មានការព្រួយបារម្ភកាន់តែខ្លាំងកាលពីថ្ងៃពុធថា ទំនប់ទឹកអាចធ្លាយដោយសារតែភ្លៀងធ្លាក់នាពេលថ្មីៗនេះ នៅភាគអាគ្នេយ៍ប្រទេសមីយ៉ាន់ម៉ា ដែលជាកន្លែងមនុស្សជាង១៣០,០០០នាក់ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយមានមនុស្សរាប់សិបនាក់ត្រូវបានសម្លាប់។
តំបន់ដីកសិកម្មដ៏ធំមួយនៅទូទាំងខេត្តចំនួន៤ត្រូវលិចនៅក្រោមទឹកភក់ខណៈក្រុមជួយសង្គ្រោះកំពុងព្យាយាមធ្វើដំណើរទៅភូមិទាំងនោះដោយជិះទូកដើម្បីផ្តល់ស្បៀងអាហារដល់អ្នកទាំងឡាយណាដែលមិនអាចឬបដិសេធចាកចេញពីផ្ទះរបស់ពួកគេ។
នៅទីប្រជុំជន Madauk ក្នុងតំបន់ Bago, ទឹកជំនន់ឡើងជិតផុតទំនប់ហើយខណៈដែលអ្នកស្រុកមានភាពភ័យខ្លាចថា ភ្លៀងធ្លាក់រដូវមូសុងថ្មីអាចបង្កឲ្យមានគ្រោះមហន្តរាយ។
មេដឹកនាំក្រុមជួយសង្គ្រោះលោក Hlaing Min Oo បានប្រាប់ AFP ថា “ប្រសិនបើទំនប់នេះមិនអាចទប់ទល់នឹងទឹកជំនន់ក្រោយបានទេនោះ ភូមិជាច្រើនទៀតនឹងមានគ្រោះថ្នាក់ខ្ពស់។ សម្រាប់ពេលនេះ មានឱកាសតិចតួចបំផុតដែលថាកម្រិតទឹកនឹងធ្លាក់ចុះ”។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបានឲ្យដឹងថា ការបញ្ជាជម្លៀសនៅតែដាក់នៅទូទាំងខេត្ត Bago, Karen, Mon និង Taninthari ខណៈទំនប់និងអាងស្តុកទឹកចំនួន៣៦គឺបានហៀរ។
លោក Phyu Lei Lei Tun នាយកក្រសួងសុខុមាលភាពសង្គមបាននិយាយថា “ប្រជាជនជាង១៣០,០០០នាក់មកពីគ្រួសារចំនួន២៨,០០០ត្រូវបានជម្លៀសចេញ”។ លោកបានលើកឡើងបែបនេះដោយដកស្រង់តួលេខដែលលោកនិយាយថាមានភាពត្រឹមត្រូវគិតត្រឹមល្ងាចថ្ងៃអង្គារ។
មនុស្សជាច្រើនមិនអាចគេចខ្លួនទៅជម្រកបានទេឬកំពុងជ្រើសរើសជម្រើសបន្តស្នាក់នៅក្នុងលំនៅដ្ឋានដែលលិចទឹករបស់ពួកគេដោយសង្ឃឹមថា កម្រិតទឹកនឹងចាប់ផ្តើមស្រកទៅវិញ។
វត្តអារ៉ាមមួយកំពុងបម្រើជាចំណុចប្រមូលផ្តុំសម្រាប់ការបរិច្ចាគអង្ករ មីនិងនំប៊ីសស្គីតនៅក្នុងភូមិ Maubin ដែលមានប្រជាជន១០៨គ្រួសារ។
ប្រទេសមីយ៉ាន់ម៉ាទើបតែចូលដល់រដូវមូសុងប៉ុន្ដែវាមិនមែនរងគ្រោះតែម្នាក់ឯងនោះទេ។
ភ្លៀងធ្លាក់ខ្លាំងនៅឆ្នាំនេះបានបោកបក់ភាគច្រើននៃតំបន់មេគង្គដោយទំនប់មួយនៅក្នុងប្រទេសឡាវបានបាក់កាលពីសប្ដាហ៍មុនដោយបានបំផ្លាញភូមិជាច្រើននិងបណ្តាលឲ្យមនុស្សជាច្រើននាក់បាត់ខ្លួន៕ AFP
Source: Kampuchea Thmey Daily
0 Comments