ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានលើកឡើងថា ប្រទេសកម្ពុជា ជាកោះសន្តិភាពនិងជាដីមាសសម្រាប់ការវិនិយោគ ដូច្នេះទេ លោកសូមអោយអ្នកវិនិយោគទាំងអស់ចូលរួមវិនិយោគបន្ថែមទៀត។ ជាងនេះទៅទៀត សម្រាប់កម្ពុជា អ្នកវិនិយោគទាំងអស់ ក៏ត្រូវបានការពារដោយច្បាប់ផងដែរ។
ការលើកឡើងរបស់លោកអភិបាលរាជធានីភ្នំពេញបែបនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៥ សីហា ឆ្នាំ២០១៨ ក្នុងឱកាស ដែលលោកបានអញ្ជើញជាអធិបតីភាព បើកសម្ពោធគម្រោងលក់អភិវឌ្ឍលំនៅដ្ឋាន ក្រុមហ៊ុនអចលនទ្រព្យលីងណាន ហ្គាដិនរបស់ប្រទេសចិន ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោហ៊ុនសែន ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានអបអរសាទរចំពោះគម្រោងវិនិយោគនេះដែលបានឆ្លុះបញ្ចាំងឲ្យឃើញនូវភាពជោគជ័យថ្មី១ទៀតនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលខិតខំទាក់ទាញការវិយោគទាំងក្នុងនិងក្រៅប្រទេស ពិសេសគឺការខិតខំបង្កើនទំនុកចិត្ត និងជំនឿជឿជាក់ជូនដល់វិនិយោគិន។
នេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុនលីងណានដែលបានបណ្តាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងវិស័យឧស្សាហកម្មសំណង់ និងការអភិវឌ្ឍផ្នែកអចលនទ្រព្យនៅរាជធានីភ្នំពេញក្នុងគំរោងអភិវឌ្ឍអគារមជ្ឈមណ្ឌលលំនៅដ្ឋានចម្រុះ
លោកអភិបាលបានថ្លែងថា កម្ពុជា គឺពិតជាទឹកដីមាសសក្ដិសមបំផុតសម្រាប់ធ្វើការវិនិយោគដូច្នេះអ្នកវិនិយោគក៏ត្រូវចាប់យកឱកាសនេះឲ្យបាន។
លោកឃួង ស្រេង មានប្រសាសន៍ថា នៅកម្ពុជា មានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រី គឺផលប្រយោជន៍របស់អ្នកវិនិយោគត្រូវបានការពារដោយច្បាប់។ យើងពិតជាមិនដែលឃើញក្រុមហ៊ុនណាដាក់ទុនវិនិយោគក្នុងប្រទេសដែលមានសង្គ្រាមនោះទេ។ សម្រាប់ប្រជាជនកម្ពុជាពិតជាមានមោទនភាពដែលមានបុរសខ្លាំងដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍ គឺសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន។ កាលពី៥ឆ្នាំមុនក្រោយបោះឆ្នោតគឺគ្មានក្រុមហ៊ុនណាមកសម្ពោធគម្រោងរបស់ខ្លួននៅកម្ពុជា ក៏ដូចនៅរាជធានីភ្នំពេញនោះដែរ ព្រោះនៅតាមដងផ្លូវពោរពេញទៅដោយបាតុកម្ម កូដកម្មបំផ្លិចបំផ្លាញនិងបង្កអំពើហិង្សាពីក្រុមអគតិដែលមាននិន្នាការប្រឆាំង។
ដោយឡែកសម្រាប់ឆ្នាំ២០១៨នេះ តម្លៃអចលនទ្រព្យទាំងមុន និងក្រោយការបោះឆ្នោតគឺនៅតែរក្សាស្ថិរភាព និងធ្វើឲ្យអ្នកវិនិយោគកាន់តែមានទំនុកចិត្ត។ ឯលោកអភិបាលលើកឡើងថា ៖ នេះជាគម្រោង១ក្នុងចំណោមគម្រោងជាច្រើនដែលបានកើតឡើងដោយមានការគិតគូទុកជាមុន មិនមែនកើតឡើងដោយចៃដន្យនោះទេ៕
Source: Kampuchea Thmey Daily
0 Comments