Ad Code

កីឡាករ ធា​រី ចន្ថា​ប៊ី​ន ជាប់​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​បរទេស​ឆ្នើម​នៅ​លី​គ​កំពូល​ម៉ាឡេស៊ី



ខ្សែបម្រើ​កណ្ដាល ធា​រី ចន្ថា​ប៊ី​ន សមាជិក​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​កំពុង​ប្រកប​អាជីព​នៅ​ក្លិប Teregganu FA សមាជិក​ពានរង្វាន់​លី​គ​កំពូល​ប្រទេស​ម៉ាឡេស៊ី (Malaysia Super League) រដូវ​កាល​ឆ្នាំ​២០១៨ ត្រូវ​បាន​គេ​សម្លឹង​ឃើញថា​ជា​កីឡាករ​បរទេស​ម្នាក់​ដែល​លេង​ធ្លោជាងគេ​ក្នុងចំណោម​៥​នាក់​។

សារព័ត៌មាន​កីឡា​អន្តរជាតិ foxsportsasia បាន​ជ្រើសរើស​កីឡាករ​៥​នាក់​ ដែល​ឆ្នើម​ជាងគេ​ប្រចាំ​លី​គ​កំពូល​ម៉ាឡេស៊ី ដោយ​ក្នុង​នោះ​មាន​កីឡាករ​ប្រេ​ស៊ី​ល Marcos Antonio របស់​ក្លិប​Johor Darul Ta'zim កីឡាករ កីឡាករ ធា​រី ចន្ថា​ប៊ី​ន របស់​កម្ពុជា​នៅ​ក្លិប Teregganu FA កីឡាករ​នី​ហ្ស​រី​យ៉ា​Ifedayo Olusegun របស់​ក្លិប Melaka United កីឡាករ​ប្រេ​ស៊ី​ល Paulo Josué របស់​ក្រុម Kuala Lumpur FA និង​កីឡាករ​ប្រេ​ស៊ី​ល Gilmar Jose របស់​ក្រុម​Perak FA​។

ពានរង្វាន់​លី​គ​កំពូល​ម៉ាឡេស៊ី មាន​ក្រុម​សរុប​ចំនួន​១២​ក្រុម​ដោយ​តម្រូវ​ឲ្យ​ក្រុម​ទាំងអស់​ប៉ះគ្នា​ចំនួន​២​លើក (២​ជុំ​) ហើយ​ក្រុម​ដែល​មាន​ពិន្ទុ​ច្រើនជាង​គេ​នៅ​ចប់​រដូវ​កាល​នឹង​ឈ្នះ​ជើងឯក​ព្រមទាំង​ទទួល​កៅអី​ឡើង​ទៅលេង​ក្នុង​ពានរង្វាន់ AFC Champion League 2019 ផងដែរ​។ តាម​គម្រោងការ​ប្រកួត​នឹង​បញ្ចប់​នៅ​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៨ ខាងមុខ មុន​ក្រុម​ជម្រើសជាតិ​របស់​ប្រទេស​នេះ​ត្រៀម​ប្រកួត​ក្នុង​ពានរង្វាន់ AFF Suzuki Cup 2018​។



សូម​បញ្ជាក់ថា ​កម្ពុជា មាន​កីឡាករ​ឆ្នើមៗ​ចំនួន​៤​រូប​ចេញទៅ​ប្រកប​អាជីព​នៅ​ពានរង្វាន់​លី​គ​កំពូល​ប្រទេស​ម៉ាឡេស៊ី នៅ​ដើមរដូវ​កាល​ឆ្នាំ​២០១៨ នេះ​ដោយ​ក្នុង​នោះ​មាន​កែវ សុខ​ផេង លេង​នៅ​ក្លិប PKNP FC កីឡាករ ចាន់ វឌ្ឍនាកា Panhag FA និង​កីឡាករ ធា​រី ចន្ថា​ប៊ី​ន ទៅកាន់​ក្លិប​Terengganu FC និង​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម លេង​នៅ​ក្លិប​Negeri Sembilan​។ ក្នុងចំណោម​អ្នក​ទាំង​៤​មានតែ​កីឡាករ កែវ សុខ​ផេង ប៉ុណ្ណោះ ដែល​រក​គ្រាប់​បាល់​បាន​មុនគេ​។ ប៉ុន្តែ​ពេលនេះ កែវ សុខ​ផេង ប្រាក់ មុន្នី​ឧ​ត្ត​ម និង ចាន់ វឌ្ឍនាកា ត្រូវបាន​ក្លិប​ដកចេញ​ពី​បញ្ជី​ក្នុង​ក្រុម ដោយ​នៅសល់តែ ធា​រី ចន្ថា​ប៊ី​ន ម្នាក់​ប៉ុណ្ណោះ​។

កីឡាករ ធា​រី ចន្ថា​ប៊ី​ន បាន​ធ្វើ​ដំណើរ​មក​កម្ពុ​ជា ដោយ​ចុះកិច្ចសន្យា​ជា​ក្លិប​ភ្នំពេញ​ក្រោ​ន​លើកដំបូង​កាលពី​ខែតុលា ឆ្នាំ​២០១២ កន្លងទៅ ដំណាលគ្នា​នឹង​មិត្តភក្ដិ​មកពី​បារាំង​ជាមួយគ្នា កុក បូរី​ស និង គួច ដា​នី បន្ទាប់ពី​ពួកគេ​បានធ្វើ​ដំណើរ​ជាមួយ​ក្រុមបាល់ទាត់​កូន​ខ្មែរ​-​អឺរ៉ុប ដែល​ដឹកនាំ​ដោយ​អតីត​វីរបុរស​បាល់ទាត់​ខ្មែរ ប៉ែន ផាត មក​ប្រកួត​នៅ​កម្ពុជា អំឡុង​ពាក់កណ្ដាល​ឆ្នាំ ២០១២​។ រូបគេ​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា តាំងពី​ឆ្នាំ​២០១៤ រហូតដល់​ខែតុលា ឆ្នាំ​២០១៧ ថ្មីៗ​នេះ។

​នៅ​ដើមរដូវ​កាល​ឆ្នាំ​២០១៧ រូបគេ​បាន​ចេញទៅ​ចូលរួម​ជាមួយ​ក្លិប Krabi FC សមាជិក​ពានរង្វាន់​លី​គ​លំដាប់​ទី​២​នៅ​ប្រទេស​ថៃ ខណៈ​នៅ​ពាក់​រដូវ​កាល​រូបគេ​បាន​ផ្លាស់​មកលេង​នៅ​កម្ពុជា វិញ​ជាមួយ​ក្លិប​អគ្គីសនី​កម្ពុជា​។ បើ​និយាយ​ពី​ការ​ប្រកប​អាជីព​ក្នុង​ក្លិប អំឡុង​ពេល​រួមរស់​ជាមួយ​ភ្នំពេញ​ក្រោ​ន កីឡាករ ធា​រី ធ្លាប់​លើក​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ចំនួន​២​ឆ្នាំ​ជាប់​គ្នា​មក​ហើយ គឺ​នៅ​ឆ្នាំ​២០១២ និង ២០១៦ ក្រោយ​ប្រកប​អាជីព​នៅ​កម្ពុជា ជាង​៤ ឆ្នាំ​ហើយ​គេ​ក៏​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​ភ្នំពេញ​ក្រោ​ន ឈ្នះ​ចំណាត់ថ្នាក់​លេខ​៣ នៃ​ពានរង្វាន់ Toyota Mekong Club Championship 2014 ផងដែរ​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu