Ad Code

លោក​Trump ប្រាប់​អគ្គមេធាវី​ឲ្យ​បញ្ចប់​ការស៊ើបអង្កេត​រឿង​រុស្ស៊ី



លោក Donald Trump កាលពី​ថ្ងៃ​ពុធ ​បាន​ប្រាប់​ដល់​អគ្គមេធាវី​របស់​គាត់​ឲ្យ​បញ្ចប់​ការស៊ើបអង្កេត​ដែល​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ខ្ពស់​អំពី​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុង​ការ​បោះឆ្នោត​ ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សមាជិក​សំខាន់ៗ​នៃ​យុទ្ធនា​ការឃោសនា​ប្រធានាធិបតី​របស់​គាត់។

​នៅក្នុង​ការ​បង្ហោះ Twitter ដែល​បង្ក​ឲ្យ​មានការ​ចោទប្រកាន់​ភ្លាមៗ​ថា​លោក Trump កំពុង​ព្យាយាម​រាំងស្ទះ​យុត្តិធម៌​សាធារណៈ​នោះ​, លោក​ប្រធានាធិបតី​បាន​រិះគន់​ការស៊ើបអង្កេត​ដែល​ដឹកនាំ​ដោយ​រដ្ឋអាជ្ញា​ពិសេស​លោក Robert Mueller ថា​ជា “​ភាពអាម៉ាស់​”​។​

លោក Trump បាន​ថ្លែងថា “​នេះ​ជា​ស្ថានភាព​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​ហើយ​អគ្គមេធាវី​លោក Jeff Sessions គួរតែបញ្ឈប់​រឿងនេះ​ភ្លាម​មុនពេល​វា​បន្តធ្វើ​ឲ្យ​ប្រទេស​របស់​យើង​តាន​តឹ​ន​បន្ថែមទៀត​”​។​

ជំនួយការ​នានា​បានចេញ​មុខមក​បំភ្លឺ​ការលើកឡើង​នេះ​ដើម្បី​កំណត់​អំពី​ផលប៉ះពាល់​។​
​អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី Sarah Sanders បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា “​វា​មិនមែនជា​បញ្ជា​ទេ វា​ជា​មតិយោបល់​របស់លោក​ប្រធានាធិបតី​”​។ លោកស្រី​បាន​បន្ថែមថា លោក Trump ចង់​ឲ្យ​ការស៊ើបអង្កេត​នេះ “​ឈានដល់​ទីបញ្ចប់​”​។​

ចំណែក​មេធាវី​របស់គាត់​គឺ​លោក Rudy Giuliani បាន​បន្ថែមថា “​គាត់​បាន​ប្រើ Twitter ដើម្បី​ផ្តល់​ជា​មតិយោបល់​។ គាត់​បាន​ប្រើពាក្យ​ថា '​គួរតែ​' គាត់​មិនបាន​ប្រើពាក្យ '​ត្រូវតែ​’ ទេ​”​។​

លោក Mueller ដែលជា​អតីត​ប្រធាន FBI កំពុង​ស៊ើបអង្កេត​ថា​តើ​យុទ្ធនាការ​របស់លោក Trump បានទទួល​ជំនួយ​ឬ​គាំទ្រ​ពី​ប្រទេស​រុស្ស៊ី​ក្នុងការ​រារាំង​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦​ឬក៏​ព្យាយាម​លាក់បាំង​ការឃុបឃិត​នេះដែរ​ឬក៏​អត់​។​

រហូតមកដល់​ពេលនេះ គាត់​បានដាក់​ការចោទប្រកាន់​មនុស្ស​រាប់សិប​នាក់​រាប់បញ្ចូល​ទាំង​អ្នក​ដែល​សង្ស័យថា​ជា​ពួក Hacker រុស្សី​ផងដែរ​និង​ទទួលបាន​ការសារភាព​កំហុស​ពី​សំណាក់​ជំនួយការ​របស់លោក Trump យ៉ាងតិច​បីនាក់​ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​ឃុបឃិត​និង​និយាយ​កុហក​ដល់​អ្នកស៊ើប​អង្កេត​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu