សៀមរាប ៖ សមត្ថកិច្ចនគរបាលជំនាញស្រុកជីក្រែង បានឲ្យដឹងថា នៅវេលាម៉ោងជិត១យប់រំលងអធ្រាត្រ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅលើផ្លូវជាតិលេខ៦ត្រង់ ចំណុចភូមិចក ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។
ករណីនេះ បង្កឡើងដោយរថយន្តក្រុងក្រុមហ៊ុនរិទ្ធមុន្នី ពាក់ស្លាកលេខភ្នំពេញ 3C- 6855 ដឹកអ្នកដំណើរចំនួន ៣៦ នាក់ ចេញពីខេត្តសៀមរាបទៅរាជធានីភ្នំពេញ ដល់ចំណុចកើតហេតុ បានគេចរថយន្តដឹកដំឡូង ដែលបើកបរស្របទិសគ្នា ហើយបានរេចង្កូតធ្លាក់ផ្លូវ ទៅខាងត្បូងផ្លូវដោយខ្លួនឯង បណ្តាលឲ្យរងរបួសមនុស្សចំនួន៧នាក់ ក្នុងនោះស្រី ៣នាក់ ហើយក្នុងចំនួននេះ មានបុរស២នាក់បានរងរបួសធ្ងន់ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម រីឯអ្នកបើកបររថយន្តក្រុមហ៊ុនរិទ្ធិមុន្នី ក្រោយពីកើតហេតុបានគេចខ្លួនបាត់ សមត្ថកិច្ចកំពុងស្រាវជ្រាវ។ ចំណែករថយន្តសមត្ថកិច្ចជំនាញកំពុងចាត់ចែងដើម្បីយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែង៕
Source: Kampuchea Thmey Daily
0 Comments