីថ្ងៃទី២១កក្កដា២០១៨កន្លងមក ដោយសុខ សុវណ្ណឈ្នះដោយពិន្ទុ។ សុខ សុវណ្ណ ជាអ្នកប្រដាល់ជើងចាស់ គេមានកណ្តាប់ដៃខ្លាំង រហ័សនិងលឿន ពិសេសស្នៀតទាត់របស់គេ គឺអស្ចារ្យតែម្តង ។ គូប្រកួតអោយតែហ៊ានប្រហែស អាចនឹងត្រូវសុវណ្ណទាត់អោយសន្លប់មិនខាន។សុខ សុវណ្ណប្រកួតចុងក្រោយនេះ វាយឈ្នះថន វាសនា អ្នកប្រដាល់ក្លិបនាគរាជមានជ័យដោយពិន្ទុ។
ចំពោះ នូវ ដារ៉ូ គេជាថ្មីស្រករក្រោយ សុវណ្ណឆ្ងាយណាស់ តែគេជាអ្នកប្រដាល់ដែលមានស្នៀតទាត់ល្អដូចសុវណ្ណដែរ ។ ហើយមួយទៀត ដារ៉ាគេមានកណ្តាប់ដៃល្អ ខ្លាំង ហើយកម្ពស់ក៏ប្រហាក់ប្រហែលនឹងសុវណ្ណដែរ ។ ឯ កម្លាំងស៊ុហ្វក៏ខ្លាំងដែរ។ ទោះជាយ៉ាងនេះក៏ដោយ ក៏មិនទាន់ប្រាកដថាអាចយកឈ្នះសុវណ្ណបាននោះដែរ ។ ដារ៉ូ គេប្រកួតចុងក្រោយ វាយចាញ់សុខ សុវណ្ណ ដោយពិន្ទុ កាលពីថ្ងៃទី២១កក្កដា២០១៨ ។ទោះជាយ៉ាងណា នូវ ដារ៉ូនៅមានបទពិសោធន៍និងបច្ចេកទេសខ្សោយជាងសុវណ្ណ។ ចាំមើល តើនូវ ដារ៉ូ អាចយកឈ្នះសុខ សុវណ្ណ សងសឹកបានសម្រេចដែរឬអត់?។
ចាន់ វ៉ារិទ្ធ អ្នកប្រដាល់ក្លិបនិរោធមានជ័យ ត្រូវជួបប្រកួតជាមួយផង់ សាម៉ាឡេ អ្នកប្រដាល់ក្លិបនាគរាជមានជ័យ ។ ពីរនាក់នេះ ជួបគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។នេះជាការជួបគ្នាលើកដំបូងរបស់អ្នកប្រដាល់ទាំងពីរ។
ផង់ សាម៉ាឡេ ជាអ្នកប្រដាល់មិនមានឈ្មោះល្បីនោះទេ តែគេវាយល្អនិងស៊ូចំពោះការប្រកួត ហើយពិសេសនោះ គឺគេមានផ្លែល្អ ។ ការប្រកួតកន្លងមក មិនសូវដែលចាញ់នោះទេ ។គេប្រកួតចុងក្រោយនេះ វាយចាញ់សម ភក្តី អ្នកប្រដាល់ក្លិបរ៉ាហាប់ស្វាយប៉ាកដោយពិន្ទុ។ចំណែក ចាន់ វ៉ារិទ្ធ គេឡើងប្រកួតចុងក្រោយ វាយឈ្នះស៊ឹម សំ អ្នកប្រដាល់ក្លិបយុវវាលស្បូវខណ្ឌច្បារអំពៅក្នុងទឹកទី៣។
សម្រាប់ការជួបជាមួយចាន់ វ៉ារិទ្ធ នេះ ផង់ សាម៉ាឡេ ប្រហែលជាមិនជួបសំណាងល្អនោះឡើយ ព្រោះចាន់ វ៉ារិទ្ធ គេវាយល្អនិងខ្លាំងជាង ។វ៉ារិទ្ធ មានកណ្តាប់ដៃខ្លាំង ហើយរឹងមាំថែមទៀត ។ ជាមួយនឹងកណ្តាប់ល្អ គេមានស្នៀតទាត់ខ្លាំងថែមទៀត។ យ៉ាងណា វ៉ារិទ្ធ មិនអាចមើលស្រាលផង់ សាម៉ាឡេ បានឡើយ។
វុត្ថា ណាវី អ្នកប្រដាល់ក្លិបអង្គរធំគុនខ្មែរ នឹងជួបប្រកួតជាមួយងួន គា អ្នកប្រដាល់ក្លិបរាជសីហ៍ខេត្តរតនគិរី ដោយជួបប្រកួតគ្នាក្នុងទម្ងន់៥៧គីឡូក្រាម ។ ពីរនាក់នេះ ពុំធ្លាប់ដែលប៉ះគ្នាទេកន្លងមក។អ្នកប្រដាល់ទាំងពីរនេះ អ្នកណាឈ្នះអ្នកណាចាញ់នោះ មិនអាចទស្សន៍ទាយមុនបានឡើយ។
ងួន គា គេប្រកួតចុងក្រោយនេះ វាយចាញ់រ៉ែម រាជ អ្នកប្រដាល់ក្លិបអង្គរមានជ័យខេត្តសៀមរាប ដោយពិន្ទុ ឯការប្រកួតចុងក្រោយរបស់ វុត្ថា ណាវី វិញ គឺចាញ់ផាន ផាត់យុទ្ធ អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡាដោយពិន្ទុដែរ ។
ចំណែក អាន ទាវ អ្នកប្រដាល់ក្លិបយុវជនវាលស្បូវ ត្រូវគេផ្គូអោយជួបប្រកួតជាមួយ អេ សារ័ត្ន អ្នកប្រដាល់ក្លិបអេភូថងកីឡា ។ ពួកគេទាំងពីរប្រកួតគ្នាក្នុងទម្ងន់៥៤គីឡូក្រាម។អ្នកប្រដាល់ទាំងពីរនេះ ធ្លាប់ដែលជួបគ្នាម្តងហើយកន្លងមក ដោយអាន ទាវ ចាញ់អេ សារ័ត្នដោយពិន្ទុ។ ដូច្នេះការជួបគ្នាលើកនេះ ជាការជួបសងសឹករបស់អាន ទាវ ។ចាំមើល តើអាន ទាវ អាចសងសឹកអេសារ័ត្នបានសម្រេចឬអត់នោះ?៕
Source: Kampuchea Thmey Daily
0 Comments