កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោកគួច ចំរើន បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ បើទោះបីទឹកទន្លេមេគង្គនៅខេត្តកំពង់ចាមបានស្រកចុះមកនៅត្រឹមជាង១៥ម៉ែត្រ ក៏ដោយ។
ការអំពាវនាវបែបនេះរបស់លោកគួច ចំរើន បានធ្វើឡើងកាលពីព្រឹកថ្ងៃអាទិត្យ ៩រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ ខណៈ ដែលលោកដឹកនាំមន្ត្រីនិងអាជ្ញាធរដែនដីចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពទឹកជំនន់តាមបណ្តា ឃុំមួយចំនួន នៅស្រុកកោះសូទិន ដែលរងគ្រោះដោយសារទឹកជំនន់.
លោកគួច ចំរើនបានអោយដឹងថា ទឹកទន្លេមេគង្គខេត្តកំពង់ចាម បានស្រកមកនៅត្រឹម១៥.០៥ម៉ែត្រ នារសៀលថ្ងៃអាទិត្យនេះ តែបណ្តាភូមិឃុំក្នុងខេត្តកំពង់ចាមនៅតែទទួលរងគ្រោះដោយទឹកជំនន់ ដូច្នេះលោកសូមប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្ន ចំពោះហេតុការណ៍ចៃដន្យណាមួយ ដែលបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិត ពិសេសប្រុងប្រយ័ត្នខ្ពស់ចំពោះ កុមារ ជនពិការ និងចាស់ជរា។
លោកសូមអោយមានការប្រុងប្រយ័ត្នចំពោះសត្វពស់ និងសត្វអាសិរពិសនានាចឹក ក្នុងករណីមានសត្វអាសិរពិសចឹកសូមបញ្ជូនជនរងគ្រោះជាបន្ទាន់ទៅកាន់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាពដែលនៅជិតបំផុត ព្រោះមានក្រុមគ្រូពេទ្យ និងឱសថគ្រប់គ្រាន់សម្រាប់ព្យាបាល៕
Source: Kampuchea Thmey Daily
0 Comments