Ad Code

តារា​សម្ដែង លោក ញ៉ែម សុគន្ធ បើករថយន្ត ជ្រុល​ទៅ​បុក​រះ​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់



ភ្នំពេញ ​៖​ តារា​សម្ដែង និង​ជា​ពិធីករ លោក ញ៉ែម សុគន្ធ បើករថយន្ត​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅបុក​រះ​របាំង​ថ្ម​កណ្ដាល​ទ្រូងផ្លូវ លើផ្លូវ​ម៉ៅ​សេទុង បណ្ដាល​ឲ្យ​បាក់ និង​ខ្ទាត​របាំង​ថ្ម​រប៉ាត់រប៉ាយ​ពេញ​ផ្លូវ ខណៈ​រថយន្ត​រង​ការខូចខាត​យ៉ាងដំណំ ចំណែក​លោក បាន​រង​របួស​ធ្ងន់ ​​ត្រូវបាន​គេ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ។

គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១៖៥០​នាទី​យប់ ថ្ងៃអាទិត្យ ៩​រោច ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន​លើ​មហាវិថី​ម៉ៅ​សេទុង កែង​ផ្លូវ​១៩៣ ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

សាក្សី​ឃើញ​ហេតុការណ៍​ខាងលើ ប្រាប់ ថា នៅ​មុនពេល​កើតហេតុ គាត់​បានឃើញ​បុរស​ម្នាក់ ដែល​ស្គាល់​ថា ជា​តារា​សិល្បៈ​ឈ្មោះ ញ៉ែម សុគន្ធ បាន​បើករថយន្ត​ម៉ាក Toyota Highlander មួយគ្រឿង ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2AK-5321 ធ្វើដំណើរ​តាម​បណ្ដោយ​មហាវិថី​ម៉ៅ​សេទុង ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន។ លុះ​ធ្វើដំណើរ​មកដល់​ចំណុចកើតហេតុ ដោយ​មិនដឹង​មាន​មូល​ហេតុអ្វី ស្រាប់តែ​គេ​ឃើញ​រថយន្ត​របស់លោក ញ៉ែម សុគន្ធ បាន​រេ​ចង្កូត​ទៅបុក​រះ​ក្បាល​នាគ​កណ្ដាល​ទ្រូងផ្លូវ​យ៉ាង​ពេញទំហឹង​តែម្ដង បណ្ដាល​ឲ្យ​តារា​សម្ដែង​រូបនេះ រងរបួស​ធ្ងន់ ដោយបាន​ហោះ​ប្លោង​ទៅបុក​ផ្ទប់​នឹង​កញ្ចក់​រថយន្ត ហើយ​ត្រូវ​បាន​គេ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ។ ចំណែក​រថយន្ត​វិញ បាន​ផ្ទុះ​ពោង​សុវត្ថិភាព​ទាំងអស់ និង​ខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​តែម្ដង។ រីឯ​របាំង​ថ្ម​ជាច្រើន​កង់​បាន​បាក់ និង​ខ្ទាត​ចេញពី​ជួរ​រប៉ាត់រប៉ាយ​ពេញ​ផ្លូវ​។ ជុំវិញ​ករណី នេះ កាសែត​កម្ពុ​ជាថ្មី មិនអាច​សុំ​ការ​ពន្យល់​បន្ថែម​ពី​លោក ញ៉ែម សុគន្ធ បាន​នៅឡើយ​ទេ។

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ទាក់ទង​ទៅកាន់​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុង ចុះ​មក​ធ្វើការ​វាស់វែង និង​ស្ទូច​រថយន្ត​បង្ក​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ភាគី​ម្ចាស់​រថយន្ត​ចូលខ្លួន​ដោះស្រាយ​សំណង​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ​តាម​នីតិវិធី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu