ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានសំដែងការហួសចិត្តជាមួយទង្វើរបស់ពួកអ្នកនយោបាយប្រឆាំង ទណ្ឌិត សម រង្ស៊ី ដែលកំពុងស្ថិតនៅក្រៅប្រទេស ដែលមានរឿងលើកឡើងមិនចេះចប់ ហើយស្ទីលចុងក្រោយរបស់ពួកគេគឺ ចោទថា មានការបំប៉ោងចំនួនពលរដ្ឋទៅបោះឆ្នោតនិងគាបសង្កត់ប្រជាពលរដ្ឋ។ ដើម្បីបង្ហាញការពិតចំពោះប្រជាជនកម្ពុជាសម្តេចតេជោនាយករដ្ឋមន្ត្រីបានបបួលសម រង្ស៊ី ស្បថដាក់ជីវិតទៀតផង បើលោកសម រង្ស៊ីហ៊ាននោះ។ បើសមរង្ស៊ីមិនហ៊ានស្បថទេ បានន័យថា ការនិយាយរបស់ពួកគេគឺជាការបោកប្រាស់ប្រជាជន ហើយមានន័យស្មើនឹងគេទទួលស្គាល់ការពិតថា មានប្រជាជនទៅបោះឆ្នោតជាង ៨២ ភាគរយមែន។
នៅព្រឹកថ្ងៃទី ៦ ខែ សីហា នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបសំណេះសំណាលជាមួយក្រុមកីឡាករ កីឡាការិនីខ្មែរចំនួន ៧១ នាក់នៅវិមានសន្តិភាព មុនពួកគេចេញដំណើរទៅចូលរួមប្រកួតកីឡា Asian Games នៅប្រទេសឥណ្ឌូនេស៊ី ដែលសម្តេចនាយករដ្ឋមន្ត្រីបានយកវេទិកានេះបបួល ទណ្ឌិតសម រង្ស៊ី ដែលចោទថា មានការបំប៉ោងចំនួនពលរដ្ឋទៅបោះឆ្នោតថ្ងៃ២៩កក្កដានិងការបំភិតបំភ័យ ដោយសម្តេច ហ៊ុន សែនបានបបួល សម រង្ស៊ី ស្បថដាក់ជីវិតបើសិន សម រង្ស៊ី ហ៊ាននោះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា «ក្រុមនៅផ្ទះឈ្នះឯង ដែលចាត់ទុកជាការធ្វើប្រជាមតិនេះ វាទៅជាយ៉ាងម៉េចហើយ? សល់តែរឿងមួយទេការលួចបន្លំ បំប៉ោងតួលេខសល់តែមួយហ្នឹង អាសត្វចង្រៃហ្នឹងវាសល់តែមួយហ្នឹង ព្រោះសារជាតិរបស់វាតាំងពីដើមរហូតដល់ចប់សល់តែមួយហ្នឹងលួចបន្លំ បំភ័ន្តភ្នែកនៅសល់តែមួយហ្នឹង»។
ទណ្ឌិត សម រង្ស៊ី វិញតាមរយៈបណ្តាញព័ត៌មាននិងហ្វេសប៊ុកបានអះអាងថា អត្រាអ្នកចូលរួមបោះឆ្នោតមានតិចជាង ៥០ ភាគរយគឺមិនមែន៨២ ភាគរយដូចសម្តេច ហ៊ុន សែនអះអាងឡើយ។ មិនតែប៉ុណ្ណោះទណ្ឌិតសម រង្ស៊ី ថែមទាំងហ៊ានអះអាងទៀតថា អត្រាអ្នកបោះឆ្នោតមានចំនួនច្រើនបែបនេះ គឺកើតចេញពីការក្លែងបន្លំនិងរាប់ខុសធ្វើឲ្យសន្លឹកឆ្នោតមោឃៈមួយចំនួនធំក្លាយទៅជាសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។
ពាក់ព័ន្ធការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងថា បើសិននេះជាការពិតមែននោះ សម រង្ស៊ី ត្រូវតែហ៊ានស្បថដាក់ជីវិតជាមួយរូបសម្តេច។ ស្បថឲ្យស្លាប់ដោយរន្ទះបាញ់ ឡានបុក ធ្លាក់យន្តហោះ ទេវតាបរាមុខ ស្លាប់តៃហោងគ្មានដីកប់ និយាយឲ្យខ្លីឲ្យតែស្លាប់ខ្លួនគឺជាសម្បថដែលសម្តេចហ៊ុន សែនចង់ឲ្យលោកសម រង្ស៊ី មកស្បថតទល់ជាមួយនឹងសម្តេច។ សម្តេចថ្លែងថា សម រង្ស៊ី អាចស្បថដោយសរសេរនៅលើទំព័រហ្វេសប៊ុកឬតាមណាក៏បានដែរឲ្យតែសម រង្ស៊ីហ៊ាន។
សម្តេចបានគូសបញ្ជាក់ថាបើ សម រង្ស៊ីហ៊ានស្បថនោះ គឺថាប្រសិនបើនរណាម្នាក់ស្លាប់ដោយសារការស្បថនេះ អាចបញ្ជាក់ពីការពិតហើយ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា «តើពួកអ្នកឯងហ៊ានស្បថឲ្យរន្ទះបាញ់ ឲ្យងាប់ដោយសារអ្វីក៏ដោយឲ្យតែងាប់ហ៊ានឬអត់? ឬក៏អន្តរធានឬអត់? ដែលអ្នកឯងហ៊ានចោទថា ប្រជាពលរដ្ឋត្រូវបានគេបំប៉ោងបំភិតបំភ័យត្រូវគេស្តីអ៊ីចេះអ៊ីចុះហ៊ានស្បថឬអត់? ហ៊ានស្បថទេ? បើហ៊ានឥឡូវបង្ហោះតាម Facebook ទៅ។ ខ្ញុំក៏ហ៊ានស្បថឲ្យងាប់តៃហោង ឲ្យងាប់គ្រប់ប្រភេទតាមដែលងាប់ទៅបានឲ្យតែយមរាជចង់ឲ្យខ្ញុំងាប់តាមរបៀបណាក៏បាន។ ប៉ុន្តែអ្នកឯងហ៊ានបង្ហោះតាម Facebook ប្រកាសទៅថាស្បថពិតជាអ៊ីចឹងមែនហើយសុខចិត្តងាប់ សុខចិត្តងាប់តៃហោង ងាប់ប្រភេទណាក៏ដោយឲ្យតែងាប់ ដើម្បីឲ្យវាឃើញស័ក្តិសិទ្ធិតែម្តង»។
មិនត្រឹមតែបបួល ទណ្ឌិតសម រង្ស៊ី ស្បថប៉ុណ្ណោះទេ សម្តេចតេជោ ហ៊ុន សែន ក៏ហ៊ានស្បថតាមការផ្សាយផ្ទាល់នៅថ្ងៃនេះមុនទណ្ឌិតសម រង្ស៊ី ឲ្យសម្តេចស្លាប់ខ្លួន ប្រសិនបើចំនួនអ្នកទៅបោះឆ្នោត ជាចំនួនមិនពិតនោះ។ ប៉ុន្តែអ្វីដែលសំខាន់គឺសម្តេចតេជោនាយករដ្ឋមន្ត្រីចង់ដឹងថា តើទណ្ឌិតសម រង្ស៊ី ហ៊ានឬក៏មិនហ៊ានស្បថជាមួយនឹងសម្តេច។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋដែលបានទៅបោះឆ្នោត ចេញមកស្បថជាមួយក្រុមប្រឆាំងដែរ។ សម្តេចមានប្រសាសន៍ថា «យើងទាំងអស់នាំគ្នាស្បថដែរទៅ។ កុំទៅខ្លាចមានអីត្រូវខ្លាច បើយើងធ្វើពិត។ មានតែអ្នកបោកបញ្ជោតទេដែលមិនហ៊ាននោះ»។
សម្តេចតេជោនាយករដ្ឋមន្ត្រីហាក់ដូចជាបានដឹងមុនទៅហើយថា ទណ្ឌិត សម រង្ស៊ី ប្រហែលជាមិនហ៊ានស្បថទេព្រោះថា កន្លងមកតាំងពីអាណត្តិមុនៗមកម្ល៉េះ គឺទណ្ឌិតសមរង្ស៊ី មិនដែលហ៊ានស្បថស្បែម្តងណាឡើយ។ តែទោះជាបែបនេះក្តីសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានសុំឲ្យទណ្ឌិតសម រង្ស៊ីឆ្លើយតបមកលោកវិញថាហ៊ានឬមិនហ៊ាន។
របាយការណ៍គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាប្រមាណ ៦.៩៤៦.១៦៤នាក់ ស្មើនឹងប្រមាណ ៨២,៨៩ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៨.៣៨០.២១៧នាក់ បានចេញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដាកន្លងទៅ។ ចំនួននេះគឺជាអត្រាដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងកំណត់ត្រានៃការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា៥អាណត្តិកន្លងមក។ អត្រានេះបានធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសមានចំណាត់ថ្នាក់លេខ២នៅលើពិភពលោកជាប្រទេសមានប្រជាពលរដ្ឋចេញទៅបោះឆ្នោតច្រើនជាងគេ។
លទ្ធផលបឋមបានបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រដល់ទៅជាង ៤,៨លានសំឡេង ដែលស្មើជាង៧៦ភាគរយ។ តាមការគណនាក្រៅផ្លូវការមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលបានអាសនៈក្នុងរដ្ឋសភា។ ឯគណបក្សទាំង១៩ទៀតទំនងជាមិនបានអាសនៈឡើយ។ បើគ្មានអ្វីប្រែប្រួលនោះទេ លទ្ធផលផ្លូវការស្តីពីការបែងចែងអាសនៈនឹងត្រូវប្រកាសនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨៕
Source: Kampuchea Thmey Daily
0 Comments